Monday, September 23, 2024
Homeតារាខ្មែរអុីវ៉ា ព្រមលើកលែងទោស ខណៈលី អុីវ៉ាធីណា ប្រកាន់ជំហរប្តឹងបុរសកូន២ ប្រពន្ធរត់ចោល

អុីវ៉ា ព្រមលើកលែងទោស ខណៈលី អុីវ៉ាធីណា ប្រកាន់ជំហរប្តឹងបុរសកូន២ ប្រពន្ធរត់ចោល

ភ្នំពេញ ៖ បុរសម្នាក់ដែលបានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនអះអាងថា តារាចម្រៀងស្រីល្បីឈ្មោះ២ដួង គឺកញ្ញាអ៊ីវ៉ា និង កញ្ញាលី អ៊ីវ៉ាធីណា ជាស្រីស្នេហ៍លួចលាក់របស់ខ្លួន ថែមទាំងអះអាងថា ធ្លាប់បានខ្លួនបានប្រាណគ្នាទៀតផងនោះ បន្ទាប់ពីមានប្រតិកម្មធ្ងន់ៗពីតារាចម្រៀងស្រីទាំង២ ព្រមានប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនមក បុរសរូបនេះបានចេញមុខអង្វរសុំទោសកញ្ញាអ៊ីវ៉ា និងលី អ៊ីវ៉ាធីណា ទាំងទឹកភ្នែក ដោយដោះសាថា គេមិនបានប្រព្រឹត្តទង្វើបែបនេះទេ គឺគណនីហ្វេសប៊ុករបស់គេ (ឆៃ ណាតូ) ត្រូវគេលួច​ (Hack) យកទៅប្រើប្រាស់ ដើម្បីព្យាយាមធ្វើបាបរូបគេ។

យុវជនឈ្មោះឆៃ ណាតូ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះឆៃ ណាតូ ជាបុរសពោះម៉ាយកូន២ ប្រពន្ធរត់ចោល ដែលសព្វថ្ងៃគឺជាពលករចំណាកស្រុក កំពុងបម្រើការងារនៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញមុខបង្ហោះវីដេអូផ្សាយផ្ទាល់ (Live Video) បកស្រាយជុំវិញរឿងរ៉ាវការបង្ហោះសារ និងរូបថត ដែលបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសតារាចម្រៀងអ៊ីវ៉ា និង អ៊ីវ៉ាធីណា។

