សុភាសិតបារាំងថា “ច្បាប់តឹងតែង ប៉ុន្តែនេះគឺជាច្បាប់” La loi est dure mais c’est la loi” មានខ្លឹមសារផ្តោត ជាសំខាន់ទៅលើច្បាប់ សម្រាប់ប្រទេសនីមួយៗ ដែលចងក្រងឡើង ស្របតាមការចង់បានរបស់អ្នកដឹកនាំប្រទេស។ ធម្មតា ច្បាប់ “មានតឹង មានធូរ” ប៉ុន្តែ ទោះជាច្បាប់ប្រភេទណាក់វាជាច្បាប់ដូចគ្នា ចាំបាច់ត្រូវតែគោរព ដូចករណីអតីតមន្ត្រីបក្ស ប្រឆាំង ចោទប្រកាន់ថា “ច្បាប់ស្តីពីគណបក្សនយោបាយ” តឹងតែងហួសហេតុ ប៉ុន្តែ ចៀសអនុវត្តមិនរួច ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ឆ្នាំ២០១៧ បានឆ្លងផុតទៅហើយ ជាឆ្នាំដែលកម្ពុជា បានបង្កើតច្បាប់ប្លែកៗ មិនធ្លាប់ជួបប្រទះពីមុនមក។ ធម្មតា “ច្បាប់កើតពីមនុស្ស ឯមនុស្សនៅក្រោមក្រឹត្យក្រមធម្មជាតិ” បើធម្មជាតិតម្រូវឱ្យមានការបែងចែកនិន្នាការនយោបាយ ការ បង្កើតច្បាប់ក៏ស្រេចតែមនុស្សដែលមាននិន្នាការនោះ សរសេរចងក្រងឡើង សម្រាប់ឱ្យមនុស្សក្នុងប្រទេសគោរពប្រតិបត្តិ។ “វិន័យសិក្ខាបទ ២២៧” ក្នុងព្រះពុទ្ធសាសនា ក៏ចាត់ទុកជាច្បាប់មួយដែរ បើព្រះសង្ឃមិនគោរពប្រតិបត្តិ នឹងមានកំហុសចំពោះ សាសនា ហៅថា “អាបត្តិ” ប៉ុន្តែ ច្បាប់សាសនា មិនតម្រូវឱ្យដាក់គុកច្រវាក់ព្រះសង្ឃត្រូវអាបត្តិនោះឡើយ ទោះមានកំហុស ធ្ងន់ដល់ “បារាជិក” ក៏ត្រឹមតែចាប់ផ្សឹកតែប៉ុណ្ណោះ។
កាលពីសម័យសង្គមរាស្ត្រនិយម ក៏មាន “រដ្ឋធម្មនុញ្ញ” ដែលជាច្បាប់គោលរបស់ប្រទេស សម្រាប់គោរព ប៉ុន្តែ ច្បាប់ ជំនាន់នោះមិនតឹងតែងពេកទេ ឯអំពើអនាធិបតេយ្យ ចោរកម្ម ជាដើម មិនសូវមានទេ ដោយហេតុថា “ប៉ូលិសតិច ចោរតិច” ផ្ទុយពីពាក្យរិះគន់សព្វថ្ងៃថា “ប៉ូលិសច្រើន ចោរច្រើន”។ ចូលមកដល់សម័យលន់ នល់ ច្បាប់រដ្ឋធម្មនុញ្ញ ដែលចងក្រងជាថ្មី តាម “របបសាធារណរដ្ឋ” ក៏ធូរស្រាលដែរ រហូតដល់លោកប៊ុណ្ណ ច័ន្ទម៉ុល អតីតអ្នកទោសគុកកោះត្រឡាច និងក្លាយជាឧត្តម ទីប្រឹក្សារបស់លោកសេនាប្រមុខលន់ នល់ បានសរសេរនៅក្នុងសៀវភៅ “ចរិតខ្មែរ” មានន័យរិះគន់ច្បាប់ថា “ហាមបិទ តែមួយភ្លែត បើកវិញ រោងកុនក៏ដោយ រង្គសាលក៏ដោយ ដូចជាខ្យល់ឋិតនៅតែលើក្រដាសសោះតែម្តង ហាមអ្វីគ្មានប្រសិទ្ធ- ភាពដូចជំនាន់ បារាំងទេ។ និយាយនេះមិនសរសើរច្បាប់បារាំងទេ តែសរសើរថា គំនិតបារាំង វាម៉ឺងម៉ាត់មែនទែន។ ព្រោះ តែវាម៉ឺងម៉ាត់ មែនទែនអ៊ីចឹងហើយ បានជាវាត្រួតក្បាលឯងកើត។ ខ្មែរយើងព្រោះតែច្បាប់ធូរស្ប៉េត សែតព្រលែតអ៊ីចឹង ហើយ បានជាពិបាកគេចផុតពីកញ្ជោះគ ទាំងរាស្ត្រ ទាំងនាហ្មឺននោះ”។
