នៅក្នុងពិធីបើកដំណើរការសាកល្បងផ្សារអាម៉ាហ្សូន កុងតឺន័រ នៅម្ដុំទួលសង្កែ កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ អ្នកនាងមាស សុខសោភា រួមទាំងតារាចម្រៀង តារាកំប្លែង តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានធ្វើឲ្យកក្រើកឆាកតន្ត្រីនៅក្នុងព្រឹត្តិការណ៍នោះ ខណៈដែលបានទាក់ទាញអ្នកចូលរួមទស្សនាផ្ទាល់រាប់ពាន់នាក់។
លោកឧកញ៉ា ធី ឬទ្ធីសី អគ្គនាយកផ្សារអាម៉ាហ្សូន កុងតឺន័រ បានថ្លែងឲ្យដឹងថា នេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះសម្រាប់ការបើកវេទិកាឲ្យសិល្បករជួបអ្នកគាំទ្រពួកគេដោយផ្ទាល់។
លោកថា នៅមានកម្មវិធីពិសេសៗ និងតារាចម្រៀង តារាសម្តែង តារាកំប្លែងជាច្រើនទៀត នឹងបង្ហាញវត្តមាននៅទីនេះ។ លោកបញ្ជាក់ថា លោកនឹងបើកឱកាសសម្រាប់សិល្បករ និងអ្នកគាំទ្ររបស់ពួកគេជារៀងរាល់ថ្ងៃផងដែរ។ លោកថា មូលហេតុនៃការបើកដំណើរការផ្សារនេះ ព្រោះតែសង្កេតឃើញពីតម្រូវការរបស់ក្រុមយុវជនដែលនិយមចូលចិត្តទីផ្សារដែលប្លែក នៅទីនេះជាតំបន់ប្រជុំជន ហើយនៅទីនេះមានជាង១២៦តូប មានបម្រើសេវាកម្មច្រើនទាំងលក់សម្លៀកបំពាក់ ហាងSalon ហាងលក់វត្ថុអនុស្សាវរីយ៍ ពិសេសអាហារដ្ឋាន ដែលអបមដោយក្រុមតន្ត្រីករ សិល្បករល្បីឈ្មោះលេង និងច្រៀងកំដរ ជារៀងរាល់ថ្ងៃ បូករួមទាំងការចាប់រង្វាន់ជារៀងរាល់ខែផងដែរ។ លោកឧកញ៉ា បញ្ជាក់ថា ផ្សារនេះស្ថិតក្រោមទុនវិនិយោគប្រមាណជាង៦០ម៉ឺនដុល្លារអាមេរិក ក្រោមការរៀបចំរចនាប្រកបដោយភាពទាក់ទាញខ្លាំង ហើយពេលនេះ គឺពិតជាទទួលបានការចាប់អារម្មណ៍លើសពីការរំពឹងទុក។
អ្នកជំនួញវ័យក្មេងរូបនេះលើកឡើងដែរថា លោកក៏មានគម្រោងពង្រីកអាជីវកម្មមួយចំនួនទៀតនៅថ្ងៃខាងមុខ ដើម្បីបម្រើការកម្សាន្ត ផ្តល់ឱកាសការងារ ពង្រីកសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។ លោកឧកញ៉ា រំពឹងថា ប្រជាជនខ្មែរ និងក្រុមយុវវ័យនឹងទទួលបានការការកម្សាន្តថ្មីប្លែក ជាមួយនឹងការជួបជុំ សម្រាកលម្ហែអារម្មណ៍ពេលបញ្ចប់ការងាររួច។
នៅក្នុងព្រឹត្តិការណ៍ដ៏កក្រើកនោះតារាល្បីៗដែលចូលរួម មានដូចជា តារាចម្រៀងមាស សុខសោភា, លោកខាត់ ជេមស៍, នាយចឺម, កញ្ញាវ៉ាន់ នីឡា, កញ្ញារ៉េត ស៊ូហ្សាណា និងតារាកំប្លែង នាយកុយ, នាយក្រឹម, លោក ប៉ីប៉ី ឌី, DJ កាកា និងសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតខណៈដែលសិល្បករទាំងអស់សុទ្ធតែបង្ហាញអារម្មណ៍រីករាយនឹងការជួបជាមួយអ្នកគាំទ្រមួយនឹងទិដ្ឋភាពផ្សារ និងការរៀបចំឆាកប្លែកសម្រាប់ព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ដែរថា ផ្សារ អាម៉ាហ្សូន កុងទីន័រ (Amazon Continuer) ខាងលើមានទីតាំងស្ថិតនៅ ជិតផ្សាសាំហាន់ រឺផ្សារទួលសង្កែថ្មី សង្កាត់ទួលសង្កែ ។ ផ្សារនេះនឹងប្រកាសបើកដំណើរការជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ ក្រោមទុនវិនិយោគជាងកន្លះលានដុល្លារអាមេរិក ដោយមិនបូកបញ្ចូលថ្លៃទីតាំង៕