ធឿន បូរី ដែលជាកូនចិញ្ចឹមរបស់អ្នកគ្រប់គ្រងកម្មវិធីសិល្បៈរបស់ប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ លោកចា រិទ្ធី និងជាតារាចម្រៀងរបស់ផលិតកម្មថោន នោះ បានចេញបទថ្មីរបស់ខ្លួននៅថោន គឺបទ ”ស្ទឹងសែនប៉ារីស” ដោយមានការថតសម្ដែងជាMVទៀតផង។ បើទោះជាក្នុងបទដែលធឿន បូរី ច្រៀងនិងសម្ដែងនោះ មិនមានដាក់ឡូកូផលិតកម្មមែន តែក្រុមការងារនៅផលិតកម្មថោន បានខ្សឹបប្រាប់ថា ធឿន បូរី ច្រៀងឲ្យថោន ហើយចំពោះមូលហេតុដែលចេញតាម youtube ហើយមិនមានដាក់ឈ្មោះផលិតកម្មនោះ ព្រោះតែថោន ចង់ស្ទាបស្ទង់មើលសិនថា តើធឿន បូរី មានការគាំទ្រកម្រិតណា?
លោកថន តុលា ឪពុករបស់ធឿន បូរី បានទទួលស្គាល់ថា បទ ”ស្ទឹងសែនប៉ារីស” ដែលកូនគាត់ច្រៀងនិងសម្ដែងនោះ គឺពិតជានៅផលិតកម្មថោន មែន តែពេលនេះ ធឿន បូរី មិនទាន់ចុះកុងត្រាជាមួយថោន ទេ គឺដោយសារតែលោកកំពុងតែពិចារណា។
លោកតុលា រៀបរាប់ថា ”បូរី នឹងក្លាយទៅជាតារាចម្រៀងរបស់ថោន ១០០%តែម្ដង នៅពេលខាងមុខ ព្រោះថាថោន ផ្ដល់ឱកាសឲ្យ ហើយខាងផលិតកម្មគាត់ទាមទារការចុះកុងត្រា តែខ្ញុំនិងកូននៅរារែកចិត្ដដែរ ព្រោះបើកុងត្រាជាមួយផលិតកម្ម គឺយើងមិនអាចច្រៀងដោយសេរីបានទេ ហើយផលិតកម្មគេនឹងកាត់៣០%ពីតារាចម្រៀង។ អ្វីដែលពិសេសនោះ គឺបូរី ក៏មិនអាចឡើងប៉ុស្ដិ៍ហង្សមាស បានដែរ បើសិនជាមានការកុងត្រាជាមួយថោន នោះ។ ចំពោះការចេញបទចម្រៀងវិញ គឺថោន គាត់នឹងមានការរៀបចំជាបន្ដបន្ទាប់ឲ្យបូរី ច្រៀងទៀតក្រោយចេញបាន១បទនេះ។
នេះមិនមែនជាការចៃដន្យឡើយ ដែលផលិតកម្មថោន បានជ្រើសយកធឿន បូរី ជាតារាចម្រៀងកុមារមកចូលទ្រនំរបស់ខ្លួន និងបានចេញបទចម្រៀងនៅពេលនេះឲ្យបានមុនពេជ្រ ថៃ ដែលលើកពានកម្មវិធី “The Voice Kids Cambodia” នៅហង្សមាស នោះ ព្រោះកន្លងមកមហាជនតែងតែលើកឡើងថា ធឿន បូរី ច្រៀងពិរោះជាងម្ចាស់ពានពេជ្រ ថៃ ទៅទៀត ហេតុនេះហើយបានជាថោន លេងមួយក្បាច់ដាច់ផ្ញារហង្សមាស តាមរយៈការជ្រើសរើសយកធឿន បូរី មុនហង្សមាស ប្រគល់ពានឲ្យពេជ្រ ថៃ ទៀត ដើម្បីជាការប្រជែងជាមួយហង្សមាស ទាំងតារាចម្រៀងឈុតធំនិងឈុតតូច។
