Sunday, September 22, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា ស្នេហ៍លោកថៅកែ របូតតំណែងជំទាវ

ម៉ាក សែនសូនីតា ស្នេហ៍លោកថៅកែ របូតតំណែងជំទាវ

បន្ទាប់ពីសាយភាយដំណឹងស្នេហ៍ជាមួយលោកប៉ុល វិបូ ហៅនីត ថៅកែផលិតកម្មអង្គរភិចឈ័រ និងល្បីរួមរស់ជាមួយគ្នាផងនោះ តាមដំណឹងថា បុរសសម្បូរទ្រព្យមួយចំនួន រួមទាំងឧកញ៉ាម្នាក់ផង បានដកថយលែងហ៊ានតាមក្រវែលសុំស្នេហ៍តូតា ដែលធ្វើឱ្យនាងរបូតងារជំទាវ…។

ក្នុងចំណោមតារាស្រីល្បីឈ្មោះប្រហាក់ប្រហែលកញ្ញាម៉ាក សែនសូនីតា ហៅតូតា មានតែនាងម្នាក់ទេ ដែលបោកផ្ទប់នឹងដំណឹងស្នេហាមិនឈប់ឈរ ដែលត្រូវបានគេដឹងថា មានបុរសចម្រុះឋានៈជាច្រើនតាមចែចង់នាង មានទាំងមន្ត្រីធំ ឧកញ៉ា អ្នកជំនួញ មន្ត្រីប៉ូលិស និងប្អូនប្រុសទឹម រដ្ឋា គឺលោកនីអូ ជាដើម ហើយចុងក្រោយនេះ កំពុងល្បីសុសសាយជាប់អន្ទាក់ស្នេហ៍ថៅកែផលិតម្មអង្គរភិចឈ័រ លោកនីត ថែមទាំងល្បីថា បានរួមរស់ជាមួយគ្នាទៀតផង។

យ៉ាងណា ខណៈដែលកំពុងលេចជ្រាបដំណឹងនេះ តាមព័ត៌មានចុងក្រោយថា តូតា បានធ្វើឱ្យបុរសៗអ្នកមានជាច្រើនស្តាយស្នេហ៍ រួមទាំងលោកឧកញ៉ាម្នាក់ផង ក៏បានដកថយ លែងហ៊ានបោះនុយធំស្ទូចបេះដូចនាងទៀតដែរ។

តាមប្រភពពីតារាសម្តែងម្នាក់ដែលកៀកកិតជាមួយកញ្ញាតូតា បានបង្ហើបឱ្យដឹងថា លោកឧកញ៉ាម្នាក់ដែលធ្លាប់តាមស្រលាញ់តូតា ជាយូរមកហើយនោះ បានដកចិត្តស្នេហ៍នៅពេលដឹងថា នាងមានទំនាក់ទំនងស្នេហ៍ស្អិតល្មួតជាមួយលោកនីត ថែមទាំងហ៊ានបណ្តើរគ្នាដោយបើកចំហផងនោះ។

ប្រភពខាងលើបន្ថែមថា លោកឧកញ៉ារូបនោះ គ្រោងជួយផ្គត់ផ្គង់នាងគ្រប់យ៉ាងឱ្យហ៊ឺហា រស់នៅលើគំនរទ្រព្យស្តុកស្តម្ភ ប៉ុន្តែនៅពេលតូតា សម្រេចចិត្តភ្ជាប់ស្នេហ៍ជាមួយថៅកែផលិតកម្មអង្គរភិចឈ័រ លោកឧកញ៉ាក៏បានបង្ខំចិត្តដកថយវិញ។

ប្រភពនោះថា តូតា ខាតលាភធំ នៅពេលលេចជ្រាបដំណឹងស្នេហ៍ជាមួយលោកនីត ពោលគឺបើនាងព្រមទទួលស្នេហ៍ឧកញ៉ា នឹងបានធ្វើជំទាវ ដោយមិនចាំបាច់ខ្វល់ពីអាជីពសិល្បៈប្រាក់ល្អិតទៀតទេ។

