Tuesday, April 30, 2024
Homeតារាខ្មែរនី មុនីនាថ អតីតគូដណ្តឹងតបសារថា នឹងមកប្រមូលលុយយកធ្វើបុណ្យខ្លះ និងច្រូចទឹកឲ្យ

នី មុនីនាថ អតីតគូដណ្តឹងតបសារថា នឹងមកប្រមូលលុយយកធ្វើបុណ្យខ្លះ និងច្រូចទឹកឲ្យ

ខណៈដែលតារាទឹកភ្នែកនី មុនីនាថ ពន្យារពេលឡើងតុលាការ ហើយបានអះអាងថា ពុំបានគេចវេសរត់ទៅណានោះ ថ្មីៗនេះ នាងក៏បានប្រកាសឲ្យអតីតគូណ្ដឹងមកតទល់នៅស្រុកខ្មែរផងដែរ ហើយទំនងជាលោកអ៊ុង សូឡាង ឆេះដុំដែរ នៅថ្ងៃទី០៤ ខែធ្នូ នេះ លោកបានបង្ហោះសារវាយប្រហារលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមុនីនាថ ស្ទើរកកឈាម។

លោកអ៊ុង សូឡាង បានបង្ហោះសំណេរថា “បងនឹងទៅ កុំភ័យ អូនត្រៀមតែលុយដែលអូនបោកបងទៅនោះ ឲ្យគ្រប់ចំនួន ហើយរួមនឹងលុយជំងឺចិត្តដែលពៅមាស (ផ្កាមាស) ត្រូវបង់ឲ្យបង បន្ទាប់ពីចេញពីសាលដីកាពីតុលាការ បញ្ជាក់ថា អូនពិតជាបោកនឹងបំពានលើសេចក្ដីទុកចិត្ត។ ពេលនោះហើយ បងនឹងចុះទៅស្រុកខ្មែរដើម្បីប្រមូលលុយនោះយកទៅធ្វើបុណ្យខ្លះ។ ច្រូចទឹកឲ្យអូន សូមកុំឲ្យអូនអត់ឃ្លានមិនរើសមុខតទៅទៀតណា… ហាហា»។

ក្រោយពេលលោកសូឡាង បង្ហោះសារនេះមានអ្នកចែករំលែកបន្តជាច្រើន ហើយក៏មានអ្នកបញ្ចេញយោបល់គាំទ្រលោកសូឡាង​ ជាច្រើនផងដែរ ដែលភាគច្រើនបានទម្លាក់កំហុសលើនី មុនីនាថ ខណៈដែលអ្នកខ្លះលើកឡើងថា បើមុនីនាថ ឃើញសារនេះប្រាកដជាកកឈាមជាពុំខាន ត្បិតអីអតីតគូដណ្ដឹងរបស់នាងបានចាត់ទុកនាងថាជា «ផ្កាមាស» និងថាកុំឲ្យនាងអត់ឃ្លានមិនរើសមុខជាដើម។

គួរបញ្ជាក់ថា ក្រោយពេលមុនីនាថ ពន្យារពេលឡើងតុលាការកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក៏មានព័ត៌មានមួយចុះផ្សាយថា “នី មុនីនាថ ភ័យខ្លាំង បន្ទាប់ពីគ្មានលុយសងជំងឺចិត្តអតីតគូដណ្ដឹងនៅអាមេរិក រហូតគេចខ្លួនបាត់រហូតមិនព្រមចូលបំភ្លឺនៅតុលាការ”។ ក្រោយពេលព័ត៌មាននោះផ្សាយ មុនីនាថ ក៏បានបង្ហោះសំណេរលើហ្វេសប៊ុករបស់នាងដែលមានខ្លឹមសារថា “នាង​ខ្ញុំ​ នី​ មុនីនាថ​ សូម​បញ្ចាក់​ថា ​នាង​ខ្ញុំ​គ្មាន​គេច​ទៅ​ណា​ទេ ​នាង​ខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដដែល​ តែ​មាន​តែ​អតីត​គូដណ្ដឹង​របស់​នាង​ខ្ញុំ​ទេ​ ដែល​គាត់​មិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អញ្ជឹង​សូម​មេត្តា​ពិចារណា​ផង​ (បើបង​ពិត​ជា​ស្មោះត្រង់​ បង​មក​កម្ពុជា​ មក​ណា​ អូន​ចាំ​បង)”។

តាមដំណឹងថា បន្ទាប់ពីឃើញសាររបស់មុនីនាថ ប្រកាសឲ្យលោកសូឡាង មកកម្ពុជា ដើម្បីដោះស្រាយ ទើបលោកសូឡាង បង្ហោះសារវាយប្រហារ ដែលធ្វើឲ្យមុនីនាថ ស្ទើរកកឈាមបែបនេះ។ យ៉ាងណា ពាក់ព័ន្ធនឹងលោកសូឡាង បង្ហោះសារវាយប្រហារមុនីនាថ នេះមិនអាចទាក់ទងសុំការបកស្រាយពីនាងបានទេ។

គួរបញ្ជាក់ថា តាមការលើកឡើងពីលោកមេធាវីរបស់លោកសូឡាង ថា នៅថ្ងៃភ្ជាប់ពាក្យ គឺមុនីនាថ បានទាមទារឱ្យលោកសូឡាង នូវគ្រឿងអលង្ការ ដូចជា ខ្សែកពេជ្រ ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃចំនួន៣៧.០០០ (បីម៉ឺនប្រាំពីរពាន់) ដុល្លារអាមេរិក។

អំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ មុនីនាថ បានឱ្យអតីតគូដណ្ដឹងទិញដី និងរថយន្ត ពេលនោះដោយគិតថា មុនីនាថ ព្រមធ្វើជាភរិយាស្របច្បាប់របស់ខ្លួននៅថ្ងៃខាងមុខ ទើបលោកសូឡាង ផ្ញើប្រាក់តាមប្រព័ន្ធ Western Union របស់ធនាគារអេស៊ីលីដា ប្រហែលជាង២០០០០ (ពីរម៉ឺន) ដុល្លារអាមេរិក និងប្រព័ន្ធ Moneygram របស់ធនាគារកាណាឌីយ៉ា ប្រហែលជាង២០០០០ (ពីរម៉ឺន) ដុល្លារអាមេរិក ដើម្បីផ្ញើជូនមុនីនាថ  ទិញដី រថយន្ត និងប្រើប្រាស់ផ្ទាល់ខ្លួន។

លោកអ៊ុង​ សូឡាង បានប្ដឹងនី មុនីនាថ ដោយទាមទារ១២ម៉ឺនដុល្លារ រួមទាំងជំងឺចិត្តដែលនឹងត្រូវឡើងសវនាការនៅថ្ងៃទី២៩ ខែវិច្ឆិកា ២០១៧ ប៉ុន្តែត្រូវបានមុនីនាថ ពន្យាពេល ហើយក៏ផ្ទុះរឿងលោកសូឡាង ចេញសារវាយប្រហារនាងតែម្ដង ប៉ុន្តែមកទល់ពេលនេះ មិនទាន់ឃើញនាងចេញសារប្រតិកម្មនៅឡើយ៕

RELATED ARTICLES