Friday, November 29, 2024
Homeតារាខ្មែរទេព បូព្រឹក្ស សារភាពថា អ្នករាំរបស់នាងបានវាយគ្នាជាមួយអ្នករាំពេជ្រ សោភា មែន តែមិនធ្ងន់ធ្ងរទេ

ទេព បូព្រឹក្ស សារភាពថា អ្នករាំរបស់នាងបានវាយគ្នាជាមួយអ្នករាំពេជ្រ សោភា មែន តែមិនធ្ងន់ធ្ងរទេ

ទេព បូព្រឹក្ស ដែលអះអាងថា នាងមិនបានដឹង និងមិននៅក្នុងហេតុការណ៍ជម្លោះអ្នករាំរបស់នាង ឈ្មោះភីងគី បានវាយទៅលើអ្នករាំរបស់ពេជ្រ សោភា ឈ្មោះនិគី បណ្ដាលឲ្យរងរបួសទាំងសងខាង កាលពីរាត្រីថ្ងៃទី០៣ ខែវិច្ឆិការ  ចំថ្ងៃបុណ្យអុំទូកទី២ នៅក្រោយឆាកតន្ដ្រីខារ៉ាបាវ នៅសួនច្បារមុខវត្តបទុមវត្តី នោះ ស្រាប់តែក្រោយពេលដែលវេបសាយ ”នគរធំ” បានចេញព័ត៌មាននេះភ្លាម តារាចម្រៀងហង្សមាសរូបនេះ បានទូរស័ព្ទមកអ្នកយកព័ត៌មានយើងទាំងយប់ថា ក្រោយពេលចេញផ្សាយព័ត៌មាននេះមក ទើបនាងបានសួរទៅក្រុមរាំរបស់នាង ហើយពួកគេបានប្រាប់ថា ពិតជាមានរឿងតិចតួចបែបនេះកើតឡើងមែន តែមិនមែនធ្ងន់ធ្ងរនោះទេ។

បូព្រឹក្ស ថ្លែងប្រាប់ទាំងកណ្ដាលរាត្រីថា ”តាមពិតមិនមែនខ្ញុំមិនចង់ឲ្យចេញព័ត៌មាន ខ្ញុំចង់បិទព័ត៌មានអីនោះទេ តែមកពីមុនហ្នឹង ខ្ញុំអត់បានដឹងរឿងមែន ទើបខ្ញុំគិតថា គ្មានរឿងអីហ្នុង។ តែពេលបងឯងចេញព័ត៌មានហ្នឹងទៅ ខ្ញុំបានសួរទៅកូនចៅខ្ញុំដែលជាអ្នករាំ ហើយពួកគេបានប្រាប់ខ្ញុំថា មានរឿងមែន តែមិនជាធ្ងន់ធ្ងរដូចគេនិយាយនោះទេ។ អ្នករាំខ្ញុំមុនហ្នឹង អត់ប្រាប់ខ្ញុំទេ បានជាខ្ញុំមិនដឹងហ្នឹងបង! ហើយតាមពួកគេបានប្រាប់ខ្ញុំថា រឿងនោះមានការប្រតាយប្រតប់គ្នាមែន តែមិនមែនតែម្ខាងទេ គឺទៅវិញទៅមកហ្នឹង ហើយក៏មិនមែនមានតែក្រុមរាំព្រាប សុវត្ថិ ទេ ដែលបានឃើញនោះ តារាមួយចំនួនទៀតក៏បានឃើញដែរ តែមិនជារឿងធំទេបង។ ខ្ញុំគ្រាន់តែចង់សួរបងថា បើរឿងហ្នឹងធំដុំរបួសធ្ងន់មែន ម្ល៉េះប្រហែលជាបងភា និងនិគី ក៏មិននៅស្ងៀមដែរ។ ម្យ៉ាងទៀត សម័យនេះហើយ បើពួកគេឈ្លោះគ្នាខ្លាំង វាយគ្នាខ្លាំងមែន បែបបង្ហោះពេញ Youtube អស់ទៅហើយ តែហ្នឹងអត់ទេ គ្រាន់តែទាស់គ្នាតិចតួច ហើយខ្ញុំគិតថា រឿងអីចឹងបើតែម្ខាង ក៏មិនអាចទៅរួចដែរ គឺវាយគ្នាទៅមក”។