យ៉ាងណា ប្រភពផ្សេងទៀតលើកឡើងថា តូតា ជ្រើសថៅកែចោលស្នេហ៍ឧកញ៉ា ក៏ព្រោះតែនាងមិនចង់ធ្វើជំទាវលាក់មុខរស់នៅក្នុងស្ថានភាពភ័យព្រួយ ត្បិតអីលោកឧកញ៉ារូបនោះ ពុំមែននៅទំនេរដូចលោកនីត ទេ គឺមានប្រពន្ធ និងកូនប្រុសស្រី២នាក់រួចទៅហើយ។ ហេតុនេះហើយទើបតូតា មិនស្តាយងារជំទាវ។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីកញ្ញាតូតា បានទេ ហើយយើងនឹងរង់ចាំទទួល ការបកស្រាយពីនាងជានិច្ច។

ក្រោយពេលសាយភាយដំណឹងស្នេហ៍ជាមួយលោកនីត និងល្បីរួមរស់ជាមួយគ្នា ផងនោះ កញ្ញាតូតា ហាក់មិនខ្វល់ខ្វាយចេញមុខបកស្រាយទេ ហើយកាន់តែបណ្តើរគ្នាដោយបើកចំហ។ តាមដំណឹងថា ពុំមែនតែលោកឧកញ៉ាម្នាក់ទេ ដែលដកថយលែងហ៊ានតាមថ្ពក់ស្នេហ៍នាង គឺមានបុរសៗចម្រុះឋានៈជាច្រើនទៀត បានស្តាយស្នេហ៍នាង រួមទាំងលោកនីអូ ប្អូនប្រុសទឹម រដ្ឋា ផងដែរ ដែលធ្លាប់ពិសោធស្នេហ៍គ្នាជាច្រើនឆ្នាំនោះ បានឈានដល់ផ្លូវបំបែកត្រឹមពាក់កណ្តាលផ្លូវ។

នាពេលចុងក្រោយនេះ កញ្ញាតូតា កាន់តែហ៊ឺហា បានផ្លាស់ប្តូររថយន្តទំនើបជាបន្តបន្ទាប់ ដែលអ្នកខ្លះថា លោកនីត ជួយជ្រោមជ្រែងនាង ប៉ុន្តែតូតា ធ្លាប់អះអាងថា អ្វីដែលនាងមានជាកម្លាំងញើសឈាមរបស់នាង និងគ្រួសារ ត្បិតអីម្តាយរបស់នាងជាអាជីវករលក់គ្រឿងអលង្ការនៅផ្សារតាខ្មៅ។ នាងពុំបានទទួលការជ្រោមជ្រែងពីបុរសណាម្នាក់ទេ។

មុននេះបន្តិច មានដំណឹងថា តូតា បានធ្វើឱ្យអតីតសង្សារក្មេង ប្អូនប្រុសទឹម រដ្ឋា កកឈាមក្នុងបេះដូង ស្រក់ទឹកភ្នែក នៅពេលឃើញតូតា បណ្តើរលោកនីត ផ្ទាល់ភ្នែក យ៉ាងស្អិតល្មួត ខណៈដែលតូតា លែងខ្វល់ពីសង្សារក្មេង ដែលធ្វើឱ្យស្នេហារបស់ពួកគេឈានដល់ផ្លូវបំបែក។

យ៉ាងណាក៏ដោយ ក្រោយពេលធ្វើឱ្យបុរសៗជាច្រើនខកចិត្ត ដោយសុខចិត្តជ្រើសស្នេហ៍ថៅកែ ដោយមិនខ្វល់ពីជំទាវផងនោះ មកទល់ពេលនេះ គេមិនទាន់ដឹងថា ទំនាក់ទំនងស្នេហ៍រវាងតូតា ជាមួយលោកនីត នឹងអាចឈានដល់ចំណងអាពាហ៍ពិពាហ៍ឬយ៉ាងណានោះទេ ខណៈដែលសម្ព័ន្ធភាពកាន់តែស្អិតល្មួត តែមិនទាន់មានការបង្ហើបពីគម្រោងរៀបការ៕

RELATED ARTICLES