Friday, November 29, 2024
Homeតារាខ្មែរកុមារពិការភ្នែក ហៀក និត ស្រក់ទឹកភ្នែក ពេលលោកចា រិទ្ធី ជូនកាដូហ្គីតា និងTapblet

កុមារពិការភ្នែក ហៀក និត ស្រក់ទឹកភ្នែក ពេលលោកចា រិទ្ធី ជូនកាដូហ្គីតា និងTapblet

អ្នកគ្រប់គ្រងកម្មវិធីសិល្បៈរបស់ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ លោកចា រិទ្ធី ដែលធ្លាប់ផ្ដល់ឱកាសឲ្យកុមារាធឿន បូរី បានឡើងច្រៀងលើឆាកតន្ដ្រី រហូតល្បីឈ្មោះមកដល់ពេលនេះ ព្រមទាំងអនុញ្ញាតឲ្យកម្មករសំណង់ខ្មែរម្នាក់ នៅថៃ អ្នកស្រីផាន់ ស៊ីណា ឡើងច្រៀងលើឆាកតន្ដី្រអាស៊ីអាគ្នេយ៍ ដោយទទួលបានការគាំទ្រច្រើនពីមហាជននោះ កាលពីថ្ងៃទី១១ និង១២ ខែវិច្ឆិកា នោះ លោករិទ្ធី បានផ្ដល់ឱកាសឲ្យកុមារាពិការភ្នែកម្នាក់ ឈ្មោះហៀក និត បានឡើងច្រៀងនៅឆាកតន្ដ្រី AD និងខារ៉ាបាវ ផងដែរ ព្រោះតែកុមារានិត មានទេពកោសល្យពិសេសដែលអាចច្រៀង និងលេងហ្គីតាបានដោយខ្លួនឯង។

លោកចា រិទ្ធី ដែលជាអ្នកដឹកនាំកម្មវិធីប្រគំតន្ដ្រីរបស់ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ បានថ្លែងថា ”ខ្ញុំឃើញប្អូនប្រុសហៀក និត តាម Facebook ដែលប្អូនអាចលេងឧបករណ៍តន្ដ្រីបាន និងច្រៀងពិរោះទៀត អីចឹងហើយបានជាយើងផ្ដល់ឱកាសឲ្យគាត់បានឡើងបង្ហាញសមត្ថភាព ទេពកោសល្យដែលគាត់មាន ដោយខ្ញុំជាអ្នកទទួលការស្នាក់នៅរបស់គាត់នៅសណ្ឋាគារបស់ខ្ញុំ និងផ្ដល់ថវិកាសមរម្យដល់ប្អូនប្រុសផងដែរ។

នេះមិនមែនជាលើកទី១ទេ គឺអាស៊ីអាគ្នេយ៍ បានផ្ដល់ឱកាសជាច្រើនលើកមកហើយ ចំពោះអ្នកដែលមានទេពកោសល្យចង់បង្ហាញនូវអ្វីដែលគាត់មានតាមរយៈកម្មវិធីប្រគំតន្ដ្រី ទោះជាពួកគាត់ពិការភ្នែកក៏ដោយ គឺឲ្យតែមានចំណុចពិសេសទេពកោសល្យបង្ហាញជូនបងប្អូន គឺយើងអនុញ្ញាតដោយគ្មានការរើសអើងទេ”។

ហៀក និត មានអាយុ១៦ឆ្នាំ ជាអតីតបេក្ខភាព Cambodia Got Talent ដែលឈានដល់សប្ដាហ៍ Live Show សប្ដាហ៍ទី២ និងធ្លាប់ឡើងច្រៀងតាមប៉ុស្ដិ៍ CTN ផងដែរ។

ហៀក និត ជាក្មេងដែលឪពុកម្ដាយស្លាប់ចោលតាំងពីតូច ហើយពេលនេះរូបគេរស់នៅអង្គការគ្រួសារថ្មី នៅស្រុកអង្គរជុំ ឃុំចារឈូក ភូមិគោក ខេត្តសៀមរាប។ សៀក និត រៀនអក្សរស្ទាប និងចេះលេងព្យាណូ ហ្គីតាបាស ហើយរូបគេបានបង្ហោះតាមហ្វេសប៊ុកនូវបទចម្រៀងដែលគេច្រៀង និងលេងហ្គីតារដោយខ្លួនឯង ដូចជាបទ ”អារហាម”, ”បុណ្យភូមិ” ជាដើម ទើបធ្វើឲ្យលោកចា រិទ្ធី ពេញចិត្តប្រកាសហៅឡើងច្រៀង។

