ភ្នំពេញ ៖ យុវវ័យប្រុសស្រី៣នាក់ បានជិះម៉ូតូដឹកគ្នាបំណងទៅលេងផ្ទះបងប្អូន លុះដល់ពាក់កណ្តាលផ្លូវម៉ូតូបែកកង់ ទើបនាំគ្នាចុះបណ្តើរ ស្រាប់តែមកដល់កន្លែងស្ងាត់ ក៏ត្រូវខ្មាន់កាំភ្លើង២នាក់ ជិះម៉ូតូមកដល់ ដកកាំភ្លើងបាញ់ប្រហារយុវជនរងគ្រោះដែលកំពុងបណ្តើរម៉ូតូ១គ្រាប់ចំ ក្បាលបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រីឯមិត្តភក្តិប្រុសស្រី២នាក់ទៀត មិនមានរងរបួសនោះទេ ចំណែកក្រុមខ្មាន់កាំភ្លើង ក្រោយពីបាញ់ប្រហារជនរងគ្រោះរួច ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល និងត្រូវបានគេសង្ស័យថា ករណីនេះអាចផ្តើមចេញពីរឿងគំនុំ។
ករណីឃាតកម្មបាញ់សម្លាប់យុវជនម្នាក់យ៉ាងឃោរឃៅខាងលើនេះ បានកើតមានឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវកប់ស្រូវ ចំណុចគល់ស្ពានព្រែកព្នៅ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
យុវជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ មានឈ្មោះសីហា ហៅហ្សីន អាយុ២០ឆ្នាំ មានលំនៅភូមិតាមេ ឃុំតាមេ ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ចំណែកមិត្តភក្តិ២នាក់ទៀត ដែលរួមដំណើរជាមួយ រួមមាន ទី១-ឈ្មោះសាំង ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពុងអុស ឃុំកំពុងអុស ស្រុកពញ្ញាឮ ខេត្តកណ្តាល និងទី២នារីម្នក្នា់មិនស្គាល់អត្តសញ្ញាណ។
តាមសម្តីយុវជនឈ្មោះណាត អេះស៊ី អាយុ១៦ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុ និងជាអ្នកប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះមានគ្នា៣នាក់ (ប្រុស២ ស្រី១) បានបណ្តើរម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ក្បាលពីមុខបិទពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-4808 ដែលបែកកង់ ដោយបណ្តើរតាមផ្លូវកប់ស្រូវក្នុងទិសដៅពីលិចទៅកើត ខណៈពេលបណ្តើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ស និងស្លាកលេខ គ្រាន់តែដឹងថា ជនបង្កមានមាឌធំៗ ហើយម្នាក់អង្គុយពីក្រោយ បានដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់សំដៅទៅលើជនរងគ្រោះជាអ្នកបណ្តើរម៉ូតូចំនួន១គ្រាប់ ត្រូវចំក្បាលខាងឆ្វេង បណ្តាលឱ្យដួលដេកស្តូកនៅនឹងកន្លែង ដោយមានឈាមហូរពេញថ្នល់រងរបួសធ្ងន់ ចំណែកខ្មាន់កាំភ្លើង បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលផងដែរ។ ភ្លាមៗនោះ រថយន្តសង្គ្រោះបានមកដល់ បម្រុងដឹកយកជនរងគ្រោះដែលរងរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកេតុមាលា ដែរ តែអកុសលដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងបាត់ទៅ។
តាមសម្តីយុវជនឈ្មោះសាំង ម៉ានិត ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេទាំង៣នាក់ (ប្រុស២ ស្រី១) ទើបនឹងធ្វើដំណើរចេញមកពីផ្ទះ គោលបំណងទៅលេងបងស្រីនៅម្តុំឬស្សីកែវ ដោយជិះម៉ូតូ១គ្រឿងដឹកគ្នា៣នាក់ ខណៈពេលជិះម៉ូតូបានពាក់កណ្តាលផ្លូវ ចៃដន្យអី ម៉ូតូបែកកង់ខាងក្រោយ ទើបនាំគ្នាចុះបណ្តើរ ដោយមុនដំបូង រូបគេជាអ្នកបណ្តើរម៉ូតូទៅរកកន្លែងប៉ះ លុះពេលទៅដល់កន្លែងប៉ះកង់១កន្លែង គេបិទទ្វារ ក៏បណ្តើរទៅមុខទៀត ដោយឱ្យជនរងគ្រោះខាងលើជាអ្នកបណ្តើរវិញម្តង ចំណែករូបគេ និងមិត្តស្រីម្នាក់ទៀត នាំគ្នាដើរតាមក្រោយចម្ងាយប្រមាណ១០០ម៉ែត្រ ស្រាប់តែមានបុរស២នាក់ ជាខ្មាន់កាំភ្លើង ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ បានជិះម៉ូតូដេញតាមម៉ូតូ១គ្រឿងទៀត ម៉ាក MSX ពណ៌ក្រហម លុះពេលមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ជនបង្កបានបត់ត្រឡប់មកវិញ រួចក៏ដកកាំភ្លើងខ្លីបាញ់មិត្តភក្តិរបស់ខ្លួន សង្ស័យថាបាញ់ប្លន់យកម៉ូតូ តែដោយម៉ូតូបែកកង់ ទើបប្លន់មិនបាន ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។
យុវជនខាងលើ បានអះអាងថា មូលហេតុដែលរូបគេសង្ស័យថា ខ្មាន់កាំភ្លើងបាញ់សម្លាប់មិត្តភក្តិរបស់គេប៉ងប្លន់ម៉ូតូ ដោយសារជនរងគ្រោះ និងជនជាខ្មាន់កាំភ្លើង មិនដែលស្គាល់គ្នា ឬមានទំនាស់អីជាមួយគ្នាកន្លងមកនោះទេ។
ក្រោយពេលកើតហេតុ ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក អូសយកទៅរក្សាទុកបណ្តោះអាសន្ន។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា ជាករណីគំនុំ ឬបាញ់ប្លន់យកម៉ូតូ។ តែយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ វែកមុខក្រុមខ្មាន់កាំភ្លើងជាឃាតករ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