បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រតិកម្មវាយបកលើសំណេរក្នុងហ្វេសប៊ុក របស់ជនជាតិវៀតណាមម្នាក់ ដែលសរសេរថា “លោកហ៊ុន សែន ក្បត់វៀតណាម” ក៏មានការគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសចាប់អារម្មណ៍នឹង ប្រសាសន៍សម្តេច ថា “វៀតណាម មិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ”។ ពាក់ព័ន្ធនឹងប្រតិកម្មនេះ ក៏មានអ្នកនយោបាយគណបក្សតូចៗមួយចំនួនលើកឡើងថា “មិនទាន់ជឿជាក់ទេ បើមិនទាន់ឃើញការអនុវត្ត” ហាក់ស្រប នឹងសុភាសិតសាកលថា “ឃើញគឺជឿ” (Seeing is believing) ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
“ឃើញគឺជឿ” ជាសុភាសិតមានន័យត្រង់ភ្លឹង មិនពិបាកពិចារណានោះទេ សំដៅដល់ភ្នែកដែលមើលឃើញអ្វីជាក់ស្តែង ដូចជាឃើញចោរបាញ់ប្លន់ម៉ូតូ ឃើញរថយន្តជនស្រវឹងបើកបុកមនុស្សនៅនឹងមុខ ក៏ជឿអស់សង្ស័យ។ ផ្ទុយទៅវិញ បើត្រឹម តែឮគេថា អាចជឿបានតែ៨០%ប៉ុណ្ណោះ ជួនកាលករណីខ្លះទៀតមិនជឿសោះ ព្រោះភ្នែកមើលមិនឃើញ។ យ៉ាងណាមិញ ករណីប្រធានគណបក្សតូចៗមួយចំនួន មិនទាន់ជឿប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងវៀតណាម នោះ គឺមកពី អស់លោកទាំងនោះមិនទាន់ឃើញសកម្មភាពជាក់ស្តែង ដោយហេតុថា តាំងពីឆ្នាំ១៩៧៩មក ពួកប្រឆាំង បានចោទ មេដឹកនាំគណបក្សប្រជាជនកម្ពុជាថា ជា “អាយ៉ងយួន”។ ឥឡូវ ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញគោលជំហររួចហើយថា កម្ពុជា-វៀតណាម គ្រាន់តែជាមិត្តភូមិផងរបងជាមួយ មានសិទ្ធិស្មើគ្នា គោរពអធិបតេយ្យទៅវិញទៅមក ហើយវៀតណាម មិនមែនជាចៅហ្វាយខ្មែរទេ ប៉ុន្តែ ដោយសារគេមិនទាន់ឃើញការអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យដល់កម្រិត ទើបគេមិនទាន់ ជឿទាំងស្រុង។
ចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលរាជរដ្ឋាភិបាលបានធ្វើរាល់ថ្ងៃនេះ បក្សប្រឆាំង បានរិះគន់ថា “ធ្វើឱ្យតែល្អ មើល ឬដូចវែកចកក្នុងបឹង” ខណៈដែលជនជាតិវៀតណាម ចេញចូលស្រុកខ្មែរតាមចិត្ត ដែលមួយចំនួនហ៊ានទាំងបើកម៉ូតូ ពាក់ស្លាកលេខវៀតណាម ដើរលក់តង់កៅស៊ូ ដល់ខេត្តកំពង់ស្ពឺ។ “នគរធំ” មានទស្សនៈថា បើអនុវត្តច្បាប់អន្តោប្រវេសន៍ ធ្ងន់ដៃពេក អាចធ្វើឱ្យរង្គោះរង្គើដល់មិត្តភាពកម្ពុជា-វៀតណាម ប៉ុន្តែ បើសមត្ថកិច្ចឆ្មាំព្រំដែនបើកឱ្យចូល ឯសមត្ថកិច្ចមូលដ្ឋាន ជាអ្នកចាប់បណ្តេញទៅវិញនោះ មិនបានលទ្ធផលអ្វីទេ។
