Friday, November 29, 2024
Homeតារាខ្មែរឌុច លីដា បើកហាងគុយទាវ “ឡាំឌួយ” ជំនួយពីថៅកែពេជ្រ?

ឌុច លីដា បើកហាងគុយទាវ “ឡាំឌួយ” ជំនួយពីថៅកែពេជ្រ?

ឌុច លីដា ពេលនេះបានក្លាយទៅជាថៅកែស្រីហាងគុយទាវទៅហើយ បន្ទាប់ពីជាប់រហស្សនាមជាតារាមិនខ្លាចថតស្រាតនោះ។ ការដែលស្រីស្រអែមស្រស់តូចច្រឡឹងរូបនេះ បោះទុនម៉ឺនដុល្លារ ទិញឋានៈជាថៅកែស្រីហាងឡាំឌួយ នេះ គឺចំពេលដែលមានព័ត៌មានថា នារីនឹមនួនរូបនេះ ត្រូវបានថៅកែស្រីលក់ពេជ្រម្នាក់ ម្តុំផ្សារធំថ្មី តាមប្រមាញ់ស្នេហ៍ផងដែរ ទើបមានការខ្សឹបខ្សៀវគ្នាថា ពេញចង្កោមអ្នកសិល្បៈ ដោយបានសង្ស័យថា លីដា មានជំនួយពីថៅកែពេជ្រ…។

ឌុច លីដា ត្រូវបានមិត្តភក្តិរួមអាជីពដូចគ្នា ហៅនាងថាជា “ថៅកែគុយទាវ” ក្រោយពេលតារាសិចស៊ីរូបនេះ បានសម្ពោធហាងគុយទាវឡាំឌួយ នៅខាងក្រោយសាលាវ៉ាន់ដា គណនេយ្យ កាលពីចុងខែតុលា ដោយបោះទុនម៉ឺនដុល្លារ។

តារាសិល្បៈអ្នកដឹកនាំសម្តែងដែលស្និទ្ធស្នាលជាមួយថៅកែគុយទាវឌុច លីដា នោះ បានទៅភ្លក្សរសជាតិគុយទាវនៅហាងរបស់នាង ហើយពួកគេសរសើរថា ថៅកែស្រីរូបនេះពូកែរាក់ទាក់ទទួលភ្ញៀវទៀតផង។

ឌុច លីដា មិនបានបញ្ជាក់ថា ហាងឡាំឌួយ នោះ ដាក់ទុនអស់ប៉ុន្មានទេ ដោយនាងថា អស់ប្រាក់តិចតួចប៉ុណ្ណោះ តែអ្នកដែលធ្លាប់រកស៊ីបើកហាងប្រហាក់ប្រហែលនាងដែរនោះ បានឱ្យដឹងថា ការបើកហាងបែបនេះ ទោះជាតូចបន្តិចក្តី តែការចំណាយប្រាក់ គឺមិនក្រោម៣ម៉ឺនដុល្លារឡើយ ទើបអាចេញជារូបរាងបាន ព្រមទាំងមានការកុងត្រាជួលផ្ទះគេ និងប្រាក់ខែបុគ្គលិកផង អីចឹងយ៉ាងហោចណាស់ ក៏លីដា ត្រៀមប្រាក់៥ម៉ឺនដុល្លារ ទៅលើហាងឡាំឌួយ ដែរ។

ឌុច លីដា ជាតារាស្រីឈានមុខគេ នៅ៣ឆ្នាំចុងក្រោយនេះ ដោយត្រូវប៉ាន់ក្នុងតំណែងជាតួឯកក្នុងឈុតស្រាតស្នេហាស្រើបស្រាលលើគ្រែ ដែលគ្មានតារាណាអាចជំនួសនាងបានឡើយ។ លីដា ស៊ីថ្លៃក្នុងការថតរឿង១ថ្ងៃ គឺជាង៣០០ដុល្លារ ហេតុនេះហើយ ការកប្រាក់ចំណូលក្នុង១ខែៗ ពីសិល្បៈក៏បានប្រាក់ចំណូលខ្ពស់ដែរ ដែលធ្វើឱ្យនាងមានលទ្ធភាពក្នុងការបើកហាងឡាំឌួយ នេះ។

ប៉ុន្តែ ការបោះទុនធ្វើថៅកែស្រីរបស់ឌុច លីដា នៅពេលនេះ គឺចំពេលដែលរឿងស្នេហារបស់នាងកំពុងល្បីសុសសាយពេញចង្កោមអ្នកសិល្បៈ និងស្រទាប់មហាជនថា តារារូបនេះមានស្នេហ៍ជាមួយកូនស្រីថៅកែស្រីលក់ពេជ្រ ម្នាក់ នៅម្តុំផ្សារធំថ្មី ទើបធ្វើឱ្យមានការខ្សឹបខ្សៀវគ្នាកាន់តែច្រើនថា លីដា មានជំនួយពីថៅកែពេជ្រនោះ បានជានាងមានប្រាក់បោះទុនធ្វើជំនួញបែបនេះ ព្រោះកន្លងមកមានតារាស្រីស្អាតៗមួយចំនួន ឱ្យតែប៉ះស្នេហ៍កូនស្រីថៅកែលក់ពេជ្រនោះ ស្រាប់តែពួកគេមានទ្រព្យយ៉ាងឆាប់រហ័សតែម្តង។

