ភ្នំពេញ៖ កម្មការិនីកាត់ដេរម្នាក់កំពុងតែដាំបាយនៅក្នុងបន្ទប់ជួលជាន់ទី២ ស្រាប់តែផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យឆាបឆេះរលាកជើងទំាង២ត្រឹមភ្លៅចុះក្រោមនិងរឆេះរបស់របរក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣១ ខែកក្កដា នៅចំណុចផ្ទះជួលជាន់ទី២ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ តុន ស្រីណាក់ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅកន្លែងកើតហេតុ មានភូមិកំណើតនៅភូមិប្រប្រក ឃុំថ្វាយភ្លើង ស្រុកបារាយណ៍ខេត្តកំពង់ធំ ។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុបន្ទប់នាងស្នាក់នៅបន្ទប់ជួលជាន់ទី២ ខណៈពេលនាងកំពុងតែដាំបាយស្រាប់តែអស់ហ្គាសក៏បានប្តូរកំប៉ុងហ្គាសថ្មីស្រាប់តែធ្លាយហ្គាសចេញមកបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យរលាកជើងទាំងសងខាងត្រឹមចុះមកខាងក្រោម ភ្លាមៗនោះជនរងគ្រោះបានរត់ ចុះមកខាងក្រោមផ្ទះឲ្យអ្នកជិតខាងជួយពន្លត់ ។
អគ្គីភ័យខាងលើ ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យបាញ់អស់៩បំពង់នៅតែមិនទាន់រលត់ ទៀត ទើបសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងទៅដល់ប្រើប្រាស់ទឹកអស់មួយគ្រឿងបានរលត់ទៅវិញ ។
ប្រជាពលរដ្ឋពិសេសកម្មករកម្មការិនីរាប់រាយនាក់បានឈរចោមរោមមើលអគ្គីភ័យខាងលើ នេះ ដែលបណ្តាលឲ្យរងរបួសកម្មការិនីម្នាក់និងឆេះរបស់របរក្នុងបន្ទប់មាន ដូចជាខោអាវនិងសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ទាំងស្រុង តែមិនបានឆេះឆ្លងរាលដាលទៅដល់បន្ទប់ ផ្សេងទៀតទេ ។ ជនរងគ្រោះបានទៅព្យាបាលនៅក្លីនិចឯកជនមួយកន្លែដែលនៅជិតផ្ទះកើតហេតុ ៕
ថោង ធីម