កុមារាពិកាភ្នែកហៀក និត រៀបរាប់ថា ”ខ្ញុំរៀនព្យាណូ៩ខែ ទើបអាចចេះលេងបាន តែហ្គីតា ខ្ញុំរៀនពីមិត្តភក្ដិទេ។ ខ្ញុំចូលចិត្តច្រៀងបទលោកតាស៊ីន ស៊ីសាមុត កែវ សារ៉ាត់ ជាដើម។ សម្រាប់បទសម័យ គឺខ្ញុំចូលចិត្តបទនាយចឺម ព្រោះនាយចឺម ច្រៀងសំឡេងខ្ពស់ណាស់ ដូចជាបទ ”អារហាម” និងបទ ”នរក១៨ជាន់” ជាដើម។ នៅថ្ងៃអនាគត ខ្ញុំចង់ក្លាយទៅជាគ្រូអក្សរសាស្រ្ដខ្មែរ និងជាអ្នកចម្រៀងអាជីពម្នាក់ បើសិនជាអាចនោះ”។

នៅពេលដែលកុមារាហៀក និត ច្រៀងបទ ”សុំទោស” ចប់ ហើយរូបគេលេងព្យាណូដោយខ្លួនឯងនោះ ពិធីករប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ បានសួរកុមារាសៀក និត ថា តើមានបំណងចង់បានអ្វីតាំងពីតូចមក ហើយភ្លាមនោះ កុមារាពិការភ្នែករូបនេះបានឆ្លើយថា ”ក្ដីស្រមៃរបស់ខ្ញុំ គឺចង់បានហ្គីតាមួយ និងTap blet មួយសម្រាប់រៀន និងលេង ដើម្បីឲ្យមានការរីចម្រើនជាងនេះទៀត។ នៅពេលដែលសៀក និតនិ យាយចប់នោះ ស្រាប់តែគេឃើញជំនួយការលោកចារិទ្ធី បានយកហ្គីតា និងTap blet ដ៏ថ្មីសន្លាង នៅក្នុងស្រោមនោះទៅឲ្យសៀក និត ស្ទាប ហើយប្រាប់ថា នេះគឺជាអំណោយរបស់លោកចា រិទ្ធី ជូនប្អូនដើម្បីឲ្យប្អូនបានសម្រេចក្ដីស្រម៉ៃ…។

កុមារាហៀក និត បានលើកដៃដប់សំពះអរគុណលោកចា រិទ្ធី ទាំងរលេងរលោងទឹកភ្នែកថា ”ខ្ញុំពេញចិត្តខ្លាំងណាស់ចំពោះអំណោយរបស់លោកចា រិទ្ធី ហើយខ្ញុំសូមជូនពរគាត់ឲ្យមានសុខភាពល្អ សម្រស់កាន់តែក្មេង និងជោគជ័យគ្រប់ភារកិច្ច”។

លោកចា រិទ្ធី ថ្លែងថា “នោះគឺជាទឹកចិត្តដ៏តិចតួចរបស់លោក ព្រោះលោកមានការអាណិតកុមារាហៀក និត ហើយពេញចិត្តនូវទេពកោសល្យរបស់គេ គឺមានតែផ្ដល់នូវអ្វីដែលគេចង់បាន ដើម្បីឲ្យប្អូនប្រុសមានការអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត តែលោករិទ្ធី មិនបញ្ជាក់ថា លោកចំណាយទឹកប្រាក់អស់ប៉ុន្មានសម្រាប់ការទិញកាដូជូនសៀក និត ឡើយ។

ជំនួយការលោកចា រិទ្ធី ម្នាក់ បានបង្ហើបឲ្យដឹងថា គិតទាំងការឡើងប៉ុស្ដិ៍ និងការស្នាក់នៅ រួមទាំងកាដូជូនកុមារាហៀក និត នោះ លោកចា រិទ្ធី ចំណាយថវិកាផ្ទាល់ខ្លួនមិនក្រោម១ពាន់ដុល្លារឡើយ ព្រោះហ្គីតា និងTap Blet ដែលលោកទិញនោះ គឺជារបស់ល្អហើយថ្លៃ៕

RELATED ARTICLES