សូមរំព្ញកថា ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ របបលន់ នល់ បានចាប់បញ្ជូនជនជាតិវៀតណាម រាប់ពាន់នាក់ដាក់កប៉ាល់ ចុះតាមទន្លេមេគង្គ បញ្ជូនទៅស្រុកវិញ ដោយវិធីក្តៅ។ ពួកសាធារណរដ្ឋខ្មែរ បានចោទប្រកាន់ជនជាតិវៀតណាមទាំងនោះ ថា ជាដង្កូវស៊ីរូងផ្ទៃក្នុង ជាចារកម្មវៀតកុង វៀតណាមខាងជើង ប៉ុន្តែ ការបណ្តេញជនជាតិវៀតណាមជំនាន់នោះ ត្រូវបាន រដ្ឋការក្រុងព្រៃនគរ (ធីវ-គី) ទទួលយក សម្គាល់ថាជាពលរដ្ឋរបស់គេ។ ចូលដល់ឆ្នាំ១៩៧៤ ខណៈដែលដីរំដោះប្រមាណ ៩០% គ្រប់គ្រងដោយរណសិរ្សរួបរួមជាតិកម្ពុជា ប៉ុន្តែ ខ្មែរក្រហម ក្តាប់កម្លាំងទ័ពណែនដៃនោះ ក៏មានការដេញជនជាតិ វៀតណាម ជាទ្រង់ទ្រាយធំតែម្តង។ ជំនាន់នោះ កងទ័ពវៀតកុង ដែលចូលមកបោះជំរំក្នុងទឹកដីខ្មែរ ខ្លះបោះទីតាំងក្នុងរូងភ្នំ ត្រូវអង្គការស្នើឱ្យចេញពីកម្ពុជាទាំងអស់។ ភូមិ-ឃុំណាដែលពួកវៀតកុង ក្រាញមិនព្រមចេញ ខ្មែរក្រហមបានបំផុសប្រជា- ពលរដ្ឋខ្មែរឱ្យឡោមព័ទ្ធ ដោយប្រើធ្នូ ស្នា ត្រដោក ដាក់វេនគ្នាយាម មិនឱ្យមានការផ្គត់ផ្គង់ស្បៀង។ ពេលរងការគាបសង្កត់ ខ្លាំង ទាហានវៀតកុង ទ្រាំមិនបាន ក៏ដកថយចេញពីស្រុកខ្មែរទាំងអស់ ដោយកន្លែងខ្លះមានការកប់អាវុធទុកទៀតផង។
ដូច្នេះយើងឃើញថា ការអនុវត្តច្បាប់អន្តោប្រវេសន៍នៅសម័យលន់ នល់ និងប៉ុល ពត ធ្វើដោយវិធីក្តៅ សូម្បីអាណិកជន វៀតណាម ដែលមករស់នៅកម្ពុជា តាំងពីសម័យសង្គមរាស្ត្រនិយម ចេះនិយាយខ្មែរស្ទាត់ ក៏រងការបណ្តេញគ្មានសល់ម្នាក់។ ក្រោយឆ្នាំ១៩៧៩ ជនជាតិវៀតណាម ដែលធ្លាប់រស់នៅស្រុកខ្មែរពីមុន ក៏ដូចអ្នកថ្មី បានពកូនជញ្ជូនចៅចូលមកតាំងលំនៅ តាមភូមិ-ឃុំ ជាពិសេសតាមដងទន្លេសាប បង្កើតជាភូមិវៀតណាម សង់ផ្ទះបណ្តែតទឹក ខ្លះកាន់អត្តសញ្ញាណប័ណ្ណខ្មែរទៀត ផង។ ជារឿងពិបាកបំផុតក្នុងការដេញអាណិកជនទាំងនោះ ដោយសារមិត្តភាព ជាពិសេសក៏មានជនជាតិវៀតណាម ខ្លះ ហ៊ាននិយាយថា “វៀតណាម មានគុណលើខ្មែរ ព្រោះបានជួយរំដោះខ្មែរ ឱ្យរួចពីគ្រោះប្រល័យពូជសាសន៍”។
