ខេត្តកំពង់ឆ្នាំង ៖ សិស្សថ្នាក់ទី១២មួយក្រុម បានព្រួតគ្នាវាយសិស្សថ្នាក់ទី១១ បង្កឱ្យមានការភ្ញាក់ផ្អើលពេញវិទ្យាល័យព្រះបាទសុរាម្រិត ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១១ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បណ្តាលឱ្យសិស្សថ្នាក់ទី១១ម្នាក់ រងបួស ហើយប៉ូលិសបានចុះទៅអន្តរាគមន៍ភ្លាមៗ ដោយធ្វើការឃាត់ខ្លួនជនបង្កបានចំនួន២នាក់ នាំកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវសិស្សរងគ្រោះ និងយុវសិស្សបង្កហេតុសុទ្ធតែជាអ្នករៀននៅក្នុងសាលាជាមួយគ្នា ប៉ុន្តែពួកគេទាំង២ភាគីមិនត្រូវគ្នាឡើយ ដោយចេះតែបោះពាក្យសម្តីឱ្យគ្នាទៅវិញ ព្រោះជនរងគ្រោះក៏ជាក្រុមបងតូចបងធំ នៅក្នុងសាលាដែរ ដែលជាហេតុធ្វើឱ្យពួកគេមានគំនុំលាក់ទុកនៅក្នុងចិត្ត។
ប្រភពបន្តថា មុនពេលកើតហេតុ ពួកគេទាំង២ភាគី បានទាស់សម្តីជាមួយគ្នាម្តងទៀត ធ្វើឱ្យជនបង្កផ្ទុះកំហឹងទ្រាំមិនបាន ឈានដល់ការប្រើអំពើហិង្សា ព្រួតវាយជនរងគ្រោះ បណ្តាលឱ្យរងរបួស និងបង្កការភ្ញាក់ផ្អើលពេញក្នុងសាលាតែម្តង។ ភ្លាមៗនោះ លោកគ្រូអ្នកគ្រូទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចសុំអន្តរាគមន៍ចុះមកចាប់ឃាត់ខ្លួនជនដៃដល់នាំទៅធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