ចូលមកដល់របប ប៉ុល ពត បានអនុវត្ត “ច្បាប់តឹង” ម្តងវិញ ជាប្រភេទ “ច្បាប់ព្រៃ” ដោយប្រគល់សិទ្ធិឱ្យកម្មាភិបាល ថ្នាក់ក្រោម ត្រឹមភូមិ-ឃុំ មានអំណាចកាប់សម្លាប់មនុស្សបានតាមចិត្ត បើរកឃើញថា “ជាខ្មាំងបដិវត្តន៍”។ ច្បាប់ប៉ុល ពត សូម្បីតែលួចពោត ១ផ្លែ ដំឡូង ១មើម ក៏ត្រូវទទួលទោសប្រហារជីវិតដែរ គឺតឹងតែងជាងច្បាប់បារាំងឆ្ងាយណាស់។ ទីបំផុត បារាំង បង្កើតច្បាប់ជិះជាន់ប្រជាពលរដ្ឋខ្មែរ យូរៗទៅក៏ត្រូវអស់ឥទ្ធិពល ព្រោះកើត “ចលនាខ្មែរឥស្សរៈ” ងើបឡើងតស៊ូ ប្រឆាំង រហូតដល់បារាំង ចុះចាញ់ យល់ព្រមប្រគល់ឯករាជ្យឱ្យខ្មែរ។ រីឯប៉ុល ពត បង្កើតច្បាប់ព្រៃ តាំងនៅបានតែជាង៣ ឆ្នាំប៉ុណ្ណោះ ក៏ដួលរលំទៅ ប៉ុន្តែ ចំណុចសំខាន់នៅត្រង់ថា ទោះជាច្បាប់ប្រភេទណា ក៏ត្រូវតែពលរដ្ឋគោរពប្រតិបត្តិចៀសមិន រួចឡើយ ស្របនឹងសុភាសិតខាងលើថា “ច្បាប់តឹងតែង ប៉ុន្តែនេះគឺជាច្បាប់”។
ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី១ រួចមក “សភាធម្មនុញ្ញ” ត្រូវបានបង្កើតឡើង ហើយច្បាប់ “រដ្ឋធម្មធនុញ្ញថ្មី យកគំរូតាមច្បាប់សង្គមរាស្ត្រនិយម” ក៏ត្រូវបានរដ្ឋសភាអនុម័ត និងឡាយព្រះហស្តលេខាដោយព្រះមហា- វីរក្សត្រ ព្រះនរោត្តម សីហនុ ដាក់ឱ្យប្រើប្រាស់ជាធរមាន។ ឆ្លងកាត់ការអនុវត្តច្បាប់ជាង២០ឆ្នាំ ក៏មានការធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ ជាពិសេស “ច្បាប់ស្តីពីគណបក្សនយោបាយ” រហូតឈានដល់ “រំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិមន្ត្រី បក្សប្រឆាំង ១១៨រូប មិនឱ្យធ្វើនយោបាយ ៥ឆ្នាំ”។ វិសោធកម្មច្បាប់នេះ ក៏រងការរិះគន់ពីអន្តរជាតិ និងអតីតមន្ត្រីបក្សប្រឆាំង ថា “តឹងតែងហួសហេតុ” ដោយប្រកាសមិនទទួលស្គាល់សាលដីកាតុលាការកំពូល។ ឥឡូវរាជរដ្ឋាភិបាលកម្ពុជា បានចេញ សេចក្តីសម្រេច បង្កើតក្រុមការងារធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើស នានា ក្នុងការធ្វើវិសោធនកម្មតាមការចាំបាច់។ ក្រុមការងារនេះ មានសមាសភាព ១១រូប ដោយមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន។