យុវជនឆៃ ណាតូ បានរៀបរាប់ថា “បាទ ជម្រាបសួរជាលើកដំបូង ខ្ញុំបាទសុំការអនុញ្ញាត ចំពោះពុក ម៉ែ បងប្អូន ខ្ញុំបាទ ឆៃ ណាតូ សុំលំឱនកាយគោរព និងសុំការអភ័យទោសចំពោះបងស្រី លី អ៊ីវ៉ាធីណា និងបងស្រីអ៊ីវ៉ា ដែលខ្ញុំបាទមានបញ្ហាហ្វេសប៊ុកដែលឃើញបានផុសរូបដែលប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះបងស្រី លី អ៊ីវ៉ាធីណា និងបងស្រីអ៊ីវ៉ា ដែលជាកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងថ្ងៃនេះផ្ទាល់ផងដែរ ខ្ញុំបាទឈ្មោះ ឆៃ ណាតូ ខ្ញុំបាទសុំចេញជាវីដេអូឡាយ ដើម្បីខ្ញុំបាទសុំចូលខ្លួនដើម្បីសុំការអភ័យទោសចំពោះបងស្រីលី អ៊ីវ៉ាធីណា និងបងស្រីអ៊ីវ៉ា ដែលជាកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺខ្ញុំបាទ ឆៃ ណាតូ សូមប្រកាសសុំអភ័យទោសចំពោះបងស្រីទាំង២ ដែលនៅលើអាខោនហ្វេសប៊ុករបស់ខ្ញុំបាទនេះ គឺបានផុសរូបដែលកាត់តនៅលើហ្វេសប៊ុក ហើយបានសរសេរពាក្យដែលមិនសមរម្យ ដែលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ កិត្តិយសបងស្រីទាំងពីរ ហើយសម្រាប់រូបខ្ញុំបាទនេះផង គឺខ្ញុំបាទនេះផ្ទាល់ គឺខ្ញុំបាទមិនបានដឹងទេ គឺខ្ញុំបាទមិនបានប្រព្រឹត្តឡើងទេ រាល់ទង្វើដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះបងស្រី ដែលជាកំពូលតារាចម្រៀងល្បីទាំង២នាក់ ហើយខ្ញុំបាទក៏សុំបញ្ជាក់ប្រាប់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលជាអ្នកលេងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា សូមពុកម៉ែបងប្អូន ឈប់យល់ច្រឡំចំពោះខ្ញុំបាទ ដែលឈ្មោះឆៃ ណាតូ ហើយរូបខ្ញុំបាទនេះ ពុំបានប្រព្រឹត្តរឿងទាំងនេះឡើងទេ គឺខ្ញុំរងគ្រោះដោយអចេតនាពីជនខិលខូច ដែលបាន Hack អាខោនហ្វេសប៊ុករបស់ខ្ញុំបាទនេះ យកទៅផុស ហើយដើម្បីទម្លាក់កំហុសមកលើរូបខ្ញុំបាទ ហើយខ្ញុំបាទក៏តែងតែប្រកាសនៅលើហ្វេសប៊ុករបស់ខ្ញុំបាទជារឿយៗដែរ កាលពីមួយរយៈពេលមុន គឺហ្វេសប៊ុករបស់ខ្ញុំបាទ គឺមានការផុស និងការឆាតខុសប្រក្រតី ទាំងរូបខ្ញុំបាទមិនបានដឹងខ្លួន ហើយនៅថ្ងៃនេះផ្ទាល់ គឺខ្ញុំបាទសុំចូលខ្លួនដើម្បីបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នា ដើម្បីបានយល់ និងបានដឹងជ្រាបច្បាស់ចំពោះបញ្ហា ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសបងស្រីលី អ៊ីវ៉ាធីណា និងបងស្រីអ៊ីវ៉ា ហើយតាមការពិតទៅ គឺប្អូនពុំបានតាំងចិត្តប្រព្រឹត្តរឿងដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះបងស្រីទាំង២ទេ គឺខ្ញុំបាទជាជនរងគ្រោះដោយគេ Hack អាខោនរបស់ខ្ញុំបាទហ្នឹង យកទៅផុសដែរទេ ហើយខ្ញុំបាទក៏គ្មានពាក្យពេចន៍អ្វីដែលសម្រាប់នឹងបកស្រាយ ដើម្បីសុំការអភ័យទោសពីអ្នកបងទាំង២ដែរ គឺប្អូនមានត្រឹមតែលើកម្រាមដៃ១០ ដើម្បីសុំលុបលាងរាល់កំហុសដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះបងស្រី ហើយកំហុសទាំងនេះ គឺប្អូនមិនបានប្រព្រឹត្ត និងសាងដែរ អ្នកបងទាំងពីរ…”។