ទេព បូព្រឹក្ស ប្រាប់ថា ពេលនេះជម្លោះរវាងភីងគី ដែលជាអ្នករាំរបស់នាង ជាមួយអ្នករាំរបស់ពេជ្រ សោភា ឈ្មោះ និគី នោះ គឺពួកគេបានសម្របសម្រួលគ្នាចប់អស់ហើយ មិនមានបញ្ហាអីធំដុំ គុំគួនគ្នាទេ តែអារម្មណ៍នាងហាក់មិនល្អសោះ ព្រោះការចេញរឿងនេះនាំឲ្យអ្នកខ្លះនៅតែច្រឡំថា រវាងនាងនិងរៀមច្បង ពេជ្រ សោភា គឺមិនសូវត្រូវគ្នាមែន តែតាមពិត គឺនាងនិងពេជ្រ សោភា គឺរាប់អានគ្នាធម្មតាដូចតារាផ្សេងៗនៅហង្សមាស ដែរ។

ទេព បូព្រឹក្ស ហៅស្រីនិច្ច បន្ថែមថា ”កន្លងមក សារព័ត៌មានចុះអី ក៏ខ្ញុំមិនដែលប្រតិកម្មដែរបង បងឯងស្គាល់ខ្ញុំតាំងពីតូច ធ្លាប់ទៅផ្ទះខ្ញុំទៀត តើខ្ញុំដែលមានបញ្ហាអីជាមួយអ្នកកាសែតទេ ព្រោះខ្ញុំយល់ថា ពេលខ្លះការចុះផ្សាយរបស់អ្នកកាសែត ក៏ធ្វើឲ្យយើងល្បីថែមទៀតដែរ អីចឹងខ្ញុំមិនដែលតបតទេ។ តែរឿងថា ក្រុមរាំខ្ញុំទៅវាយក្រុមរាំបងភា នោះ គឺធ្វើឲ្យអ្នកដែលគេច្រឡំថា ខ្ញុំនិងបងភា មានបញ្ហាជាមួយគ្នាមែន ពិបាកអីចឹង តែការពិតខ្ញុំនិងគាត់អត់មានរឿងអីទេ គឺខ្ញុំរាប់អានគោរពបងភា ដូចតែបងឱក សុគន្ធកញ្ញា ដែរហ្នឹង។ ពេលខ្លះ ទៅក្រុមហ៊ុនជួបគ្នា ខ្ញុំជួបគាត់ បានសួរថា៖ “សុខសប្បាយទេបងភា?” គឺរាប់អានគ្នាដូចបងកញ្ញា ដែរហ្នឹង។ ប៉ុន្ដែមានពេលខ្លះពួកយើងសុទ្ធតែរវល់រៀងៗខ្លួន មិនសូវបានជួបគ្នាស្និទ្ធស្នាលគ្នាទេ ព្រោះប្រឹងតែរៀងៗខ្លួន”។

