Sunday, September 22, 2024
Homeតារាខ្មែរនី មុនីនាថ ស្នើសុំអន្តរាគមន៍ពីអ្នកនាងចន ច័ន្ទលក្ខិណា តតាំងបណ្តឹងអតីតគូដណ្តឹង

នី មុនីនាថ ស្នើសុំអន្តរាគមន៍ពីអ្នកនាងចន ច័ន្ទលក្ខិណា តតាំងបណ្តឹងអតីតគូដណ្តឹង

ភ្នំពេញ ៖ តារាទឹកភ្នែកល្បីឈ្មោះ នី មុនីនាថ ដែលត្រូវបានអតីតគូដណ្តឹង គឺលោកអ៊ឹង សូឡាង ដាក់ពាក្យបណ្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងចោទបោកប្រាស់ប្រាក់អស់មួយចំនួនធំ និងថែមទាំងបានទាមទារសំណងរហូតដល់ទៅ១២ម៉ឺនដុល្លារនោះ ពេលនេះរកមេធាវីមកតតាំងក្តីជាមួយអតីតគូដណ្តឹងរបស់ខ្លួនបានហើយ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីសមាគមសិល្បករខ្មែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តារាទឹកភ្នែកនី មុនីនាថ បានដាក់ពាក្យស្នើសុំទៅអ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ឱ្យជួយពឹងពាក់មេធាវីមួយរូប ដើម្បីការពារក្តីឱ្យនាង ក្នុងវិវាទជាមួយលោកអ៊ឹង សូឡាង ដែលជាអតីតគូដណ្តឹង។

ពាក្យស្នើសុំរបស់កញ្ញានី មុនីនាថ មាន ខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

នាងខ្ញុំឈ្មោះនី មុនីនាថ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩០ កាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ៖ ០១០៦៧ ៥០២១ មុខរបរសិល្បការិនី លំនៅបច្ចុប្បន្ននៅផ្ទះលេខ២៨៥ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមគោរពជូន

លោកស្រីប្រធានសមាគមសិល្បករខ្មែរ

កម្មវត្ថុ ៖ សំណើសុំឱ្យសមាគមសិល្បករខ្មែរ ជួយពឹងពាក់មេធាវីមួយរូប ដើម្បីការពារក្តីឱ្យនាងខ្ញុំ ក្នុងវិវាទនៅតុលាការ ជាមួយឈ្មោះអ៊ឹង សូឡាង។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ នាងខ្ញុំមានកិត្តិយសសូមជម្រាបជូនលោកស្រីប្រធាន មេត្តាជ្រាបថា ៖ ឈ្មោះអ៊ឹង សូឡាង ដែលជាអតីតគូដណ្តឹង បានប្តឹងនាងខ្ញុំទៅសាលាដំបូងរាជធានីភ្នំពេញ ដោយអយុត្តិធម៌បំផុត តាមពាក្យបណ្តឹង ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧។

ដោយហេតុថា នាងខ្ញុំពុំសូវយល់ដឹងពីបញ្ហាច្បាប់ និងនីតិវិធីរបស់តុលាការ នាងខ្ញុំត្រូវការមេធាវីមួយរូប ដើម្បីការពារក្តី និងផលប្រយោជន៍ស្របច្បាប់ឱ្យនាងខ្ញុំ នៅក្នុងសំណុំរឿងនេះ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោកស្រីប្រធាន មេត្តាជួយពឹងពាក់មេធាវីមួយួរូបឱ្យនាងខ្ញុំ តាមការស្នើសុំដោយក្តីអនុគ្រោះ។

សូមលោកស្រីប្រធាន មេត្តាទទួលនូវការគោពរស្រលាញ់ដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ…។

ក្រោយពីទទួលបានពាក្យស្នើសុំពីកញ្ញានី មុនីនាថ រួចហើយ អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានចេញលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិជូនលោកមេធាវី រ៉ូ ប៊ីនណៃ ធ្វើជាអ្នកតំណាងដោយអាណត្តិឱ្យកញ្ញានី មុនីនាថ ក្នុងសំណុំរឿងរដ្ឋប្បវេណីនេះ។

លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិរបស់សមាគមសិល្បករខ្មែរ លេខ០៤២ ស.ស.ខ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តំណាងដោយលោកស្រីចន ច័ន្ទលក្ខិណា ជាប្រធាន ជម្រាបជូនលោកមេធាវី រ៉ូ ប៊ីនណៃ ប្រធានការិយាល័យមេធាវី អាប៊ី ក្នុងកម្មវត្ថុសូមពឹងពាក់ និងប្រគល់សិទ្ធិជូនលោកមេធាវី ដើម្បីធ្វើជាអ្នកតំណាងដោយអាណត្តិឱ្យកញ្ញានី មុនីនាថ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ៖ ៣០៨៥ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមពាក្យស្នើសុំរបស់កញ្ញា នី មុនីនាថ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ មានខ្លឹមសារតបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំមានកិត្តិយស សូមជម្រាបជូនលោកមេធាវី ជ្រាបថា ៖ ក្រៅពីសកម្មភាពការងារមនុស្សធម៌សមាគមសិល្បករខ្មែរ តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់សមាជិករបស់ខ្លួន ដែលជាសិល្បករ-សិល្បការិនី តាមលទ្ធភាពដែលអាចធ្វើទៅបាន និងតាមក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដោយយោងតាមពាក្យស្នើសុំរបស់កញ្ញា នី មុនីនាថ ក្នុងនាមនាងខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ សូមពឹងពាក់ និងប្រគល់សិទ្ធិជូនលោកមេធាវី ដើម្បីធ្វើជាមេធាវីតំណាងដោយអាណត្តិ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ឱ្យកញ្ញា នី មុនីនាថ ដែលជាសិល្បការិនី និងជាសមាជិកនៃសមាគមសិល្បករខ្មែរ ក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ ៖ ៣០៨៥ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ។

ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិនេះតទៅ លោកមេធាវី រ៉ូ ប៊ីនណៃ មានសិទ្ធិអំណាចពេញលេញតាមច្បាប់ ក្នុងការធ្វើជាអ្នកតំណាងឱ្យកញ្ញា នី មុនីនាថ ក្នុងសំណុំរឿងខាងលើ នៅគ្រប់នីតិវិធី ចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ។

សូមលោកមេធាវី ទទួលនូវការគោរព រាប់អានអំពីនាងខ្ញុំ…”។

ឆ្លើយតបចំពោះការស្នើសុំនេះ លោកមេធាវី រ៉ូ ប៊ីនណៃ បានចុះហត្ថលេខាយល់ព្រមទទួលសិទ្ធិជាមេធាវីតំណាងដោយអាណត្តិរបស់កញ្ញានី មុនីនាថ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដដែលនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកអ៊ុន សុវណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកញ្ញា នី មុនីនាថ ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ វិច្ឆិកា ខាងមុខ ដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ ៖ ៣០៨៥ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្តឹងដោយលោកអ៊ឹង សូឡាង អតីតគូដណ្តឹងរបស់កញ្ញានី មុនីនាថ។

ដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារថា “យើង អ៊ុក សុវណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

អញ្ជើញឈ្មោះនី មុនីនាថ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានលំនៅ បច្ចុប្បន្ននៅផ្ទះលេខ ៖ ២៨៥ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាចុងចម្លើយ។

ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ (នៅបន្ទប់ “គ១” ជាន់ទី៣) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០២ៈ៣០នាទីរសៀល។

ដើម្បី ៖ ចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល។

ពីដំណើររឿង ៖ បណ្តឹងទាមទារប្រាក់។

សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន…។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ លោកអ៊ឹង សូឡាង អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ជាអាណិកជនខ្មែរនៅអាមេរិក ដោយមានលោកយិច សមិទ្ធិ ជាមេធាវីតំណាង ដោយអាណត្តិបានដាក់ពាក្យប្តឹងទៅលើកញ្ញា នី មុនីនាថ ជាអតីតគូដណ្តឹងថា បានបោកយកប្រាក់ជាច្រើនម៉ឺនដុល្លារ យកទៅទិញដី និងទិញរថយន្តជិះ ហើយនៅក្នុងពាក្យបណ្តឹងនោះ ភាគីលោកអ៊ឹង សូឡាង បានទាមទាមសំណង រហូតដល់ទៅ១២ម៉ឺនដុល្លារ ពីកញ្ញានី មុនីនាថ”

 

RELATED ARTICLES