ជាក់ស្តែងថ្មីៗនេះ ជនជាតិវៀតណាមម្នាក់ បានសរសេរក្នុងហ្វេសប៊ុកសម្តេចហ៊ុន សែន ថា “លោកហ៊ុន សែន ក្បត់ វៀតណាម” សំណេរនេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា វាយបកវិញភ្លាមៗថា “ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំ ក្បត់វៀតណាម? តើវៀតណាម ជាឪពុកខ្ញុំឬ ជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែរ របស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជា ជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាម រស់នៅកម្ពុជាស្របច្បាប់ ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅ មិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាម សុំស្រឡាញ់មេដឹកនាំវៀតណាម ទៅ។ ខ្ញុំជាមេដឹកនាំកម្ពុជា ដែលមានឯករាជ្យ អធិបតេយ្យភាព ដែលត្រូវទំនាក់ទំនងជាមួយមេដឹកនាំវៀតណាម ដោយស្មើភាព និងស្មើសិទ្ធិ។ សុំលោក បញ្ជូនសារនេះជូនមេដឹកនាំវៀតណាម ផង បើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំ វៀតណាម តែងគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាម៉ីអាថោងដូចលោកនេះឯង”។ សំណេរបញ្ជាក់នេះ ធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនគ្រប់មជ្ឈដ្ឋាន ប៉ុន្តែ បក្សប្រឆាំង ក៏ដូចបក្សតូចៗមួយចំនួន លើកឡើងថា “លុះត្រាតែ រដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ខ្លាំង ទើបជឿ”។ រឿងធ្វើខ្លាំងនោះ អាចថា គេចង់ឱ្យធ្វើដូចរបបប៉ុល ពត និងរបបលន់ នល់ ដែលប្រើធម៌ក្តៅតែម្តង ដែលជាលទ្ធផល បានត្រឹមផ្ទុះសង្គ្រាមតែប៉ុណ្ណោះ។ គ្មានអ្នកប្រវត្តិសាស្ត្រណាអាច បំភ្លេចបានឡើយ នូវការធ្វើសង្គ្រាមរបស់ទាហានលន់ នល់ ប្រឆាំងវៀតកុង វៀតណាមខាងជើង ហើយក៏មិនដែលភ្លេចពី រឿងកងទ័ពប៉ុល ពត វាយលុកចូលប្រទេសវៀតណាម បានជាង១០គីឡូម៉ែត្រ នៅខេត្តភាគខាងត្បូង កាលពីឆ្នាំ១៩៧៧ នោះដែរ បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទាំងសងខាង។
ដូច្នេះ បើរាជរដ្ឋាភិបាលសម្តេចហ៊ុន សែន ប្រើធម៌ក្តៅបែបនេះ បានត្រឹមនាំផលវិបាកដល់ប្រជារាស្ត្រតែប៉ុណ្ណោះ ប៉ុន្តែ បើធូររលុងពេក ដោយមានជនអន្តោប្រវេសន៍ខុសច្បាប់ ចេញចូលដោយសេរីនោះក៏មិនល្អដែរ។ ករណីសម្តេច បញ្ចោញ ប្រតិកម្មថា “វៀតណាម មិនមែនចៅហ្វាយខ្ញុំ” នោះ យើងអាចវាស់ស្ទង់ដឹងថា ធម្មតាអ្នកដឹកនាំខ្មែរ តាំងពីបុរាណព្រេងនាយមក មិនដែលរណបគេបានយូរទេ។ ជាក់ស្តែង ព្រះចន្ទរាជា និងព្រះស្រីសុរិយោពណ៌ ធ្លាប់ភៀសសឹកទៅគង់នៅក្រុង