នាយចឺម ដែលមានឈ្មោះដើមថា សុខ មេសា នោះ បានផ្ដាច់ខ្លួនទាំងស្រុងពីអាជីពកំប្លែង នៅ CTN ដោយផ្ដោតទៅលើតែអាជីពចម្រៀងនៅផលិតកម្មសាន់ដេ មួយមុខប៉ុណ្ណោះ។ ការបោះបង់អាជីពកំប្លែងជាទីដែលធ្វើឲ្យគេស្គាល់នាយចឺម រហូតមកដល់បច្ចុប្បន្ននេះ ដោយលែងទាំងចង់បានប្រាក់ចំណូលពីកំប្លែងទៀត នៅពេលនេះត្រូវបានគេគិតថា គ្មានហេតុផលណាមួយដែលនាយចឺម ទៅពង្រឹងសមត្ថភាពតែខាងច្រៀងមួយមុខ ដើម្បីឲ្យខ្លួនកាន់តែល្បី និងជាការគ្រប់គ្រងតំណែងនៅផលិតកម្មសាន់ដេ របស់ខេមរៈសិរីមន្ដ ដែលដើរចូលផលិតកម្មហង្សមាស ជាគូប្រជែងរបស់សាន់ដេ នោះឡើយ។
តើនាយចឺម ពិតជាមានសមត្ថភាពអាចកាន់កាប់តំណែងខេមរៈ សិរីមន្ដ បានដែរឬទេនៅពេលនេះ បានជារូបគេលែងអាល័យជាមួយអាជីពកំប្លែងដែលគេខំតស៊ូតាំងពីតូចនោះ?
ក្នុងជំនួបតាមទូរស័ព្ទជាមួយនាយចឺម កាលពីពេលថ្មីៗនេះ តារាចម្រៀងផលិតកម្មសាន់ដេ រូបនេះ បានថ្លែងដោយមានជំនឿចិត្តយ៉ាងមុតមាំថា គេប្រាកដជាអាចគ្រប់គ្រងតំណែងខេមរៈសិរីមន្ដ ដែលនៅទំនេរនោះបានសម្រេច ហើយមិនយូរទេ គេនឹងដើរទាន់សិរីមន្ដ ជាមិនខាន។
នាយចឺម អះអាងថា ”ខ្ញុំគិតថា បើខ្ញុំនៅតែមានការគាំទ្រដូចពេលនេះតទៅទៀត គឺត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ ខ្ញុំនឹងតាមទាន់ស្មើគ្នាជាមួយលោកខេមរៈ សិរីមន្ដ ជាមិនខានបង!។ រាល់ថ្ងៃពេលខ្ញុំចុះទៅច្រៀងតាមខេត្ត គឺមានបងប្អូនគាំទ្រខ្ញុំច្រើនណាស់ គឺខ្ញុំស្ទើរតែមិនជឿខ្លួនឯងផង ព្រោះមើលទៅការគាំទ្រនោះ ប្រៀបដូចខ្ញុំជា Super Star ម្នាក់អីចឹង។ បទចម្រៀងខ្ញុំចេញមក មានការគាំទ្រច្រើនតែម្ដង ហើយខ្ញុំសប្បាយចិត្តណាស់ដែលឆ្នាំនេះ គឺទទួលបានការច្រៀង Concert ធំៗ ទាក់ទងមកច្រើនណាស់”។
ការអះអាងរបស់នាយចឺម នៅពេលនេះ គឺលាងជម្រះមន្ទិលសង្ស័យរបស់ទស្សនិកជនកន្លងមក ដែលនៅតែស្រពេចស្រពិលថា មិនដឹងជាតារារូបណាម្នាក់នៅសាន់ដេ ក្នុងចំណោមអ្នកចម្រៀងប្រុស៣រូប នាំមុខគេរបស់សាន់ដេ មានឆាយ វីរៈយុទ្ធ, ខាន់ ជេមស៍ និងនាយចឺម ដែលនឹងទៅគ្រងតំណែងខេមរៈ សិរីមន្ដ ដែលនៅទំនេរនោះ គឺពេលនេះ នាយចឺម បញ្ជាក់ច្បាស់ៗហើយថា រូបគេត្រូវការពេលវេលាតែត្រឹម១ឆ្នាំទៀត គឺគ្រប់គ្រាន់ល្មមតាមស្មើកំណត់ត្រារបស់ខេមរៈសិរីមន្ដ ដែរ ព្រោះពេលនេះ នាយចឺម មិនមែនជាអ្នកកំប្លែងទៀតឡើយ គឺលោកចឺម ជាតារាចម្រៀងរបស់សាន់ដេ ដែលសាមីខ្លួនថានឹងល្បីល្បាញខ្លាំងនៅឆ្នាំ២០១៨ ដូចខេមរៈ សិរីមន្ដ ដែរ។
