ភ្នំពេញ ៖ មន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងរកស៊ីជួញដូរផ្លូវភេទ ដែលជ្រកក្រោមស្លាកយីហោម៉ាស្សានិងកោសជប់ មួយកន្លែង ឃាត់ខ្លួនបាននារីរងគ្រោះចំនួន៧នាក់ និងមេការប្រុសម្នាក់ និងភេទទីបីចំនួន៣នាក់ ក្នុងប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៦និ៣០នាទីព្រលប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅហាងមួយកន្លែងដែលមាន ស្លាកយីហោពេញចិត្ត ម៉ាស្សាផ្ទះលេខ៣០១ ភូមិ១ ក្រុម១ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ស្រ្តីរងគ្រោះដែលឃាត់ខ្លួន មានឈ្មោះ ទី១.ឈ្មោះ ផាង សុភី អាយុ២២ឆ្នាំ ទី២. ឈ្មោះ ឃី ស្រីពៅ អាយុ៣៣ឆ្នាំ ទី៣.ឈ្មោះ សុង ពិសិដ្ឋ ភេទទីបី អាយុ២៤ឆ្នាំ ទី៤.ឈ្មោះ ម៉ាន រតនា ភេទទីបី អយុ២៧ឆ្នាំ ទី៥.ឈ្មោះ តូច វទ្ធី ភេទទីបី អាយុ២៥ឆ្នាំ ទី៦.ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ និងទី៧. ឈ្មោះ ហុង ម៉េងហួរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាមេការគ្រប់គ្រងស្រ្តីខាងលើ។
បើយោងតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា មុននិងឈានទៅដល់ការចុះបង្ក្រាបទីតាំងខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរាជធានីភ្នំពេញ ដឹកនាំដោយលោកវីរសនីយ៍ឯក ចាន់ គត្តិខុម ស្នងការរងរាជធានីភ្នំពេញ ដោយមានការអនុញាតិពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកផាន ពិសិដ្ឋ ក្រឡាបញ្ជី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះឆែកឆេរ ផ្ទះម៉ាស្សា យីហោពេញចិត្ត ផ្ទះលេខ៣០១E0 ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានលួចលាក់រកស៊ីផ្លូវភេទ ហើយបានឃាត់ខ្លួនមនុស្សចំនួន៧ ក្នុងមានមេការប្រុសម្នាក់ ព្រមទាំងនារីរងគ្រោះចំនួន៦នាក់ រួមទាំងភេទទីបី ចំនួន៣នាក់ ព្រមទាំងដកហូតស្រោមអនាម័យ ដែល ប្រើប្រាស់ហើយមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន។
បន្ទាប់ពីឃាត់ខ្លួនបានរួចហើយ ស្រ្តីរងគ្រោះ ព្រមទាំងមេការ និងវត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការរាជធានីភ្នំពេញ ។ ចំណែកផ្ទះម៉ាស្សាខាងលើត្រូវបានសមត្ថកិច្ចបិទទ្វារជាបណ្តោះអាសន្នសិន ៕