យុវជនឆៃ ណាតូ បានរៀបរាប់បន្តទាំងទឹកភ្នែកថា “រាល់ថ្ងៃ ឆាកជីវិតប្អូន គឺពិបាកណាស់ គឺប្អូនរាល់ថ្ងៃជាបុរសពោះម៉ាយទេបាទ គឺចិញ្ចឹមកូនដល់ទៅ២នាក់ គឺកូនប្រុស១ ហើយនិងកូនស្រី១ គឺរាល់ថ្ងៃផ្ញើនៅឪពុកម្តាយដែលនៅខេត្ត គឺគាត់ចាស់ជរាហើយ ហើយខ្ញុំបាទនេះ គឺបានបែកបាក់ពីគ្រួសារចូលរយៈពេល៣ឆ្នាំជាងហើយ គឺធ្វើជាម្តាយផង ធ្វើជាឪពុកផង ហើយសព្វថ្ងៃនេះ គឺប្អូនបានធ្វើចំណាកស្រុកមកធ្វើការនៅឯប្រទេសថៃ គឺធ្វើជាកម្មករគេ ជីវិតប្អូនរស់ដោយលំបាក ហើយប្អូនក៏ពុំដែលមានចិត្តថា នឹងចង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះបងប្អូនណាម្នាក់ទេបាទ ពុំដែលមានសូម្បីតែគិត​ក៏មិនដែលគិតដែរ ហើយក្នុងថ្ងៃនេះផ្ទាល់ដែរ ខ្ញុំបាទសុំផុសជាវីដេអូឡាយ ដើម្បីបញ្ជាក់ពីចិត្តរបស់ខ្ញុំពិត ដើម្បីជម្រាបជូនទៅដល់អ្នកបងទាំង២ហើយ និងពុកម៉ែបងប្អូនទាំងអស់គ្នា ដើម្បីឱ្យបានជ្រាបច្បាស់ទាំងអស់គ្នា គឺខ្ញុំបាទមិនបានប្រព្រឹត្តរឿងទាំងនេះឡើងទេ គឺខ្ញុំជាជនរងគ្រោះ ដោយសារគេ Hack អាខោនហ្វេសប៊ុករបស់ខ្ញុំបាទចូលដែរទេ គឺខ្ញុំបាទពុំបានតាំងចិត្តបង្កើតរឿងនេះឡើងទេ បើសិនជាបងស្រីទាំង២ មិនអភ័យទោសឱ្យប្អូន ប្អូនក៏មិនដឹងមានពាក្យពេចន៍អ្វីនឹងបកស្រាយប្រាប់បងទាំង២ដែរ ដោយសារប្អូនរងគ្រោះពីគេដែរទេ ហើយបងក៏ដឹងច្បាស់ដែរថា ប្អូនក៏ជាអ្នកនិពន្ធមួយរូបដែរ ហើយសួរថា តើប្អូនទៅតាំងចិត្តបង្កើតរឿងហ្នឹងឡើងដើម្បីអ្វី? បើជីវិតប្អូនពេលនេះកំពុងតែដុនដាប កំពុងតែលំបាកជួបនឹងភាពខ្វះខាតមុខក្រោយ ហើយចិញ្ចឹមកូនដល់ទៅ២នាក់ ដែលកំពុងនៅរៀន ទើបនឹងចូលថ្នាក់មត្តេយ្យថ្នាក់ទី២ គឺកូនប្រុសចូលថ្នាក់ទី២ ចំណែកកូនស្រីចូលថ្នាក់មត្តេយ្យ ឯខ្ញុំបាទខំធ្វើការទាំងថ្ងៃទាំងយប់ គឺសព្វថ្ងៃគ្មានពេលសម្រាកទេ គឺខ្ញុំបាទបានមកធ្វើការនៅប្រទេសគេ ថែមម៉ោងគ្មានពេលសម្រាកទេ គឺដើម្បីយកថវិកានេះ ជូនទៅដល់ឪពុកម្តាយដែលចាស់ជរានៅផ្ទះ ព្រមទាំងកូន (…យំ…) គឺរាល់ថ្ងៃឆាកជីវិតរបស់ខ្ញុំបាទលំបាកមែនទែន ទី១ ប្រពន្ធរត់ចោលទៅតាមប្រុស ដោយសារតែខ្ញុំក្រលំបាក គ្មានអ្វីដើម្បីគេ សូម្បីតែកូនក៏គេមិនអាណិតទៀត គេទៅចោលកូនទាំង២នាក់ ហើយសួរថា ជីវិតខ្ញុំទៅប្រព្រឹត្តរឿងហ្នឹង ដើម្បីអ្វី បើជីវិតខ្ញុំកំពុងជួបការលំបាកច្រើនយ៉ាងនេះ ហើយខ្ញុំបាទមិនដែលមានចិត្តបង្កើតរឿងនេះ? សូម្បីតែគិត ក៏ខ្ញុំមិនដែលគិត ហើយក៏ខ្ញុំមិនដែលនឹកស្មានថាខ្លួនខ្ញុំជួបនឹងបញ្ហាបែបនេះសោះ រាល់ថ្ងៃខ្ញុំលំបាក ខ្ញុំតែងតែខិតខំធ្វើការតស៊ូដើម្បីកូនរបស់ខ្ញុំបាទទាំង២ ព្រមទាំងឪពុកម្តាយដែលមានអាយុ៦០ជាង ដែលមើលកូនឱ្យខ្ញុំបាទរាល់ថ្ងៃនៅស្រុកកំណើត ហើយខ្ញុំបាទតែងនឹកកូនរហូត ពេលដែលខ្លួនខ្ញុំឃ្លាតមកឆ្ងាយ…”។

