Monday, November 25, 2024
Homeសន្ដិសុខសង្គមឌុបប្រពន្ធមកពីធ្វើការ ជនដៃដល់ស្ទាក់វាយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ !

ឌុបប្រពន្ធមកពីធ្វើការ ជនដៃដល់ស្ទាក់វាយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ !

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់រងរបួសធ្ងន់ធ្ងរ ចំណែកស្រ្តីម្នាក់ទៀតមិនមានរងរបួស បន្ទាប់ជិះម៉ូតូឌុបគ្នាចេញពីកន្លែងធ្វើការ ត្រូវបានជនដៃដល់មួយក្រុមមានគ្នា៦នាក់ បើកម៉ូតូ៣គ្រឿង ប្រដាប់ដោយដំបងឈើ ដេញស្ទាក់វាយ កាលពីវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះដែលរបួសរហូតស្លាប់បាត់បង់ជីវិតនោះ ឈ្មោះនួន សូរិយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកំពង់ត្របែកខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះរបួសធ្ងន់ ឈ្មោះងួន សុវណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀន នៅអនុវិទ្យាល័យសាមគ្គី ភូមិចំការចេក ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានស្រុកកំណើតភូមិកសិករ ឃុំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ទំនេរឆ្លៀតមកលេង ស្នាក់នៅជាមួយប្រពន្ធឈ្មោះនួន សេងលី អាយុ២៧ឆ្នាំ បុគ្គលិករត់តុហាង ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។

តាមសម្តីជនរងគ្រោះ ឈ្មោះងួន សុវណ្ណៈ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនរួមជាមួយមិត្តភក្តិ ផ្ទះជួលជាប់គ្នា ឈ្មោះនួន សូរិយ៉ា (ស្លាប់) និងមិត្តភក្តិម្នាក់ទៀត សរុបគ្នា៣នាក់ ផឹកស៊ីនៅផ្ទះជួល រហូតដល់វេលាម៉ោង១១យប់ ទើបចែកផ្លូវគ្នា ហើយខ្លួន២នាក់ជនរងគ្រោះនួន សូរិយ៉ា បានបើកម៉ូតូ ឌុបគ្នាទៅហូបបបរសនៅផ្សារដើមគ លុះដល់វេលាម៉ោង១២អធ្រាត្រ វិលមកវិញ ក៏ឈៀងចូលយកប្រពន្ធ ដែលបញ្ចប់ម៉ោងការងារនៅហាង បើកឌុបគ្នាទាំង៣នាក់ កាត់តាមផ្លូវទួលពង្រ លុះមកដល់ស្ពាន ក៏ជួបជនសង្ស័យមួយក្រុមមានគ្នា៦នាក់ បើកម៉ូតូ៣គ្រឿង នឹងបានគប់ដបទឹកសុទ្ធមកលើពួកខ្លួន  ឃើញដូច្នោះ ជនរងគ្រោះក៏សួរថា ហេតុអ្វីបានមករករឿងគប់ខ្ញុំទៅវិញ ថាហើយ ក្រុមជនសង្ស័យបើកម៉ូតូប្រដេញតាម រហូតដល់មុខផ្ទះជួល ក្បែររោងទឹកត្នោតជូរ ឈប់ម៉ូតូហៅឪពុកម្តាយ ឲ្យបើកទ្វារ ស្រាប់តែត្រូវក្រុមជនសង្ស័យប្រដាប់ដោយដំបងឈើ ចុះមកវាយសំពង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ហើយស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកប្រពន្ធមិនមានរងរបួសទេ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យរួច សាកសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកជនរងគ្រោះម្នាក់ទៀត ត្រូវបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យជួយស្រាវជ្រាវ ។

តាមនគរបាលបានឲ្យដឹងថា ក្រុមជនដៃដល់ទាំង៦នាក់ ក្រោយពីធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ ហើយរត់គេចខ្លួនបាត់អស់ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនក្រុមជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់ ៕

 

RELATED ARTICLES