Friday, September 20, 2024
Homeព័ត៌មានជាតិលោក​ខៀវ​ កាញា​រីទ្ធ ​ជាប់​ឆ្នោត​ ចូលរួម​ដាំ​ដើម​ឈើ​ប្រណីត​

លោក​ខៀវ​ កាញា​រីទ្ធ ​ជាប់​ឆ្នោត​ ចូលរួម​ដាំ​ដើម​ឈើ​ប្រណីត​

ខេត្តពោធិ៍សាត់ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនឹងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជាប់ឆ្នោត តាមរយៈ ហ្វេសប៊ុក ជ្រើសរើសចូលរួមក្នុងពិធីដាំកូនឈើ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលត្រូវបាន រៀបចំឡើងដោយវិទ្យុ ពៅជ សហកាជាមួយ អគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តពោធិ៍សាត់ និង បានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៦។

តាមរយៈការបោះឆ្នោតនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក លោកខៀវ កាញារីទ្ធ និងលោក សាយ សំអាល់ ត្រូវបានជាប់ និងអញ្ជើញទៅ ចូលរួមដាំកូនឈើជាមួយប្រជាពលរដ្ឋដែលជា ប្រិយមិត្តវិទ្យុ ABC ប្រមាណ៥ពាន់នាក់ នៅ តំបន់សហគមន៍ព្រៃឈើអន្សាក្តាម ស្ថិតក្នុងឃុំ ស្នាអន្សា ស្រុកក្រគរ។

លោកងី វីរៈ នាយកខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដាំកូនឈើនេះ បានធ្វើឡើងនៅលើផ្ទៃដីចំនួន១៦ហិកតារ មានកូនឈើចំនួនជាង១ម៉ឺនដើម ដែលជាប្រភេទ ឈើប្រណិត ដូចជា ធ្នង់ បេង នាងនួន គ្រញូង អង្កាញ់ ច្រេះស គគីរ កកោះ តាសេក ត្រា កណ្តឹង ដំរី និងស្តៅ។

លោកខៀវ កាញារីទ្ធ បានថ្លែងសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីស្ថាប័ន ពាក់ព័ន្ធនានា រួមនឹងសាធារណជន មកពីគ្រប់ទិសទី រួមក្នុងការដាំដើមឈើ ដែលនេះជាការ បញ្ជាក់ឱ្យឃើញពីមហាសាមគ្គីរបស់ប្រជាជន កម្ពុជា ក្នុងការដាំកូនឈើ ថែរក្សាព្រៃឈើ ក៏ដូចជាចូលរួមផ្សព្វផ្សាយព័ត៌មាន ឱ្យមនុស្សទូទៅ ស្រលាញ់ធម្មជាតិ និងបរិស្ថាន។

ចំណែកលោកសាយ សំអាល់ បានលើក ឡើងថា សកម្មភាពនេះ ជាការឆ្លុះបញ្ចាំងអំពី ការចូលរួម និងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទរបស់ប្រជាពលរដ្ឋ បង្កើនការស្រលាញ់ ធនធានធម្មជាតិ ព្រៃឈើ ជាពិសេសការដាំដើម ឈើ នៅតាមតំបន់នានា ដែលជាតំបន់ព្រៃរេចរឹល បំណងដើម្បីប្រែក្លាយតំបន់ទាំងនោះទៅ ជាតំបន់ដែលពោរពេញទៅដោយព្រៃឈើ សម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។ ឈើដែលដាំនៅពេលនេះ តិចតួច តែវានឹងផ្តល់ ផលសម្រាប់ប្រជាសហគមន៍នៅពេលអនាគត និងពួកគាត់អាចទាញយកអនុផលព្រៃឈើ ដើម្បីលើកកម្ពស់ជីវភាពពួកគាត់ឱ្យកាន់តែប្រសើរ ថែមទៀត។

ក្រោយបញ្ចប់សកម្មភាពដាំដើមឈើ ដើម្បីបរិស្ថានស្រស់បៃតង អ្នកចូលរួមទាំងអស់ បានបន្តដំណើរទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ ច្រកល្ហៀង ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ដែលតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ស្រស់ស្អាត និង ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាច្រើន ឱ្យទៅទស្សនាកម្សាន្តនៅទីនោះ”

 

 

RELATED ARTICLES