ការលើកឡើងដោយត្រួសៗខាងលើនេះ ចង់បង្ហាញថា “ទោះច្បាប់នោះតឹងតែងយ៉ាងណាក៏ចៀសគោរពមិនរួច ព្រោះ វាជាច្បាប់”។ ចំពោះការរិះគន់នោះ តែងមានជាធម្មតាទេ ដែលខ្លះថា “ធ្វើឱ្យបាត់បង់ប្រជាធិបតេយ្យ” ខ្លះថា “រំលោភសិទ្ធិ- មនុស្ស” ខ្លះថាអ៊ីចេះអ៊ីចុះ ប៉ុន្តែ នៅពេលច្បាប់ចេញជាធរមាន ត្រូវតែគោរព។ កន្លងមកពួកប្រឆាំង ប្រកាសមិនទទួលស្គាល់ សាលដីកាតុលាការកំពូល ប៉ុន្តែ ពួកគាត់បានចាត់តាំងមេធាវីឱ្យដាក់ពាក្យបណ្តឹង២លើក សាទុក្ខពីរឿងរំលាយគណបក្ស សង្គ្រោះជាតិ។ អ៊ីចឹងមានន័យថា “ពួកគាត់គោរពច្បាប់ហ្នឹង” បានជាដាក់ពាក្យបណ្តឹង បន្ទាប់ពីចោទប្រកាន់តុលាការកំពូល ថា មិនឯករាជ្យ។ ពួកគាត់ចោទប្រកាន់រដ្ឋាភិបាលចាប់ខ្លួនលោកកឹម សុខា ថាជារឿងអយុត្តិធម៌ រំលោភអភ័យឯកសិទ្ធិ តំណាងរាស្ត្រ និងមិនជឿតុលាការ ប៉ុន្តែ ករណីមានមេធាវី៦រូប ជួយការពារក្តីឱ្យលោកកឹម សុខា មានន័យស្មើនឹង “ការ គោរពច្បាប់”។ លោកសម រង្ស៊ី ក៏ប្រកាសមិនទទួលស្គាល់បុព្វសិទ្ធិរបស់ចៅក្រមតុលាការកម្ពុជា គ្រប់ជាន់ថ្នាក់ដែរ ប៉ុន្តែ បើ មានរឿងប្តឹងផ្តល់ ឃើញគាត់ជួលមេធាវីឡើងការពារក្តី មិនដែលខានទេ បានសេចក្តីថា “ច្បាប់តឹងតែង ប៉ុន្តែនេះគឺជាច្បាប់” ត្រូវតែតទល់តាមច្បាប់។
ដូច្នេះបើពួកប្រឆាំងចោទប្រកាន់ថា ច្បាប់វិសោធនកម្មហ្នឹងតឹងតែងហួសហេតុ ពួកគាត់អាចកែបានតើ។ នឹងអាចកែបាន លុះត្រាតែពួកគាត់ជាប់ឆ្នោតបានកាន់អំណាចសិន តែបើធ្វើនយោបាយមិនឈ្នះបក្សកាន់អំណាច ហើយនាំគ្នារត់ចោលស្រុក ដដែលៗបែបនេះ តើកែច្បាប់យ៉ាងម៉េចបាន? រឿងកែច្បាប់នេះ យើងធ្លាប់ឃើញរួចមកហើយ ពេលលោកលន់ នល់ ធ្វើ រដ្ឋប្រហារ បានកែច្បាប់សម័យសង្គមរាស្ត្រនិយម លុះដល់ប៉ុល ពត ឡើងកាន់អំណាច ក៏កែច្បាប់សម័យលន់ នល់ ហើយនៅ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា ក៏កែច្បាប់ថ្មីដែរ។ នៅប្រទេសថៃ យើងឃើញមេដឹកនាំយោធាដែល ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល តែងតែកែច្បាប់ទៅតាមការចង់បានរបស់ខ្លួន អ៊ីចឹង “បើអតីតមន្ត្រីបក្សប្រឆាំងនៅកម្ពុជា ចង់កែច្បាប់ ត្រូវខំឱ្យឈ្នះគេទៅ” តែបើត្រូវច្បាប់សម័យឥឡូវដេញឱ្យឈប់ធ្វើនយោបាយ ៥ឆ្នាំនោះ មិនដឹងជាឆ្នាំណាបានកែ ច្បាប់ ដែលខ្លួនចោទថា តឹងតែងហួសនោះទេ។
សរុបទៅ “ច្បាប់តឹងតែង ប៉ុន្តែនេះគឺជាច្បាប់” មានន័យយ៉ាងនេះឯង។ ច្បាប់បារាំង ច្បាប់សង្គមរាស្ត្រនិយម ច្បាប់លន់ នល់ ច្បាប់ប៉ុល ពត “មានធូរ មានតឹង” ប៉ុន្តែ ពេលនេះ “ច្បាប់ស្តីពីគណបក្សនយោបាយ” ក៏រងការចោទប្រកាន់ថា តឹងរ៉ឹង ទៀតហើយ តែទោះជាតឹងតែងយ៉ាងណា វាជាច្បាប់ មិនគោរព អត់បានទេ…៕
ដោយ អាចារ្យថាំ