Friday, November 29, 2024
Homeតារាខ្មែរពេជ្រ ចរណៃ ត្រូវដេករង់ចាំថ្ងៃស្លាប់? (មានវីដេអូ)

ពេជ្រ ចរណៃ ត្រូវដេករង់ចាំថ្ងៃស្លាប់? (មានវីដេអូ)

តារាសម្ដែងរូបស្រស់ និងជាសិស្សក្បាច់គុណល្បុកតោ កញ្ញាពេជ្រ ចរណៃ ដែលមានជំងឺដាច់សរសៃប្រើសបេះដូង ហើយត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ នោះ កំពុងប្រឈមអាយុជីវិត ដោយសារតែពុំមានលទ្ធភាពវះកាត់ ខណៈដែលពុំទទួលបានជំនួយពីសប្បុរសជននានា។

ក្រោយពេលធ្លាក់ខ្លួនឈឺធ្ងន់ កញ្ញាពេជ្រ ចរណៃ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយរំពឹងលើផលិតកម្មទេពនិករ ប្រកាសស្វែងរកជំនួយពីសម្បុរជននានា ដើម្បីឲ្យនាងទទួលបានការវះកាត់ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ទទួលបានការជ្រោមជ្រែងពីអ្នកមានចិត្តធម៌ណាមួយនៅឡើយទេ គឺនាងកំពុងស្នាក់នៅផ្ទះជួលតូចមួយនៅប្រទេសថៃ ដោយប្រើថ្នាំពន្យារជីវិតហាក់មិនខុសពីទន្ទឹងរង់ចាំថ្ងៃស្លាប់នោះទេ។

លោកគ្រូវីរៈ ដែលជាគ្រូបង្វឹកផ្នែកល្បុកតោ និងជាអ្នកចេញមុខប្រកាសស្វែងរកជំនួយជួយលើការវះកាត់ជំងឺបេះដូងពេជ្រ ចរណៃ ដែរនោះ បានថ្លែងឲ្យដឹងថា រហូតមកទល់ពេលនេះមិនទាន់មានសប្បុរសជនណាជួយដល់កញ្ញាពេជ្រ ចរណៃ នៅឡើយទេ ខណៈដែលស្ថានភាពជំងឺរបស់នាងពន្យារលែងចង់បាន។ លោកថា គ្រួសារពេជ្រ ចរណៃ សម្រេចចិត្តបញ្ជូននាងចេញទៅព្យាបាលនៅប្រទេសថៃ គឺរំពឹងលើផលិតកម្មទេពនិករ អំពាវនាវស្វែងរកជំនួយលើការវះកាត់របស់នាងបាន ត្បិតអីផលិតកម្មនេះមានទំនាក់ទំនងជាមួយអ្នកមានមុ​ខមានមាត់ច្រើននៅក្នុងសង្គម ប៉ុន្តែរហូតមកទល់ពេលនេះ នៅតែគ្មានតម្រុយ។ ដូច្នេះដំណាក់កាលនេះ មិនខុសពីដេករង់ចាំស្លាប់នោះទេ ព្រោះគ្មានលុយសម្រាប់វះកាត់។

លោកគ្រូវីវៈ បញ្ជាក់ថា សម្រាប់លោកនិងកូនសិស្សល្បុកតោទាំងអស់ មានតែបន្តការអំពាវនាវបន្តទៀត ដើម្បីស្វែងរកអ្នកមានចិត្តធម៌ជួយដល់នាង។

ដោយឡែក ផលិតកម្មទេពនិករ ក៏បានប្រកាសនៅលើផេករបស់ខ្លួនដែរថា ផលិតកម្មបានខ្នាក់ខ្នែងដាក់លិខិតសុំជំនួយពីមន្ត្រីជាន់ខ្ពស់មួយចំនួន ដើម្បីសុំជំនួយជួយដល់ពេជ្រ ចរណៃ ផងដែរ ប៉ុន្តែមិនទទួលបានការចាប់អារម្មណ៍ពីអ្នកមាន​លុយណាអើពើជួយដល់នាងនៅឡើយទេ។

គួរបញ្ជាក់ថា កញ្ញាពេជ្រ ចរណៃ ដែលមានជីវភាពខ្វះខាតបានធ្លាក់ខ្លួនឈឺធ្ងន់ ដោយបានដាច់សរសៃប្រើសបេះដូង ខណៈដែលម្ដាយរបស់នាងមានជំងឺដុះសាច់ក្នុងខួរក្បាល ហើយពេលនេះថ្លៃការវះកាត់របស់នាងត្រូវចំណាយខ្ទង់៤ម៉ឺនដុល្លារឯណោះ។

មិត្តភក្ដិក្នុងសិល្បៈជាច្រើនរួមទាំងមជ្ឈដ្ឋានមួយចំនួនផងដែរ បានបង្ហាញពីអារម្មណ៍សង្វេគចិត្តនៅពេលដឹងពីស្ថានភាពជំងឺរបស់ពេជ្រ ចរណៃ ធ្ងន់ធ្ងរដល់ដំណាក់កាលនេះ ហើយក៏មានការសំណូមពរឲ្យលោកឧកញ៉ាៗដែលមានចិត្តធម៌មួយចំនួន ជួយដល់នាងផងគឺមិនចង់ឃើញនាងដេករង់ចាំស្លាប់នៅប្រទេសថៃ ដោយគ្មានលទ្ធភាពវះកាត់នោះទេ៕

RELATED ARTICLES