ប្រភពបានឱ្យដឹងថា ការក្លាយទៅជាថៅកែស្រីហាងគុយទាវ នៅពេលនេះ របស់ឌុច លីដា ក៏ជាសញ្ញាមួយបង្ហាញថា លីដា អាចដកឃ្លាពីអាជីពសិល្បៈដែរ ព្រោះតែមុននេះលេចឮថា ថៅកែស្រីលក់ពេជ្រនោះ មិនពេញចិត្តឱ្យនាងថតស្រាត និងមានប្រុសៗឱបថើបទៀតឡើយ ព្រោះថា លីដា តែងទទួលបានការរិះគន់ច្រើនជាងការគាំទ្រជានិច្ច ឱ្យតែនាងចេញរឿងថ្មីម្តងៗនោះ។

ឌុច លីដា ក្រោយសម្ពោធហាងឡាំឌួយ នោះ តារាដែលត្រូវប៉ាន់ខ្លាំងរឿងពូកែលេងឈុតស្នេហាស្រើបស្រាល ដែលត្រូវបានថៅកែស្រីលក់ពេជ្រ ចង់បិទច្រកក្នុងការសម្តែងឈុតក្តៅសាច់នោះ គឺហាក់បីដូចជាចង់ផ្គើនដាក់ថៅកែស្រីទៅវិញ ព្រោះថា មុននេះនាងបានទៅថតឈុតស្នេហាឱបថើបបឺតមាត់ជាមួយលោកអែនឌី ក្នុងបទ “នឹកបង៥០%” ដោយបណ្តោយឱ្យតួប្រុសរូបនោះ អង្អែលសាច់ភ្លៅតាមចិត្ត ដែលធ្វើឱ្យប្រុសៗជាច្រ្រើនព្រឺរោមខ្ញាកៗ តែលោកអែនឌី បែរជាថា គ្មានចេតនាយកចំណេញលើស្រីស្អាតទៅវិញ។

តារាសម្តែងម្នាក់ដែលស្និទ្ធស្នាលជាមួយលីដា បានបង្ហើបឱ្យដឹងថា ប្រសិនបើលីដា នៅតែបន្តថតឈុតស្រើបស្រាបបែបនេះទៀត ហើយនាងថៅកែស្រីហាងពេជ្រ កាន់តែប្រឆាំងនោះ អាជីពសិល្បៈរបស់នាងអាចប្រឈមនឹងការបាត់បង់ជាមិនខាន ព្រោះតែមានតារាស្រីស្អាតមួយចំនួន ដែលប៉ះស្នេហ៍កូនថៅកែពេជ្រនោះ គឺច្រើនតែបាត់ខ្លួនបន្តិចម្តងៗក្នុងសិល្បៈ ហើយចុងក្រោយក៏ឈប់តែម្តង។ ប៉ុន្តែយ៉ាងណា លីដា មិនដែលហ៊ានសារភាពស្នេហ៍កូនថៅកែពេជ្រនោះឡើយ ហើយនាងតែងតែព្យាយាមបិទបាំងរឿងស្នេហាថ្មីរបស់ខ្លួនជាប់ជានិច្ច គឺចុងក្រោយនេះ លែងបណ្តើរប្រុសស្នេហ៍ទៅចូលរួមកម្មវិធីសិល្បៈដូចតារាផ្សេងទៀតទាល់តែសោះ។

ទោះយ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីឌុច លីដា បានទេ កាលពីចុងសប្តាហ៍មុននេះ។

ក្រៅពីឌុច លីដា ដែលជាថៅកែស្រីហាងឡាំឌួយ នោះ ក៏មានពេជ្រ សូលីកា ដែរ ដែលជាថៅកែស្រីហាងបាយអូនអ៊ូក ចំណែកសុគន្ធ និសា ជាថៅកែស្រីហាងគុយទាវខ្ចប់ ខណៈផាន់ ម៉ូនីកា ជាថៅកែហាងកាកាស៊ូគីស៊ុប។

ប្រភពពីតារាដែលស្និទ្ធជាមួយឌុច លីដា បានបង្ហើបឱ្យដឹងថា ប្រសិនបើលីដា ជោគជ័យហាងឡាំឌួយ នេះ នាងនឹងបន្តទៅបើកសាខាហាងថ្មីបន្ថែមទៀត៕

RELATED ARTICLES