លោកសុខ មេសា បន្ថែមថា ”មូលហេតុដែលខ្ញុំចាកចេញពីក្រុមកំប្លែងរបស់ CTN ដែលជាទ្រនំធ្លាប់ផ្ដល់កំណើតដល់រូបខ្ញុំនោះ ព្រោះតែមួយរយៈចុងក្រោយនេះ ខ្ញុំនៅពេលដែលតែងខ្លួនគូមុខមាត់ស្លៀកពាក់ជាអ្នកកំប្លែង ចេះតែមានអារម្មណ៍ថាអៀនៗខ្លួនឯង ព្រោះថាពេលដែលខ្ញុំស្លៀកពាក់ឡើងច្រៀង ធ្វើខ្លួនស្អាតសង្ហារ ឡូយណាស់… (សើច)។ ខ្ញុំអៀនៗមែនចុងក្រោយនេះ ហើយលោកតាវុិចទ័រ ដែលជាអ្នកគ្រប់គ្រងក្រុមកំប្លែង CTN គាត់ប្រៀបបានដូចជាឪពុករបស់ខ្ញុំនោះថា គួរតែបែងចែកឲ្យដាច់ថា គួរច្រៀង ឬលេងកំប្លែង។ ចំណែកលោកថៅកែផលិតកម្មសាន់ដេ គាត់មិនបង្ខំឲ្យខ្ញុំបោះបង់អាជីពកំប្លែងទេ គ្រាន់តែថា តើអាចបែងចែកឲ្យដាច់បានទេ រវាងកំប្លែង និងចម្រៀង? ពូខ្ញុំ (នាយក្រូច) មីងខ្ញុំ (អ៊ីត) អីគាត់ថាចង់ឲ្យច្រៀងដាច់អីចឹង ខ្ញុំក៏សម្រេចចិត្តផ្អាកមួយរយៈសិនទៅ។ ប៉ុន្ដែខាង CTN គាត់នឹងបើកទ្វារ២៤ម៉ោងសម្រាប់ខ្ញុំ ដែលខ្ញុំអាចចូលវិញពេលណាក៏បានដែរឲ្យតែខ្ញុំចង់។ តាមពិតទៅ ការលេងកំប្លែងបានលុយតិចដែរហ្នឹង មិនបានប៉ុន្មានទេ មិនដូចច្រៀងទេ អីចឹងខ្ញុំក៏មកពង្រឹងខាងចម្រៀងឲ្យបានល្អជាងនេះទៀត ហើយយើងសិក្សារនៅលើទីផ្សារដែរថា នឹងមានការគាំទ្រកម្រិតណាពេលដែលខ្ញុំឈប់កំប្លែងមកច្រៀងដាច់នាពេលនេះ គឺខ្ញុំនឹងប្រឹងបញ្ចេញសមត្ថភាពដែលមានឲ្យអស់”។
មុនផ្ដាច់ខ្លួនមកច្រៀងផ្ដាច់មុខឲ្យផលិតកម្មសាន់ដេ នាពេលនេះ នាយចឺម ធ្លាប់ច្រៀង១កម្មវិធី ស៊ីថ្លៃ៧០០ដុល្លារ ហើយបទចម្រៀងដែលរូបគេទទួលបានការគាំទ្រច្រើន មានដូចជាបទ ”ពុកអើយម៉ែអើយ នាងការចោលខ្ញុំហើយ”, ”រាត្រីឯកា”, ”អារហាម”, ”លួចស្រលាញ់សុខ ពិសី”, ”នឹកអូនឡើងសរសៃប្រសាទ”, ”ក្បត់បងទៅ បងអង្វរ”, ”អាប្ដីប្រមឹក”, ”នរក១៨ជាន់” ជាដើម។
នាយចឺមត្រូវបានអ្នកជំនាញសិល្បៈបានលើកឡើងថា តារាចម្រៀងសាន់ដេ រូបនេះ ច្រៀងស្ទីលតាមខេមរៈ សិរីមន្ដ គឺស្រែកខ្លាំងៗ ហើយនាយចឺម អាចធ្វើទៅបាន បើទោះជាពេលខ្លះស្រែកខ្លាំងពេក បែកភ្លាត់ខ្លះក៏ដោយ តែនាយចឺម នៅក្មេង នៅមានពេលវេលាច្រើនទៀតដែលអាចបន្ថែមសមត្ថភាពខ្លួន។ នាយចឺម និងពេជ្រ ថាណា របស់ផលិតកម្មថោន ក៏ជាចំណែកមួយដែលធ្វើឲ្យខេមរៈសិរីមន្ដ បាក់ស្រុតចុះស្ងប់ស្ងាត់មួយរយៈដែរ មុនពេលដែលសិរីមន្ដ ទៅចូលហង្សមាសនោះ។
តារាកំប្លែងរួមអាជីពជាមួយនាយចឺម បានឲ្យដឹងថា ពេលនេះនាយចឺម មានស្រីស្នេហ៍ជាតារាស្រីស្អាតៗវ័យខ្ចីល្ហក់ច្រើន បន្ទាប់ពីបែកបាក់អតីត Freshie លេខ១ នាងពុធ ស្រីខួច មកនាយចឺម កំពុងតែសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយស្រីស្អាតអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដោយពួកគេមានគម្រោងរៀបការជាមួយគ្នាទៀតផង ដូចនេះបើនាយចឺម ថា ១ឆ្នាំទៀត នឹងល្បីស្មើខេមរៈ សិរីមន្ដ មែននោះ គឺច្បាស់ណាស់ថា លោកសុខ មេសា នឹងមានស្រីស្នេហ៍កៀរនឹងជើងមិនចាញ់នាយពាក់មី និងនាយក្រឹម ឡើយ ហើយពេលនោះអូនម៉ីម៉ី នឹងពិបាកឃ្លាលស្នេហ៍បងចឺម ជាមិនខាន៕