ធឿន បូរី និយាយដោយប្រុងប្រយ័ត្នហាក់រងគំនាបពីផលិតកម្មថោន ថា ”អត់ផង! ខ្ញុំមិនទាន់ចូលថោន ផងបង! ខ្ញុំគិតថា បើពេជ្រ ថៃ គាត់ច្រៀងមិនពិរោះ មិនមែនគាត់បានពានទេ…”។
ធឿន បូរី -ពេជ្រ ថៃ ត្រូវបានលោកឧកញ៉ាស្រី ចាន់ថន ដែលជាម្ចាស់ផ្សារកុងតឺន័រ និងមានដីរាប់រយហិកតានៅវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នោះ បានណាត់បូរី និងថៃ ឲ្យជួបគ្នានៅវិហារសួគ៌ កាលពីពេលថ្មីៗនេះ ដោយលោកឧកញ៉ាថែមទាំងផ្ដល់រង្វាន់លើកទឹកចិត្តដល់តារាចម្រៀងកុមារទាំង២ទៀតផង គឺទឹកប្រាក់ម្នាក់៣០០ដុល្លារ និងទូរស័ព្ទ Camfone ម្នាក់១គ្រឿងផងដែរ។
ធឿន បូរី បានឲ្យដឹងថា លោកឧកញ៉ាស្រី ចាន់ថន បានផ្ដាំឲ្យរូបគេ និងពេជ្រ ថៃ ខិតខំប្រឹងប្រែងរៀនសូត្រ និងឲ្យចេះរាប់អានគ្នាស្រលាញ់គ្នាតទៅ…។
គួរកតស់សម្គាល់ថា ការដែលថោន យកធឿន បូរី ធ្វើជាតារាចម្រៀងរបស់ខ្លួននាពេលនេះ គឺនឹងធ្វើឲ្យមហាជនមើលឃើញថា ថោន ចង់ដឹងថា តើរវាងតារារបស់ខ្លួនដែលមិនបានពានអីសោះនោះ និងពេជ្រ ថៃ មួយណាមានការគាំទ្រច្រើនជាង នៅពេលដែលចេញបទចម្រៀងបុកគ្នានោះ? តែមហាជនថា ថោន បានស្ទូចតារាហង្សមាស មិនក្រោម៦នាក់ឡើយ ឲ្យក្លាយទៅជាតារារបស់ខ្លួននៅពេលនេះ គឺមានដូចជា យក់ ថឹករដ្ឋា, ឈិត សុវណ្ណបញ្ញា, សុន ស្រីពេជ្រ, ម៉ៅ ហាជី, ស៊ូ ស៊ីរីកា, ផាន វីរ៉ាទី (រ៉ាប៊ី)។ ចំណែកធឿន បូរី ក៏បានចូលទៅប្រលងចម្រៀង “The Voice Kids Cambodia” ដែរ តែធ្លាក់តាំងពីវគ្គជម្រុះមកម្ល៉េះ។ តែកុមារូបនេះមានសំណាងក្រោយពេលដែលរូបគេបង្ហោះចម្រៀង១បទ អត់ភ្លេង ច្រៀងនៅស្រុកស្រែ បទ ”ស្ទឹងសែនប៉ារីស” ហើយត្រូវលោកចា រិទ្ធី ឃើញនិងមានការពេញចិត្តឲ្យឡើងឆាក និងចុងក្រោយបានទទួលយកធ្វើជាកូនចិញ្ចឹមទៀតផង បន្ទាប់ពីលោកបាននាំបូរី ទៅជួបឯកឧត្តមលី ឆេង សាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិ ហើយលោកនាយកបានផ្ដល់អាហាររូបករណ៍១០០% ដល់បូរី ដោយឲ្យរៀនចាប់ពីថ្នាក់ទី៣ដល់១២ ដោយមិនអស់ប្រាក់ឡើយ។ គេថា ធឿន បូរី ក្រោយក្លាយទៅជាកូនធម៌របស់លោកចា រិទ្ធី នោះ ពេលនេះវាសនាតារាចម្រៀងថោន រូបនេះ គឺមិនចាញ់ពេជ្រ ថៃ ឡើយ៕