ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងត្រូវបានគេសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើង បណ្តាលឱ្យម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធរលាកយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទីតាំងលក់ហ្គាសមួយកន្លែង ក្បែរផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ប្តីប្រពន្ធជនរងគ្រោះប្រកបរបរលក់ហ្គាស និងស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីក្នុងផ្ទះលក់ហ្គាសខាងលើ ហើយភ្លាមនោះ ក៏ឃើញម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធបានរត់ចេញមកក្រៅស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ ប៉ុន្តែពេលនោះ ភ្លើងបានចាប់ផ្តើមឆេះពេញបន្ទុកទៅហើយ។ ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធ និងជាម្ចាស់ផ្ទះកើតហេតុ ទំនងជានឹកស្តាយទ្រព្យសម្បត្តិនៅក្នុងផ្ទះមិនទាន់ជញ្ជូនចេញ បានក៏នាំគ្នាចូលទៅយក ទើបបណ្តាលឱ្យភ្លើងឆេះរលាករងរបួសធ្ងន់ទាំង២នាក់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ និងបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ភ្លាមៗដែរ តែទម្រាំភ្លើងរលត់ទៅវិញ ត្រូវចំណាយពេលអស់ជិត១ម៉ោង រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល អគ្គិភ័យខាងលើបានរលត់ទៅវិញទាំងស្រុង បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៦គ្រឿង។ ដោយឡែកតាមការប៉ាន់ប្រមាណរបស់ម្ចាស់ផ្ទះកើតហេតុខាងលើ ទំហំនៃការខូចខាតដោយសារគ្រោះអគ្គិភ័យមួយនេះ គឺអស់ដល់រាប់ម៉ឺនដុល្លារឯណោះ។
តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច អគ្គិភ័យនេះអាចបង្កឡើងដោយសារឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ព្រោះថា ទីតាំងកើតហេតុខាងលើ មានបណ្តុំទៅដោយខ្សែភ្លើងតូចៗជាច្រើនផងដែរ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ សម្រាប់មូលហេតុពិតប្រាកដសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
បើទោះបីអគ្គិភ័យខាងលើបានរលត់ទៅហើយក្តី ប៉ុន្តែលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដែលបានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ដោយផ្ទាល់ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចជំនាញទុករថយន្តពន្លត់អគ្គិភ័យ១គ្រឿង ដើម្បីឱ្យនៅប្រចាំការនៅកន្លែងកើតហេតុ ខ្លាចក្រែងមានភ្លើងឆេះម្តងទៀត ព្រោះថានៅតំបន់នោះនៅមានធុំក្លិនហ្គាសនៅឡើយ។
យ៉ាងណាក្តី លោកអភិបាលក្រុងប៉ោយប៉ែត បានថ្លែងបញ្ជាក់ថា ចាប់ពីស្អែកទៅ អាជីកម្មលក់ប្រេងឥន្ធនៈ និងឧស្ម័នគ្មានច្បាប់ នឹងត្រូវលុបបំបាត់ ព្រោះនៅពេលមានអគ្គីភ័យកើតឡើងរាលដាលដល់ផ្ទះអ្នកជិតខាង ម្ចាស់អាជីវកម្មទាំងនោះគ្មានលុយសង និងតែងតែគេចខ្លួន។ ជាមួយនេះលោកអភិបាលនឹងមានវិធានការលប់បំបាត់ការលក់សាំងដប កន្លែងបញ្ចូលហ្គាសគ្មានស្តង់ដា និងអត់ច្បាប់ទាំងឡាយ ដែលមានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ផងដែរ៕