អយុធ្យា ប្រទេសសៀម ជាច្រើនឆ្នាំ លុះព្រះអង្គបានឡើងសោយរាជ្យ ស្រាប់តែស្តេចសៀម ទាមទារគុណបំណាច់ កាត់យក ទឹកដីខេត្តខ្លះ និងតម្រូវឱ្យស្តេចខ្មែរ នាំសួយសារអាករទៅថ្វាយរាល់ឆ្នាំ ធ្វើឱ្យព្រះមហាក្សត្រខ្មែរ រើបម្រះការពារអធិបតេយ្យ បូរណភាពទឹកដីខ្មែរ។ ដោយឡែក ព្រះអង្គនន់ ធ្លាប់បាននាំព្រះរាជវង្សានុវង្ស ភៀសទៅគង់នៅស្រុកយួន ខណៈដែលកងទ័ព សៀម វាយលុកឈ្លានពានកម្ពុជា។ ក្រោយមក ព្រះអង្គនន់ បានឡើងសោយរាជ្យនៅក្រុងឧដុង្គមានជ័យ ក៏ត្រូវស្តេចយួន អណ្ណាម ទារគុណបំណាច់ ប៉ុន្តែ ព្រះអង្គចាំបាច់ត្រូវតែបម្រះ មិនព្រមចំណុះយួនតទៅទៀត ដោយត្រាស់បង្គាប់ឱ្យជាងសិត កាំភ្លើងបញ្ចរង្គកិនរំសេវ កាប់ឈើធ្វើបន្ទាយនៅភ្នំពេញ និងមុខកំពូល ត្រៀមទប់ទល់នឹងកងទ័ពយួន នេះបើយោងតាម ឯកសារប្រវត្តិសាស្ត្រខ្មែរ។ ចំណែកពួកមេដឹកនាំខ្មែរក្រហមមួយចំនួន ធ្លាប់សហការជាមួយពួកវៀតកុង វៀតណាមខាងជើង ដេកក្នុងលេណដ្ឋានជាមួយគ្នា តែជាចុងក្រោយ មេខ្មែរក្រហម ងើបច្រូងប្រឆាំងវៀតណាម ដែលចង់ដាក់កម្ពុជាក្នុង “សហព័ន្ធឥណ្ឌូចិន”។
ការលើកឡើងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយត្រួសៗនេះ បង្ហាញថា មេដឹកនាំខ្មែរ មិនដែលរណបប្រទេសជិតខាង នោះទេ បើជំពាក់បាយ សងបាយ ជំពាក់ប្រាក់ សងប្រាក់ ពុំមែនជំពាក់បាយ ឬប្រាក់ កាត់ដីសងគេនោះឡើយ។ សកម្មភាព នេះ ប្រជារាស្ត្រ “មើលឃើញ ក៏ជឿអស់សង្ស័យ” ព្រោះធ្លាប់ឆ្លងកាត់ រត់លូនក្នុងសង្គ្រាមឆ្អែតឆ្អន់។
សរុបទៅ “ឃើញគឺជឿ” (Seeing is believing) មានន័យយ៉ាងនេះឯង សំដៅដល់បក្សប្រឆាំង មិនទាន់ជឿប្រតិកម្ម របស់សម្តេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធដល់បញ្ហាវៀតណាម។ អ្នកប្រឆាំងកំពុងតាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ឱ្យមាន ប្រសិទ្ធភាព ដូច្នេះ បើរាជរដ្ឋាភិបាល ធ្វើស្រាលដៃដូចវែកចក ធ្វើឱ្យអ្នកតាមដាន “មិនជឿ” ប៉ុន្តែ បើធ្វើធ្ងន់ដៃដូចរបបលន់ នល់ ប៉ុល ពត ឱ្យឃើញជាក់ស្តែង “គឺជឿ”។ ទោះយ៉ាងណា សុភាសិតខ្មែរថា “ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ” គួរយកទៅ ពិចារណាផង ដើម្បីទប់ស្កាត់កុំឱ្យមានអរិភាពជាមួយប្រទេសជាប់របងគ្នានេះ ព្រោះមេរៀនប្រវត្តិសាស្ត្រនៃការកើតសង្គ្រាម មិនទាន់រលុបទេ៕
ដោយ ៖ អាចារ្យថាំ