យុវជនឆៃ ណាតូ បានរៀបរាប់បន្តថា “រឿងគ្រប់យ៉ាងដែលបងប្អូន Comment ចូលក្នុងហ្វេសប៊ុកថា បើខ្ញុំមិនបានបង្កើតរឿងនេះឡើង ហេតុអីចាំបាច់រត់ទៅនៅស្រុកគេធ្វើអី? តាមការពិតទៅ រឿងទាំងនេះកើតក្រោយទេ គឺខ្ញុំបាទបានមកធ្វើការនៅប្រទេសគេហ្នឹង ជិត១ ខែហើយបាទ គឺតាំងពីមុនអុំទូកមកម៉្លេះ គឺខ្ញុំបាទមកធ្វើការនៅប្រទេសគេហ្នឹង គឺដោយសារតែខ្ញុំគិតថា បើមិនចេញមកធ្វើការនៅស្រុកគេទេ គឺឪពុកម្តាយខ្ញុំដែលគាត់ចាស់ៗអស់ហើយ មានលទ្ធភាពឯណាចិញ្ចឹមចៅ អីចឹងហើយបានខ្ញុំសម្រេចចិត្តមកធ្វើការស្រុកគេ ដើម្បីខំរកលុយសាងអនាគតឱ្យកូន២ ដែលរស់នៅក្រោមបន្ទុកមើលថែរបស់ឪពុកម្តាយចាស់ជរា ហើយខ្ញុំខំធ្វើការដើររកលុយផ្តល់ឱ្យគាត់ចិញ្ចឹមកូន ហើយថ្ងៃនេះផ្ទាល់ផងដែរ ខ្ញុំបាទក៏សុំលើកដៃសំពះចំពោះបងស្រីលី អ៊ីវ៉ាធីណា ហើយនិងបងស្រីអ៊ីវ៉ា ផងដែរ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះបងស្រីទាំង២នាក់ គឺខ្ញុំបាទពុំបានតាំងចិត្ត ហើយក៏មិនដែលមាន អារម្មណ៍ថានឹងគិតធ្វើរឿងនេះឡើងទេ ដោយខ្ញុំបានប្រកាសជារឿយៗ យូរណាស់មកហើយថា អាខោនហ្វេសប៊ុករបស់ខ្ញុំបាទ មានគេ Hack ចូលលេងហើយ ហើយខ្ញុំបាទបានទៅដូរលេខកូដសម្ងាត់ដែរ គឺជាង២ខែមុន ខ្ញុំបាទបានដូរ តែពេលខ្ញុំទៅដូរមួយសារក្រោយ គេថាដូរ អត់បាន គេថាទាល់តែបានត្រឹមរយៈពេល៣ខែ ទើបអាចដូរបាន ហើយខ្ញុំបាទក៏ចេះតែទ្រាំប្រើៗទៅ ហើយខ្ញុំបាទក៏បានសរសេរផុសនៅលើហ្វេសប៊ុក តាំងពីថ្ងៃទី០៦ ទី០៧ ខែ១០ ខែ១១ គឺខ្ញុំបាទបានផុសជម្រាបទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថា ហ្វេសប៊ុកខ្ញុំត្រូវគេហេកចូល ហើយដោយសារតែឃើញភាពមិនប្រក្រតីជាច្រើន ទី១ គឺបានឆាតទៅហ្វ្រេន (Friends) ដោយរូបភាពមិនសមរម្យ អាសអាភាសជាច្រើន និងរូបថតដែលខ្ញុំទុកនៅក្នុងឆាតមួយ ដែលខ្ញុំបង្កើតសម្រាប់ទុករូបថត គឺឆែកចូលទៅក្នុងឆាតហ្នឹង ដើម្បីយករូបថតដែលខ្ញុំថតផ្សេងៗយកទៅឆាត ចូលទៅក្នុងហ្វ្រេនមួយចំនួន ដែលគេបានឆាតមកសួរខ្ញុំ តែខ្ញុំអត់បានដឹងអីទាំងអស់…”។

