ខេត្តបាត់ដំបង ៖ ជនជាឃាតករដៃឆៅម្នាក់ ដែលបានធ្វើសកម្មភាពកាប់ប្រហារមិត្តភក្តិរបស់ខ្លួនម្នាក់ បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុក ឈាម កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា ព្រោះតែខឹងរឿងជំពាក់លុយអត់សងនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
ជនសង្ស័យជាឃាតករដៃឆៅ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះហេង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ កើតនៅស្រុកកងមាស ខេត្តកំពង់ចាម និងមានលំនៅផ្ទះលេខ ៥២ែ២ ផ្លូវលេខ១៤៣ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែក្រោយពីប្រព្រឹត្តអំពើឃាតកម្មលើមិត្តភក្តិរួចហើយ ក៏រត់គេចមកសម្ងំលាក់ខ្លួននៅក្នុងខេត្តបាត់ដំបង ចំណុចភូមិសាស្ត្រដែលសមត្ថកិច្ចចុះចាប់ ឃាត់ខ្លួនខាងលើ។ ចំណែកយុវជនរងគ្រោះ ដែលត្រូវឃាតករ ឡើងកាប់សម្លាប់ដល់លើផ្ទះ មានឈ្មោះអៀង ម៉េងឃាង អាយុ២០ឆ្នាំ ជានិស្សិត ឆ្នាំទី៣ ផ្នែក ទី នៅវិទ្យាស្ថានស៊ីតិច ស្នាក់នៅផ្ទះលេខ ១១ែ០ឋ ជាន់ទី៣ ផ្លូវឌឿងហែម ស្ថិតក្នុងក្រុម៦ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឃុំធ្លុក ស្រុកកងមាស ខេត្តកំពង់ចាម។
លោកវរសេនីយ៍ទោ គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤០៥ ដ.ច.ន ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដោយលោកសាយ សារុន ចៅក្រមស៊ើបសួរ នៃសាលា ដំបូងរាជធានីភ្នំពេញ ឱ្យចាប់ខ្លួនឈ្មោះហេង បញ្ញា ដែលត្រូវចោទពីបទឃាតកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ប្រព្រឹត្តនៅចំណុចផ្ទះលេខ ១១ែ០ឋ ជាន់ទី៣ ផ្លូវឌឿងហែម ស្ថិតក្នុងក្រុម៦ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកអធិការបន្តថា ក្រោយចាប់ខ្លួនជនសង្ស័យឈ្មោះហេង បញ្ញា បាន សមត្ថកិច្ចស្រុកកំរៀង បានបញ្ជូនជនសង្ស័យខាងលើទៅឱ្យ សមត្ថកិច្ចខណ្ឌ៧មករា រាជធានីភ្នំពេញ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនិតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០១៦កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើត ឡើងនៅចំណុចផ្ទះលេខ ១១ែ០ឋ ជាន់ទី៣ ផ្លូវឌឿងហែម ស្ថិតក្នុងក្រុម៦ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា ដោយយុវជនម្នាក់ ត្រូវជនដៃដល់ ជាមិត្តភក្តិម្នាក់ ឡើងទៅកាប់ប្រហារដល់លើផ្ទះ បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដោយសារតែរឿងជំពាក់លុយមិន សង។
តាមសម្តីស្ត្រីជាអ្នកជិតខាងម្នាក់ សុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឮសម្លេងស្រែកចេញពីក្នុង ផ្ទះជនរងគ្រោះមកយ៉ាងខ្លាំងថា “អាបញ្ញា អញសងលុយឯងតើ កុំវ៉ៃអញអី” បន្ទាប់មកក៏លាន់ឮសម្លេងប្រតាយប្រតប់គ្នាពេញក្នុងផ្ទះ លុះមួយ សន្ទុះក្រោយមកក៏ស្ងាត់សម្លេងទៅវិញ។ បន្ទាប់មកគាត់ក៏បានទៅអើតមើលផ្ទះជនរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខ ក្នុងថ្លុកឈាមបាត់ទៅហើយ និងមានឈាមប្រឡាក់ពេញការ៉ូ និងពូក ព្រមទាំងមានកាំបិតប៉័ងតោមួយនៅក្បែរសាកសពទៀតផង ចំណែករបស់ របរមានសភាពរាយប៉ាយពេញក្នុងផ្ទះ។ ឃើញបែបនេះ គាត់ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
តាមការបញ្ជាក់របស់ស្ត្រីអ្នកជិតខាងខាងលើ ករណីកាប់ប្រហារសម្លាប់ជនរងគ្រោះយ៉ាងឃោរឃៅនេះ គឺទំនងជាបណ្តាលមកពីរឿង ជំពាក់លុយអត់សងតែម្តង ទើបជនដៃដល់ជាឃាតករ ឡើងមកសម្លាប់ជនរងគ្រោះដល់លើផ្ទះបែបនេះ។
ដោយឡែកយុវជនឈ្មោះម៉េង សៀង អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា ផ្ទះនេះ ជាផ្ទះរបស់ពួកគេស្នាក់នៅជាមួយឪពុកម្តាយជាង៣០ឆ្នាំមកហើយ តែឪពុកម្តាយបានចេញទៅរស់នៅខេត្តកំពង់ចាមអស់ទៅហើយ ដោយ ទុកឱ្យពួកគេ២នាក់បងប្អូនស្នាក់នៅរៀនសូត្រ។ កន្លងមក ប្អូនប្រុសគេ (ជនរងគ្រោះ) មិនដែលមានរឿងជាមួយអ្នកណាទេ តែប្អូនប្រុសនេះ ឧស្សាហ៍ ហៅមិត្តភក្តិប្រុសស្រីមកផឹកស៊ីនៅលើផ្ទះជាញឹកញាប់ណាស់។
ក្រោយកើតហេតុ សមត្ថកិច្ចដឹកនាំដោយលោកអធិការនគរបាលខណ្ឌ៧មករា បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យដល់ទីតាំងកើត ហេតុ និងបានរកឃើញមានស្នាមតំណក់ឈាម តាំងពីកាំជណ្តើរជាន់ទី៣ រហូតដល់ជាន់ផ្ទាល់ដី និងមានក្រណាត់រុំឈាមរបស់ជនដៃដល់ជាឃាតករ ទុកចោលនៅជាន់ទី២ទៀត។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បង្ហាញថា ជនរងគ្រោះត្រូវទទួលរងការកាប់ប្រហារចំកញ្ចឹងកខាងក្រោយ និងកាប់ចំដៃឆ្វេង។ ចំណែកជនដៃដល់ជាឃាតករ បានព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ និងសម្ងំលាក់ខ្លួនអស់រយៈពេលជាង១ឆ្នាំ ទីបំផុត ឈាមស្រែកស្បែក ហៅ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកផ្តន្ទាទោសតាមច្បាប់៕