Friday, January 24, 2025
Homeសន្ដិសុខសង្គមខឹងប្រពន្ធសុំលែង ដកកាំភ្លើងបាញ់គំរាមសម្លាប់

ខឹងប្រពន្ធសុំលែង ដកកាំភ្លើងបាញ់គំរាមសម្លាប់

ភ្នំពេញ ៖ កំម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយនគរបាល៥ប៉ុស្តិ៍បានឃាត់ខ្លួនបុរសម្នាក់ជាកងកម្លាំងអន្តរាមគន៍ពិសេស នៃស្នងការដ្ឋានរាជធានីភ្នំពេញបន្ទាប់ពីខឹងប្រពន្ធសុំលែង ដកកាំភ្លើងបាញ់គំរាមសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះល្វែងបុរីលឹមឈាងហាក់ សង្កាត់ចោមចៅ២ខណ្ឌ ពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានសហការជាមួយប៉ុស្តិ៍នគរបាលចោមចៅ២ ចោមចៅ៣ ប៉ុស្តិ៍កន្ទោក និងភ្លើងឆេះរទេះ សរុប៥ប៉ុស្តិ៍បានចូលសហការជាមួយអន្តរាគមន៍ខណ្ឌពោធិសែនជ័យ។

យោងតាមសម្តីប្អូនស្រីជនរងគ្រោះបានអោយដឹងថា ជនបង្កជាមន្រ្តីនគរបាលអន្តរាគមន៍ពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជនរងគ្រោះជាប្តីប្រពន្ធ មានឈ្មោះខួច អាយុជាង២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានកូន២នាក់ ដោយសារតែប្តីប្រចណ្ឌខ្លាំងពេក ទើបប្រពន្ធទ្រាំលែងបានក៏បានទៅប្តឹងលែងលះប្រមាណជា៥ខែមកហើយ តែជនបង្កនៅតែមករករឿងមិនព្រមលែងលះ ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះនិងម្តាយ ព្រមទាំងបងប្អូន បានអង្គុយផឹកស៊ីនៅមុខផ្ទះ ដើម្បីអបអរសាទរថ្ងៃបុណ្យឆ្លងឆ្នាំសាកល ស្រាប់តែជនបង្កជិះម៉ូតូម៉ាក YAHAMA ស៊ីរ៉ូស ពណ៍ខ្មៅ ពាក់ស្លាកលេខ នប.១១២06 មកដល់បានដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុរត់ចូលផ្ទះអស់ ហើយជនបង្កបានបាញ់មួយគ្រាប់ទៀតគំរាមសម្លាប់ប្រពន្ធ ទើបប្រពន្ធជនបង្កបានទូរស័ព្ទហៅសមត្ថកិច្ចមកដល់ រួមមានកម្លាំងនគរបាលប៉ុស្តិ៍ចំនួន៥ មកជួយអន្តរាគមន៍ជិតមួយម៉ោង ជនបង្កបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចតាមសម្រួលនាំយកទៅជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាម ផ្លូវច្បាប់ ៕

RELATED ARTICLES