នាងភីងគី កូនក្រុមរបស់ទេព បូព្រឹក្ស

គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី២ នៃពីធីបុណ្យអុំទូក នៅពេលការប្រគំតន្ដ្រីខារ៉ាបាវរបស់ហង្សមាស ត្រូវបានបញ្ចប់នៅម៉ោង១១និង៣០នាទីយប់នោះ នៅខាងក្រោយឆាកតន្ដ្រីលើសួនច្បារមុខវត្តបទុមវត្តី នៅពេលដែលអាជ្ញាធរកំពុងតែរឹតបណ្ដឹងពីសុវត្ថិភាពមនុស្សរាប់រយនាក់ទៅទស្សនាការប្រគំតន្ដ្រីនៅពីមុខឆាក ព្រោះខ្លាចមានជម្លោះផ្ទុះឡើង ពិបាកគ្រប់គ្រងសា្ថនការណ៍នោះ ស្រាប់តែហ្វូងមនុស្សបែរជាផ្អើលឈូទៅមើលខាងក្រោយឆាកហង្សមាស ទៅវិញ ដោយសារមានការស្រែកថា មានមនុស្សឈ្លោះវាយតប់គ្នានោះ គឺអ្នករាំរបស់ទេព បូព្រឹក្ស ឈ្មោះភីងគី បានវាយទះកំផ្លៀង និងច្របាច់ករផង ទៅលើអ្នករាំរបស់ពេជ្រ សោភា ឈ្មោះនិគី បណ្ដាលឲ្យរងរបួសជាំពេញសាច់។

នាងនិគី អ្នករាំរបស់ពេជ្រ សោភា

ប្រភពបានឲ្យដឹងថា ភីងគី គឺជាមនុស្សប្រុសដែលតែងខ្លួនជាស្រី តែបានវាយទៅលើនិគី ជាមនុស្សស្រី គឺជាកំហុសដ៏ធំមួយ ហើយអ្នកខ្លះបានបន្ទោសទៅលើតារាចម្រៀងទេព បូព្រឹក្ស ថា មិនចេះអប់រំកូនក្រុមឲ្យបានល្អទៀតផង។ ប៉ុន្ដែបូព្រឹក្ស នៅតែអះអាងថា នាងពិតជាមិនបាននៅក្នុងហេតុការណ៍ផ្ទុះជម្លោះនោះមែនព្រោះជាធម្មតាតារាចម្រៀងច្រៀងចប់ គឺបើកលុយ ហើយអ្នកចម្រៀងបើកលុយឲ្យអ្នករាំទៅផ្ទះរៀងៗខ្លួន ហើយក្រុមរាំរបស់នាងព្យាយាមលាក់រឿងជម្លោះចម្រូងចម្រាសនោះដល់នាង ទើបធ្វើឲ្យនាងមិនបានដឹងរឿងឡើយ។ ទើបតែក្រោយព័ត៌មានចេញផ្សាយថា ក្រុមរាំទេព បូព្រឹក្ស វាយទៅលើអ្នករាំរបស់ពេជ្រ សោភា បានជាធ្វើឲ្យបូព្រឹក្ស មានការភ្ញាក់ផ្អើល ហើយជជីកសួរទៅអ្នករាំរបស់នាង ទើបពួកគេថា មានទំនាស់តិចតួច គឺមិនមែនម្ខាងវាយទៅម្ខាងទេ គឺវាយគ្នាទៅវិញទៅមក តែពេលនេះជម្លោះបានបញ្ចប់ទៅហើយ ព្រោះពួកគេមានការផ្សះផ្សាគ្នា។ ការអះអាងរបស់បូព្រឹក្ស នៅពេលនេះ ក៏លាងជម្រះព័ត៌មានដែលអ្នករាំម្នាក់បានបង្ហើបឲ្យដឹងថា នៅពេលដែលភីងគី វាយទៅលើនិគី នោះ តារាចម្រៀងពេជ្រ សោភា និងទេព បូព្រឹក្ស នៅក្នុងបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់ក្បែរនោះ និងឃើញហេតុការណ៍ដូចគ្នា តែពួកគេនៅស្ងៀមស្ងាត់ ហើយក្រោយមកបែរជាឮសំឡេងសើចរបស់បូព្រឹក្ស នោះដែរ ព្រោះបូព្រឹក្ស បញ្ជាក់ថា ពេលនោះនាងទៅផ្ទះបាត់ទៅហើយ៕

RELATED ARTICLES