ភ្នំពេញ ៖ បុរស២នាក់ រស់នៅជិតិខាងគ្នា តែខ្វះការយោគយល់អធ្យាស្រ័យគ្នា ចង់ឈ្នះ ចាញ់រៀងៗខ្លួន ក៏កើតមានទំនាស់តឹងសរសៃកដាក់គ្នា គ្រាន់តែរឿងតភ្លើងកាត់មុខផ្ទះមិនបានប្រាប់ ក៏រករឿងឈ្លោះប្រកែករហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏វាយទៅលើគូទំនាស់ បណ្តាលឱ្យពកចិញ្ចើម និងបាក់ក្តោងច្រមុះរង របួសធ្ងន់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចច្រកជណ្តើរ លេខ ១៩៦អឺ១ ផ្លូវលេខ១៨២ ក្រុមទី២៤ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
ភាគីរងគ្រោះ មានឈ្មោះគឹម ប៊ុនឡុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិតពេទ្យធ្មេញឆ្នាំទី៣ មានលំនៅផ្ទះលេខ 196Eo ភូមិកើតហេតុខាងលើ រងរបួសពកលើចិញ្ចើមទាំងសងខាង និងរបួសក្តោងច្រមុះហូរឈាម។ ចំណែកជនដៃដល់មានឈ្មោះឡាច សុផល ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរលក់សំបកកង់រថយន្ត មានលំនៅផ្ទះលេខ 196E1 ភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ ផ្សារដេប៉ូទី១ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ជនដៃដល់បានតរាយខ្សែភ្លើងចេញពីប្រអប់ភ្លើងមុខផ្ទះ ដោយកាត់តាមសំយ៉ាបមុខផ្ទះជនរងគ្រោះ បន្ទាប់មកជនរងគ្រោះឃើញ ក៏បានប្រកាន់នឹងជនដៃដល់ថា មិនបានសុំខ្លួន ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសំដីតឹងសរសៃកដាក់គ្នា រហូតកើតជាការទំនាស់ប្រតប់ប្រតាយប្រតប់គ្នា បន្ទាប់មកជនដៃដល់បានប្រើដៃវាយទៅលើជនរងគ្រោះ បណ្តាលឱ្យមានរបួសពកលើចិញ្ចើមទាំងសងខាង និងពកខ្លាំងលើចិញ្ចើមស្តាំ ព្រមទាំងរបួសក្តោងច្រមុះមានហូរឈាមយ៉ាងខ្លាំងទៀតផង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិក លឹម តាំង។ ចំណែកជនដៃដល់ត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់ខ្លួនភ្លាមៗ។
បច្ចុប្បន្នជនដៃដល់ឈ្មោះឡាច សុផល កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការ តាមនិតិវិធី៕