Friday, November 29, 2024
Homeតារាខ្មែរតូតា និងលោកថៅកែ រួមដៃគ្នាបើកហាង "ផែសមុទ្រ" គ្រោងពង្រីកគ្រប់ខណ្ឌ

តូតា និងលោកថៅកែ រួមដៃគ្នាបើកហាង “ផែសមុទ្រ” គ្រោងពង្រីកគ្រប់ខណ្ឌ

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ តារាភាពយន្តល្បីឈ្មោះ កញ្ញាម៉ាក សែនសូនីតា ហៅតូតា បានបើកសម្ពោធហាងគ្រឿងសមុទ្រជាទ្រង់ទ្រាយធំមួយ នៅខាងក្រោយសណ្ឋាគារឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ ដែលមានយីហោឈ្មោះ “ផែសមុទ្រ”ដែលហាងនេះនាងបោះទុនខ្ទង់៤ម៉ឺនដុល្លារ ខណៈដែលនាងបង្ហើបថា និងពង្រីកសាខានៅគ្រប់ខណ្ឌនៅរាជធានីភ្នំពេញ។

ក្រៅពីអាជីពសិល្បៈនៅតែដណ្ដើមបានភាពលេចធ្លោក្នុងតំណែងជាតួឯក តូតា បានពង្រីកមុខរបររកស៊ីជាបន្តបន្ទាប់ ដោយក្រៅពីមានក្រុមតន្ត្រី និងសំអាងការ ហើយម្ដាយរបស់នាងជាអ្នកលក់មាសនៅក្រុងតាខ្មៅ នាងបានលក់អាហារគ្រឿងសមុទ្រនៅតាមអនឡាញ ដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់រយៈពេលជិត១ឆ្នាំមកហើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ នាងបានបើកសម្ពោធហាងអាហារសមុទ្រមួយ ឈ្មោះហាង “ផែសមុទ្រ” ដែលបានប្រើទុនយ៉ាងច្រើនក្រាស់ក្រែលដែលមានមិត្តភក្ដិនៅក្នុងចង្កោមសិល្បៈចូលរួមយ៉ាងច្រើនកុះករ។

តូតា បានប្រាប់ដោយរីករាយថា “ហាង “ផែសមុទ្រ” នេះ នាងទើបតែរៀបចំឡើងរយៈពេលកន្លះខែប៉ុណ្ណោះ ក៏បើកដំណើរការតែម្ដង។

តូតា បន្ថែមថា “ខ្ញុំបានលក់អាហារសមុទ្រស្រស់ៗ នៅតាមអនឡាញ មួយរយៈមកហើយ ដោយទទួលបានការគាំទ្រខ្លាំងពីបងប្អូនអតិថិជន ហើយដើម្បីបំពេញតម្រូវការបន្ថែម ខ្ញុំក៏សម្រេចចិត្តបើកហាងនេះឡើង ដែលហាងនេះប្រៀបដូចជាផែគ្រឿងសមុទ្រមួយអីចឹង គឺមានគ្រឿងសមុទ្រគ្រប់ប្រភេទតាមតម្រូវការ ពោលគឺបើបងប្អូនចង់កុម្មង់អាហារសមុទ្រស្រស់ៗ ទៅគេហដ្ឋានក៏បាន អាចឲ្យខាងខ្ញុំចម្អិនរួចជាស្រេចក៏បាន ថែមទាំងអាចកុម្មង់ញ៉ាំនៅហាងរបស់ខ្ញុំដោយផ្ទាល់ក៏បាន គឺបងប្អូនមានជម្រើសច្រើនជាងមុន»។ នាងថាហាងរបស់នាងមានលក្ខណៈពិសេសពីហាងដទៃ ដោយសារតែហាងនាងមានគ្រឿងសមុទ្រស្រស់ៗ អនាម័យ និងមានតម្លៃសមរម្យ។

តូតា បានឲ្យដឹងដែរថា “ហាង “ផែសមុទ្រ” របស់នាងមានអាហារសមុទ្រស្រស់ៗគ្រប់ប្រភេទដែលយកមកពីខេត្ដកែប និងខេត្តព្រះសីហនុ ហើយតាមគម្រោងនឹងនាំចូលអាហាសមុទ្រមកពីក្រៅប្រទេសទៀតផង។ នាងថា ហាងនេះនាងបានបោះទុនរួមគ្នាជាមួយលោកប៉ុល វិបូ ហៅនីត ដែលប្រើដើមទុនសរុបខ្ទង់៤ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ឆាប់ៗខាងមុខនេះ នាងគ្រោងបើកសាខាថ្មីមួយទៀតនៅក្រុងតាខ្មៅ ទៀតផង។

តូតា អះអាងថា តាមគម្រោងបើហាងនេះដំណើរការល្អនាង នឹងពង្រីកសាខាហាង “ផែសមុទ្រ” នៅទីតាំងសំខាន់ៗគ្រប់ខណ្ឌនៅរាជធានីភ្នំពេញតែម្ដង ដើម្បីបំពេញតម្រូវការអតិថិជន។

ស្របពេលដែលងាកមកបើកមុខជំនួញជាបន្តបន្ទាប់ តូតា អះអាងថា មិនប៉ះពាល់ដល់អាជីពសិល្បៈរបស់នាងទេ គឺនាងនៅតែប្រឡូកសិល្បៈជាធម្មតា ​ពោលគឺនាងបានចាត់ចែងឲ្យមានអ្នកគ្រប់គ្រងហាងនីមួយៗរួចទៅហើយ ខណៈដែលមួយរយៈចុងក្រោយនេះ នាងក៏មមាញឹកគួរសមក្នុងការថតភាពយន្តផងដែរ៕

RELATED ARTICLES