លី អុីវ៉ាធីណា

យុវជនខាងលើ បានបន្ថែមជាចុងក្រោយថា “រាល់ថ្ងៃនេះ គឺខ្ញុំខំធ្វើការគ្មានថ្ងៃសម្រាកទេ សូម្បីតែថ្ងៃអាទិត្យ ក៏គ្មានពេលសម្រាកដែរ ហើយថែមម៉ោងរហូតដល់ម៉ោង១០ ម៉ោង១១ យប់ទើបបានសម្រាក ព្រោះអីខ្ញុំគិតថា ខ្ញុំក្រ ខ្ញុំពិបាក ទើបខ្ញុំខំតស៊ូដើម្បីកូនទាំង២ ដែលរស់នៅក្នុងបន្ទុករបស់ខ្ញុំបាទនេះ ដែលខ្ញុំបាទរាល់ថ្ងៃ ធ្វើជាម្តាយគេផង ធ្វើជាឪពុកគេផង ដោយសារខ្ញុំមិនចង់ឱ្យកូនទាំង២នេះ ធំទៅល្ងិតល្ងង់ ទើបចង់ឱ្យគេមានចំណេះចេះដឹង ធ្វើជាមនុស្សគំរូនៅក្នុងសង្គម ដែលមានចំណេះវិជ្ជា អាចយកចំណេះវិជ្ជាធ្វើផ្លូវ ដើម្បីសាងជីវិតឱ្យជួបនឹងរឿងល្អ និងជាអាជីព ដើម្បីរកស៊ីនៅថ្ងៃខាងមុខ ជាចុងក្រោយ ខ្ញុំបាទសុំបងលើកទោសឱ្យខ្ញុំបាទផង ដោយរូបខ្ញុំបាទមិនបានប្រព្រឹត្តនៅទង្វើទាំងនេះទេ ហ្វេសប៊ុកប្អូនគ្រាន់តែផុសរូបធម្មតាៗទេ គឺប្អូនមិនបានសសេរពាក្យពេចន៍អ្វីដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះបងស្រីទាំង២ទេ ដែលបងស្រីទាំង២ ខិតខំតស៊ូជាច្រើនឆ្នាំ ទម្រាំបងបានមានឈ្មោះល្បីល្បាញ គឺខ្ញុំយល់ពីអារម្មណ៍បងច្បាស់ណាស់ អីចឹងហើយគឺខ្ញុំក៏គ្មានបំណងទៅបំផ្លាញ ឬធ្វើឱ្យអាប់ឱនកិត្តិយសនិងកេរ្តិ៍ឈ្មោះបងទេ សូមបងកុំខឹង កុំយកទោសកំហុសពីប្អូន ព្រោះប្អូនមិនបានប្រព្រឹត្តរឿងទាំងនេះឡើងទេ បងស្រីទាំង២ គឺប្អូនរងគ្រោះដោយសារគេដែរទេបង…”។

ក្រោយបានឃើញនូវវីដេអូឃ្លីបរបស់ម្ចាស់គណនីហ្វេសប៊ុក ឆៃ ណាតូ ដែលចេញមុខសំពះសុំទោសទាំងទឹកភ្នែករួចមក តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានឆ្លើយតបទៅវិញថា នាងយល់ព្រមលើកលែងទោសឱ្យយុវជនខាងលើ ដោយសម្រេចដកពាក្យបណ្តឹងវិញ ព្រោះអាណិតដល់យុវជនរូបនេះ ដែលជាពោះម៉ាយកូន២ ពិសេសព្រមចេញមុខទទួលកំហុសរបស់ខ្លួន និងសុំទោសជាសាធារណៈ។

