ស្របពេលដែលសុគន្ធ និសា កំពុងញាប់ដៃញាប់ជើងក្នុងការដើរចែកធៀបការ ដែលនៅសល់ថ្ងៃក្រាបផ្ទឹមតែ១១ថ្ងៃទៀតនោះ អតីតគូដណ្ដឹងចាស់របស់នាង គឺលោកសុខ ជំនោរ ឯណោះវិញ ក៏មិននៅទំនេរដែរ ដោយរវល់ថត Pre-Wedding ជាមួយគូដណ្ដឹង កញ្ញាស្រី សុរង្សី ដែលត្រូវចូលរោងការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះដែរហើយ។
មង្គលការរបស់សុគន្ធ និសា និងសង្សារចាស់ លោកជំនោរ គឺខុសគ្នាតែត្រឹម៦ថ្ងៃប៉ុណ្ណោះ ទើបបានជាគេថា ពួកគេហាក់ដូចបណ្ដាក់គ្នារៀបការអីចឹង ព្រោះកាលពីឆ្នាំមុនៗ អតីតគូស្នេហ៍ដែលមានអាយុដល់ទៅ៧ឆ្នាំ ក៏ចែកផ្លូវគ្នានេះ បានមើលបំណាំគ្នារៀងខ្លួន ដោយបើមិនការ គឺមិនការទាំងអស់គ្នា តែបើការ គឺការទាំងអស់គ្នាដែរ។
សុគន្ធ និសា បានហៅធៀបការតារាដែលជិតស្និទ្ធនាង តាំងពីថ្ងៃទី១៨ ខែវិច្ឆិកា ហើយតារាដែលទទួលសំបុត្រការពីនាង បានបង្ហើបឲ្យដឹងថា សុគន្ធ និសា ឬ ប៊ុន សុគន្ធា គឺពិតជាចូលរោងការនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះមែន ហើយកម្មវិធីជប់លៀងធំ គឺប្រារព្ធនៅសណ្ឋាគារផ្កាយ៥ សូហ្វីតែល ភ្នំពេញភូគីត្រា ដោយនឹងមានតារាសិល្បៈល្បីៗរាប់រយនាក់ចូលរួម។ ចំណែកភ្ញៀវរបស់ស្វាមីសុគន្ធ និសា គឺលោកសាំបា អាណិកជនខ្មែរ នៅអាមេរិកនោះ ភាគច្រើនគឺជាអ្នកជំនួញ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន Manulife ព្រោះប្ដីនិសា មានភាគហ៊ុននៅក្រុមហ៊ុននេះ។
ប្រភពបានឲ្យដឹងថា ក៏មានភ្ញៀវមួយចំនួនរបស់លោកសាំបា ដែលជាបរទេស និងអាណិកជនខ្មែរ នៅអាមេរិក រដ្ឋឡូវែល ក៏មកចូលរួមដែរ។ មង្គលការដែលមានការរៀបចំយ៉ាងប្រណីតមិនចាញ់តារាប្រទេសជិតខាងនោះ ត្រូវបានគេសន្និដ្ឋានថា មានការចំណាយទឹកប្រាក់មិនក្រោម១០ម៉ឺនដុល្លាឡើយ។
ដោយឡែក អតីតសង្សារសុគន្ធ និសា ដែលបានភ្ជាប់ពាក្យជាមួយកញ្ញាស្រី សុរង្សី កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នោះ នឹងរៀបការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយការធ្វើពិធីជប់លៀងធំនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយតាមប្អូនស្រីលោកសុខ ជំនោរ កញ្ញាវ៉ាន នីឡា បានឲ្យដឹងថា លោកសុខ ជំនោរ បានហៅតារាសិល្បៈជាច្រើនឲ្យចូលរួម។
ប្រភពបានឲ្យដឹងថា សុខ ជំនោរ និងភរិយា បានត្រៀមថវិកាមិនក្រោម៥ម៉ឺនដុល្លារឡើយ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួននោះ។
តាមរយៈការចូលរោងការរបស់សុគន្ធ និសា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងការចូលរោងការរបស់លោកសុខ ជំនោរ នៅថ្ងៃទី២៥ ខែវិចិ្ឆកា ២០១៧នេះ គឺបញ្ជាក់ច្បាស់ថាចំណងស្នេហ៍៧ឆ្នាំកន្លងមក ត្រូវបានកប់ចោលនៅត្រឹមចុងឆ្នាំ២០១៧នេះហើយ ដោយអ្នកទាំង២សម្រេចចិត្តរៀបការជាមួយគូស្នេហ៍ថ្មីរៀងៗខ្លួន។
ទស្សនិកជនរង់ចាំមើលថា តើសុគន្ធ និសា ឬសុខ ជំនោរ ដែលជាអ្នកបានកូនង៉ែតបីប្រលែងលេងមុននោះ?៕