ប្រជាពលរដ្ឋរស់នៅស្រុកអណ្តូងមាស ខេត្តរតនគិរី បានខ្សឹបឱ្យឮតាម “នគរធំ” ថា បទល្មើសដឹកជញ្ជូនឈើប្រណីតឆ្លងដែនចេញទៅកាន់ទឹកដីវៀតណាម តាមច្រករបៀងៗ សំខាន់ចំនួន៣ក្នុងស្រុកអណ្តូងមាស ហាក់មិន ស្រកស្រុតខ្លះសោះ ផ្ទុយទៅវិញ កាន់តែកក្រើក ឡើងខ្លាំង បន្ទាប់ពីក្រុមឈ្នួញ បានប្តូរយុទ្ធសាស្ត្រថ្មី លែងដឹកតាមរថយន្តយីឌុបធំៗ បែរជាមក ដឹកជញ្ជូនតាមម៉ូតូ និងរថយន្តកែច្នៃតូចៗវិញម្តង។
ប្រជាពលរដ្ឋស្រុកអណ្តូងមាស បានខ្សឹបឱ្យឮថា ការដឹកជញ្ជូនឈើប្រណីតសម្រុកចេញទៅប្រទេសវៀតណាម ត្រូវបានគេធ្វើឡើងតាម ច្រករបៀងសំខាន់ៗចំនួន៣ ក្នុងនោះ រួមមាន ទី១-ច្រករបៀងតាឡាវ ទី២-ច្រករបៀងអូរ- សាជី និងទី៣-ច្រករបៀងអូរពាមសៀវ។ ពី មុន ការដឹកជញ្ជូនឈើប្រណីត ពីខេត្តរតនគិរី ចេញទៅប្រទេសវៀតណាម ត្រូវគេធ្វើឡើងតាមមធ្យោបាយរថយន្តយីឌុបធំៗ មានទាំងមានច្បាប់ ទាំងអត់ច្បាប់ ហើយខ្លះមានច្បាប់ដែរតែបន្លំដាក់លើស ឬបន្លំប្រភេទឈើក៏មាន និងដឹកចេញតាមច្រកអន្តរជាតិអូរយ៉ាដាវ។
ប្រជាពលរដ្ឋ បានខ្សឹបបន្តថា ស្រាប់តែថ្មីៗនេះ ក្រុមឈ្មួញទុច្ចរិត បានចាប់ផ្តើមផ្លាស់ប្តូរនូវយុទ្ធសាស្ត្រថ្មី ដោយលែងដឹកជញ្ជូនតាមរថយន្តយីឌុបធំៗទៀតផង គឺប្តូរមកដឹកតាមម៉ូតូ តាមរថយន្តច្នៃតូចៗវិញម្តង និងដឹកចេញ បែងចែកតាមច្រករបៀងទាំង៣ខាងលើ ដើម្បីបំភ័ន ភ្នែកមហាជន ថាបទល្មើសឈើប្រណីត មានការថយចុះ ប៉ុន្តែតាមពិត ក្នុងមួយៗថ្ងៃ មានម៉ូតូរាប់រយម៉ូតូ និងដឹកជញ្ជូនរាប់រយជើង សឹងសឹកផ្លូវអស់ទៅហើយ ដែលសរុបទៅ ហាក់កាន់តែធ្ងន់ជាងដឹកតាមរថយន្តយីឌុបទៅទៀត និងមិនឃើញមានសមត្ថកិច្ចណាចុះបង្ក្រាបសោះ។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮទៀតថា សមត្ថកិច្ច ជំនាញ ដែលឈរជើងនៅតំបន់នោះ តែងតែ ទទួលនូវថ្លៃទឹកតែ ពីសកម្មភាពឈ្មួញដឹកឈើ ប្រមូលតាមម៉ូតូ និងរថយន្តកែច្នៃនៅតំបន់ញ៉ាង ហើយឈើមួយចំនួនធំទៀត ដឹកចេញពីតំបន់ ព្រៃ ក្នុងចំណុចភូមិមុយ ភូមិតាំងជិ ភូមិតាំងស៊េ និងមួយផ្នែកទៀត ដឹកជញ្ជូនចេញពីតំបន់ស្រុក តាវែង ឆ្លងកាត់ស្រុកអណ្តូងមាស តំបន់ញ៉ាង ដើម្បីដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម។ បទល្មើសឈើចេញតាមច្រកទាំងបីខាងលើនេះ គឺបានជាប់ពាក់ព័ន្ធជាមួយសមត្ថកិច្ចអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាយោធា នគរបាលព្រំដែន ទទួល យកសេវាពុករលួយនេះ ជាលក្ខណៈប្រព័ន្ធ ទើប ទាំងច្រករបៀង និងច្រកអន្តរជាតិអូរយ៉ាដាវ ឈើឆ្លងទៅប្រទេសវៀតណាមយ៉ាងរលូន។
ប្រជាពលរដ្ឋ បានខ្សឹបទៀតថា អាជ្ញាធរ ខេត្តរតនគិរី ក្នុងនាមជាសមាជិកគណៈកម្មការ ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ហាក់ពុំ បានយកចិត្តទុកដាក់អនុវត្តយន្តការបង្ក្រាបបទ- ល្មើសដឹកជញ្ជូនឈើខុសច្បាប់ក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រងនោះឡើយ ក្នុងនោះ ភាគ- ច្រើននៃក្រុមឈ្មួញចាំប្រមូលទិញឈើនាំទៅ ប្រទេសវៀតណាម ជាសមត្ថកិច្ច ជាមន្ត្រីរាជការ ក្នុងខេត្តមួយនេះទៀតផង ទើបធ្វើឱ្យកើតមាន វប្បធម៌ពុករលួយយ៉ាងខ្លាំងក្លានៅក្នុងខេត្តរតនគិរី ដែលបញ្ហានេះ គប្បីមានវិធានការណ៍ជាបន្ទាន់ ចៀសវាងក្រុមមន្ត្រីខិលខូច ចងប្រព័ន្ធរឹងមាំ ជាមួយនឹងក្រុមឈ្មួញទុច្ចរិត ធ្វើព្យុះភ្លៀងតាម អំពើចិត្ត។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបប្រាប់ ខាងលើនេះ “នគរធំ” មិនដឹងថាមានការពិត- កម្រិតណាទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺ ពីអាជ្ញាធរមូលដ្ឋានបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