កញ្ញាអ៊ីវ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “នាងខ្ញុំសម្រេចចិត្តថា នឹងលើកលែងទោសឱ្យយុវជននោះ (ឆៃ ណាតូ) បន្ទាប់ពីមើលឃើញថា គេចេះដឹងកំហុស សុខចិត្តចេញមុខបកស្រាយឱ្យសាធារណជនបានដឹងការពិត មួយវិញទៀត នាងខ្ញុំអាណិត ឃើញយុវជននោះ ជាពោះម៉ាយកូន២ ទើបខ្ជិលចងកម្មចងពៀរ…”។

បុរសឆៃ ណាតូ

ដោយឡែក សាមីខ្លួនតារាចម្រៀងលី អ៊ីវ៉ាធីណា ដែលជាជនរងគ្រោះម្នាក់ទៀតក្នុងករណីខាងលើនេះដែរ បានប្រកាសដាច់អហង្ការថា នាងមិនអាចលើកលែងឱ្យយុវជននោះជាដាច់ខាត ពោលគឺនាងនៅតែបន្តដាក់ពាក្យបណ្តឹង ដើម្បីឱ្យមនុស្សដែលប្រព្រឹត្តកំហុសឆ្គង ចេះរាងចាល មិនអាចគ្រាន់តែធ្វើខុសហើយ សុំទោស ១ម៉ាត់ អាចរួចខ្លួននោះទេ។

កញ្ញាលី អ៊ីវ៉ាធីណា បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែរថា “យុវជន ឆៃ ណាតូ គឺមិនអាចលើកលែងឱ្យបានជាដាច់ខាត ហើយពេលនេះ នាងខ្ញុំកំពុងរៀបចំឯកសារដាក់ពាក្យបណ្តឹង គ្រាន់តែមានការលំបាកបន្តិច ជុំវិញភូមិ-ឃុំដែលគេរស់នៅ មិនទាន់ដឹងច្បាស់លាស់ ប៉ុន្តែពេលស្រាវជ្រាវច្បាស់ហើយ នាងខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមូលដ្ឋាន ដែលយុវជននោះរស់នៅតែម្តង ដើម្បីឱ្យចាត់វិធានការតាមផ្លូវច្បាប់ នៅពេលឃើញមុខយុវជននោះត្រឡប់ចូលស្រុកវិញ គឺចាប់ឃាត់ខ្លួនតែម្តង…”។

កញ្ញា លី អ៊ីវ៉ាធីណា បានបញ្ជាក់ប្រាប់ថា តាមពិតនាងក៏មានចិត្តអាណិតអាសូរខ្លះដែរ នៅពេលឃើញយុវជនរូបនោះ រៀបរាប់ទាំងទឹកភ្នែកនៅលើហ្វេសប៊ុក តែនាងនៅតែប្រកាន់ជំហរបន្តដាក់ពាក្យបណ្តឹងដដែល ដើម្បីឱ្យយុវជននោះរាងចាល ពិសេសជាមេរៀនសម្រាប់អ្នកផ្សេងទៀត កុំឱ្យចេះតែវាយប្រហារ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ជាន់ឈ្លីអ្នកសិល្បៈតាមអំពើចិត្ត។

យ៉ាងណា ទាំងកញ្ញាអ៊ីវ៉ា និងអ៊ីវ៉ាធីណា សុទ្ធតែលើកឡើងដូចគ្នាថា ករណីខាងលើនេះ ទំនងជាមានមនុស្សនៅពីក្រោយខ្នង ជួលយុវជន ឆៃ ណាតូ ក្នុងបំណងចង់វាយប្រហារបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកនាង ដែលខំសាងឡើងទាំងលំបាកលំបិន។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មាន បុរសម្នាក់ បានប្រើគណនីហ្វេសប៊ុកឈ្មោះឆៃ ណាតូ បង្ហោះសារពាក្យសម្តីបរិហារកេរ្តិ៍ បង្ខូចកិត្តិយសតារាចម្រៀងស្រីល្បីឈ្មោះ២រូប គឺ កញ្ញាអ៊ីវ៉ា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងកញ្ញាលី អ៊ីវ៉ាធីណា តារាចម្រៀងប្រចាំផលិតកម្មថោន ថា ជាស្រីស្នេហ៍លួចលាក់របស់ខ្លួន៕

RELATED ARTICLES