ភ្នំពេញ ៖ ក្រោយពីចំណាយពេល៣ថ្ងៃ ក្នុងការចួលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៤៤ និងចុះមូលដ្ឋានចំនួន៤ខេត្តជាប់ៗគ្នា គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្ត កំពង់ស្ពឺ រួចមក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរត្រឡប់មក កាន់រាជធានីភ្នំពេញវិញ ហើយនៅថ្ងៃដដែល នោះ សម្តេចហ៊ុន សែន បានបញ្ជាក់ថា សម្តេច បានជួយដោះស្រាយបញ្ហាបេនឡាននៅខេត្ត កំពង់ស្ពឺ និងប្រកាសថា គ្មានការសាងសង់ ព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺ ទេ។ ជាមួយ គ្នានេះ សម្តេចហ៊ុន សែន ក៏បានបញ្ជាក់ថា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ជាថ្ងៃខួប កំណើតគម្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ ពិត- ប្រាកដរបស់សម្តេច។
មិនខុសពីដំណើរចុះមូលដ្ឋាននៅតាមបណ្តា ខេត្តមួយចំនួន កាលពីថ្មីៗកន្លងមកនោះទេ នៅ អំឡុងពេលចុះមូលដ្ឋានចំនួន៤ខេត្ត នាភាគនិរតី ជាបន្តបន្ទាប់នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួបសំណេះសំណាលសាកសួរសុខទុក្ខ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំង ប្រជាពលរដ្ឋនៅ តាមបណ្តាខេត្តទាំង៤ ពិសេស សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដោះស្រាយនូវបញ្ហានានាបានមួយចំនួនធំជូនប្រជាពលរដ្ឋទៀតផង។ ដោយឡែកនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីបានដោះស្រាយនូវបញ្ហា ប្រឈមធំៗ ចំនួន២ គឺទី១សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្មានការសាងសង់ព្រលានយន្តហោះ នៅខេត្តកំពង់ស្ពឺ និងទី២ រក្សាទុកបេន ឡានចាស់ឱ្យនៅដដែល ដើម្បីឱ្យប្រជាពលរដ្ឋ អាចប្រកបរបទទួលបានតកូនចៅរហូតទៅ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរនៅក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក របស់សម្តេច កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ថា “ពេលនេះខ្ញុំវិលត្រឡប់មកកាន់ ទីក្រុងភ្នំពេញវិញ បន្ទាប់ពីចំណាយពេល៣ថ្ងៃ ដើម្បីចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៤៤ និងពិនិត្យការងារនៅខេត្តកំពត ខេត្ត កែប ខេត្តព្រះសីហនុ និងព្រឹកនេះនៅខេត្ត កំពង់ស្ពឺ។ មកដល់ពេលនេះ មាន១០ខេត្ត ក្នុង ចំណោមខេត្ត និងរាជធានី ចំនួន២៥ ដែលខ្ញុំ បានចុះទៅពិនិត្យ ការងារ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់- អាវុធ។ ខ្ញុំនឹងបន្តទៅ ខេត្តផ្សេងៗទៀត គ្រប់ ខេត្តទាំងអស់ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហា ប្រឈមដែលនៅសល់ ត្រូវដោះស្រាយ”។
សម្តេចហ៊ុន សែន បានសរសេរបញ្ជាក់ ថា “ថ្ងៃស្អែក ៥ សីហា ខ្ញុំមានអាយុគ្រប់៦៤ឆ្នាំ និងឈានចូល៦៥ឆ្នាំ (៥ សីហា ១៩៥២-៥ សីហា ២០១៦)។ សូមថ្លែងអំណរគុណបងប្អូន ជនរួមជាតិ ដែលតែងផ្តល់នូវការគាំទ្ររៀង រហូតមក”។
នៅព្រឹកថ្ងៃដដែលនោះ សម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន បានសរសេរបន្ថែមថា “នៅ ខេត្តកំពង់ស្ពឺថ្ងៃនេះ ខ្ញុំបានដោះស្រាយបញ្ហា នានាមួយចំនួនធំ រួមទាំងបញ្ហាធំៗ ចំនួន២ ៖
១-បដិសេធចោលទាំងស្រុងរាល់ការ ពិភាក្សារឿងព្រលានយន្តហោះ គឺគ្មានការធ្វើ ព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺ នេះទេ។
២-ចំពោះបេនឡានចាស់ គឺទុកនៅដដែល ឱ្យប្រជាពលរដ្ឋលក់ដូរតកូនចៅរៀងរហូត។ និរាករណ៍ចោលទាំងអស់នូវលិខិតស្នាមពាក់ព័ន្ធ បេនឡានចាស់នេះ។ ទន្ទឹងនឹងនេះ អាជ្ញាធរ ខេត្ត ត្រូវពិភាក្សាជាមួយបេនឡានថ្មី ដើម្បី ផ្តល់ភាពអនុគ្រោះមួយចំនួន ជូនវិនិយោគិន”។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ យុទ្ធនាការចុះមូលដ្ឋាន២៥ខេត្ត-រាជធានី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឡើង ចំនួន១០ខេត្ត រួចមកហើយ ដែលក្នុងនោះរួម មាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ និងខេត្តកំពង់ស្ពឺ៕