Sunday, September 22, 2024
Homeតារាខ្មែរព្រះកាយច័ន្ទ ធ្លាយបញ្ហាទំនាស់ រំលាយក្រុមស្រីស្អាត

ព្រះកាយច័ន្ទ ធ្លាយបញ្ហាទំនាស់ រំលាយក្រុមស្រីស្អាត

ព្រះកាយច័ន្ទ បានសារភាពថា ពេលនេះក្រុមចម្រៀង Girl Girl គឺពិតជាមិនអាចសម្តែងដូចមុនបានទៀតឡើយ ព្រោះតែម្នាក់ៗមានភាពរវល់រៀងៗខ្លួន ហេតុនេះហើយ ទើបចេញម្នាក់ៗឯងសិន ប៉ុន្តែក្រុមទាំងមូលមិនទាន់រំលាយទេ…។

ព្រះកាយច័ន្ទ ធ្លាប់ដឹកនាំក្រុមចម្រៀងស្រីស្អាត Girl Girl ដែលមានសមាជិក គឺសុទ្ធតែជាស្រីស្អាតដល់ទៅ៤រូប គឺនាងយ៉ានុត, ដាណា, ជេស៊ី និងរូបនាងផ្ទាល់ធ្លាប់ឡើងអុកឡុកតាមឆាកតន្ត្រីនោះ គឺបានតែមួយប្រាវក៏ស្ងប់ស្ងាត់ទៅវិញ ហើយសមាជិកទាំងឡាយលែងឡើងច្រៀងជាក្រុមទៀតហើយ គឺបែរជាច្រៀងតែម្នាក់ៗឯងវិញ ទើបធ្វើឱ្យមានការលេចឮថា ក្រុម Girl Girl ត្រូវបានរំសាយវិញ ព្រោះសមាជិកទាំង៤ មានការខ្វែងគំនិតគ្នា មិនអាចចាប់ដៃគ្នាច្រៀងលើឆាកដូចមុនបានទៀតឡើយ។

ក្នុងជំនួបកាលពីពេលថ្មីៗនេះ ព្រះកាយច័ន្ទ បានទទួលស្គាល់ថា ពេលនេះគឺក្រុម Girl Girl គឺពិតជាមិនអាចឡើងច្រៀងជាក្រុមដូចមុនបានទៀតមែន ព្រោះថាម្នាក់ៗមានភាពរវល់រៀងៗខ្លួន បានជាតម្រូវឱ្យច្រៀងម្នាក់ៗឯងសិន តែក្រុមទាំងមូលមិនទាន់រំលាយដូចការលេចឮនោះទេ។ តារារាងស្វែលខ្ពស់ស្រឡះរូបនេះឱ្យដឹងថា “មានបញ្ហាទំនាស់អីទេបង! ក្រុម Girl Girl មានទាន់រំលាយឯណា? និយាយទៅ អត់ទាន់រំសាយអីទេ តែការដែលក្រុមខ្ញុំមិនទាន់អាចច្រៀងសម្តែងជាក្រុមជាមួយគ្នាបានដូចមុននោះ ព្រោះតែយើងម្នាក់ៗមានការរវល់ហ្នឹងតែម្តង ហើយក្នុងចំណោមនោះ ក៏មានម្នាក់ជាប់ធ្វើការនៅព្រលានយន្តហោះដែរ អីចឹងមិនចេះតែចង់ឡើងឆាកបានជាមួយគ្នានោះទេ។ ខ្ញុំក៏មិនទាន់សន្យាថា ពេលណាទើបក្រុមយើងអាចនឹងឡើងច្រៀងជាមួយគ្នាដូចមុនទៀតដែរ គឺវាអាស្រ័យទៅលើពេលវេលាហ្នឹងឯង”។

តាមព័ត៌មានថា ក្រោយពេលដែលព្រះកាយច័ន្ទ ខកចិត្តរឿងមិនអាចនាំក្រុម Girl Girl ធ្វើព្យុះភ្លៀងបាននោះ ដោយសារតែម្នាក់ៗហាក់មិនមានចិត្តមួយថ្លើមមួយនោះ ពេលនេះ ព្រះកាយច័ន្ទ បានងាកទៅចុះកុងត្រាផ្តាច់ខ្លួនក្នុងការថតភាពយន្តភាគឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទៅហើយ ដោយមិនអាចថតឱ្យប៉ុស្តិ៍ណាផ្សេងទៀតនោះទេ ព្រោះតែនាងជាប់កុងត្រាជាមួយប៉ុស្តិ៍លេខ៥ ហើយទទួលបានប្រាក់ខែ៥០០ដុល្លារ ជារៀងរាល់ខែ បើទោះជាមិនបានថតរឿងក៏ដោយ។

ព្រះកាយច័ន្ទ បន្ថែមថា “ខ្ញុំពិតជាមានកុងត្រាជាមួយប៉ុស្តិ៍លេខ៥ មែន ក្នុងការថតរឿងភាគ គឺកុងត្រារយៈពេល៣ឆ្នាំហើយ ខ្ញុំមិនអាចថតឱ្យប៉ុស្តិ៍ណាផ្សេងបានទេ សម្រាប់រឿងភាគ។ តែចំពោះការថតជារឿងដុំ ស្ពតអី អត់បញ្ហាទេ ថតឱ្យខាងណាក៏បានដែរ និយាយទៅ គេហាមតែថតរឿងភាគទេ។ ក្នុងលក្ខខណ្ឌនៃការកុងត្រា គឺក្នុង១ឆ្នាំ ប៉ុស្តិ៍លេខ៥ បានឱ្យខ្ញុំថតយ៉ាងហោចណាស់៣រឿងដែរ ហើយគឺជាតួឯក អីចឹងខ្ញុំគិតថា បើខ្ញុំថតនៅខាងក្រៅ ក៏គ្មានពេលថតលើសពី៣រឿងដែរ សម្រាប់រឿងភាគ ក្នុង១ឆ្នាំ ទើបខ្ញុំចុះកុងត្រាជាមួយគាត់ ហើយអ្វីជាពិសេសនោះ គឺខ្ញុំពេញចិត្តក្នុងការធ្វើការងារជាមួយគាត់ ព្រោះតែការថតរឿងមានក្រុមការងារខ្មែរ និងថៃ សហការគ្នាផលិតរឿងភាគ អីចឹងខ្ញុំបានទទួលបទពិសោធន៍ច្រើនពីក្រុមការងារបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥នេះ។ ពេលនេះ ខ្ញុំកំពុងតែជាប់ថតរឿង “ទណ្ឌកម្មស្នេហ៍” ឱ្យប៉ុស្តិ៍លេខ៥ ដែលមានលោកឆាន្នី ជាតួឯកប្រុស តែខ្ញុំមិនអាចនិយាយបានថា ប្រាក់ខែកុងត្រានោះបានប៉ុន្មានទេ”៕

RELATED ARTICLES