ឥស្សរជនថ្នាក់កំពូលដែលកាន់ចង្កូតប្រទេសនីមួយៗ មានព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរាជានុសិទ្ធិ តាមរបបផ្សេងគ្នា ខ្លះកាន់អំណាចបានរាប់សិបឆ្នាំ ខ្លះទៀតបាន៥ឆ្នាំ ខ្លះ១០ខែ ខ្លះ៥ថ្ងៃ។ ទោះជានៅក្នុងតំណែងកំពូល មិនបានយូរក៏ “អស់ចិត្តដែរ” រហូតមានអតីតមន្ត្រីបក្សសង្គ្រោះជាតិ ខ្លះបង្ហើបថា “ឱ្យតែបានកាន់អំណាច៥ថ្ងៃ ក៏អស់ចិត្ត ដែរ” ទើបពួកគេនៅតែបន្តការប្រឆាំងរដ្ឋាភិបាល បង្កើតជា “ចលនាលសង្គ្រោះជាតិ” ដើម្បីអំណាច ដែល “នគរធំ” សូម លើករឿង “កាន់អំណាច” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
នៅលើសកលលោកយើងនេះ មានប្រទេសចំនួន១៩៣ បានចូលជាសមាជិកអង្គការសហប្រជាជាតិ ដែលប្រទេសទាំង នោះ កាន់របបខុសៗគ្នា គឺ១.របបរាជានិយម មានព្រះមហាក្សត្រ កាន់អំណាច ដូចជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេស ប៊្រុយណេ និងស្វាហ្ស៊ីឡង់ ជាដើម។ ២.របបប្រធានាធិបតីនិយម មានប្រធានាធិបតីកាន់អំណាច ដូចជាសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ហ៊្វីលីពីន ជាដើម។ ៣.របបសភានិយម មាននាយករដ្ឋមន្ត្រីកាន់អំណាច ទោះជាមានព្រះមហាក្សត្រសោយរាជ្យ ក៏ព្រះអង្គមិនកាន់អំណាច ដូចកម្ពុជា ជប៉ុន អង់គ្លេស ជាដើម។
ថ្នាក់ដឹកនាំកំពូលទាំងនោះ មានខ្លះកាន់អំណាចបានរាប់សិបឆ្នាំ ខ្លះបានតែ៥ថ្ងៃ ប៉ុណ្ណោះ ដែល “នគរធំ” សូមគាស់ កកាយមកបង្ហាញនៅពេលនេះ ៖
-ព្រះអង្គម្ចាស់វីតសោក ៖ ស្តេចអង្គនេះ ត្រូវជាព្រះអនុជបង្កើតរួមផ្ទៃឧទរព្រះមាតាតែមួយរបស់ “ព្រះបាទអសោក មហារាជ” អតីតស្តេចចក្រពត្តិ នៃប្រទេសឥណ្ឌា។ ក្នុងគម្ពីរពុទ្ធសាសនា បានចារទុកថា ព្រះអង្គម្ចាស់វីតសោក មុនដំបូង មិនជឿព្រះពុទ្ធសាសនា ក៏ព្យាយាមបន្ទច់បង្អាក់ សម្តេចព្រះរៀមឱ្យងាកទៅគោរពបូជាអ្នកបួសអាក្រាតកាយវិញ។ ថ្ងៃ មួយ ព្រះបាទអសោក បានដោះគ្រឿងសម្រាប់រាជ្យទុក រួចយាងចូលបន្ទប់ទឹក ស្រាប់តែព្រះអនុជនោះលួចយកទៅស្លៀកពាក់ និងឡើងគង់លើរាជបល្ល័ង្ក បណ្តាលឱ្យព្រះបាទអសោក ទ្រង់ព្រះពិរោធជាខ្លាំង ប៉ុន្តែព្រះអង្គយោគយល់ដល់ប្អូន ក៏អនុញ្ញាត ឱ្យសោយរាជ្យ៧ថ្ងៃ ដោយដាក់កំហិតថា កាលបើគ្រប់៧ថ្ងៃ នឹងយកទៅប្រហារជីវិត។ រយៈពេល៧ថ្ងៃនេះ “ព្រះបាទវីតសោក” បានស្កប់ស្កល់ដោយយសសម្បត្តិ បរិវារសម្បត្តិ មានស្រីស្នំស្អាតៗរាប់ម៉ឺននាក់ បម្រើតណ្ហា អាចចេញបញ្ជាឱ្យធ្វើអ្វីក៏បាន។ លុះគម្រប់៧ថ្ងៃ ក៏អស់សុពលភាព ត្រូវថ្វាយរាជសម្បត្តិទៅព្រះរៀមវិញ ទើបព្រះបាទអសោក សួរទៅប្អូនថា “តើឯងបាន សោយរាជ្យ៧ថ្ងៃហ្នឹង សប្បាយទេ?” ស្តេចអស់បុណ្យនោះក៏ឆ្លើយថា “រកសប្បាយមិនឃើញទេ ព្រោះមើលឃើញមច្ចុរាជ នៅពីមុខ”។ ជាចុងក្រោយ ស្តេចវីតសោក មានការភ្ញាក់រលឹក យល់ថា “អំណាចបានមកដោយសារគេឱ្យ” គ្មានតម្លៃទេ ព្រោះរាស្ត្រមិនគាំទ្រ” ទើបព្រះអង្គចង់ឱ្យពេជ្ឈឃាត នាំទៅធ្វើគុតតាមកិច្ចសន្យា ប៉ុន្តែ ព្រះបាទអសោក មិនធ្វើបាបប្អូនទេ ក៏បើកឱ្យទៅសាងផ្នួសវិញ ហើយទីបំផុត ស្តេចវីតសោក ក៏ក្លាយជា ព្រះសង្ឃមួយអង្គ បានសម្រេចព្រះអរហត្តផល…។
-ព្រះបាទនារាយណ៍រាមាធិបតី អង្គយ៉ង ៖ ក្នុងឯកសារមហាបុរសខ្មែរ ចារទុកថា នៅក្នុងគ.ស១៦៩៥ ព្រះបាទសម្តេច ព្រះជ័យចេស្តា (ជ័យជេដ្ឋាទី៣) ទ្រង់នឿយណាយនឹងរាជសម្បត្តិ ក៏សម្រេចព្រះទ័យយាងទៅសាងផ្នួស ប៉ុន្តែ មុននឹងយាង ទៅព្រៃ បានផ្ទេររាជសម្បត្តិថ្វាយទៅ “ព្រះនារាយណ៍រាមាធិបតី អង្គយ៉ង” ជាក្មួយ ឱ្យឡើងសោយរាជ្យ។ ហេតុតែបុណ្យ វាសនាតិចពេក ព្រះអង្គយ៉ង សោយរាជ្យបានតែ១០ខែប៉ុណ្ណោះ ក៏ប្រឈួនជាទម្ងន់ រហូតសោយទិវង្គតទៅ ទើបនាហ្មឺនសព្វ មុខមន្ត្រី នាំគ្នាទៅសុំយាងព្រះជ័យចេស្តា ឱ្យដាក់ផ្នួស មកសោយរាជ្យវិញ។
-ព្រះបាទនរោត្តម (ហ្លួងសុវណ្ណកោដ្ឋ) ៖ ព្រះអង្គបានឡើងសោយរាជ្យតពី “ព្រះបាទអង្គឌួង” ជាព្រះបិតា ចាប់ពីឆ្នាំ ១៩៥៩ ដល់១៩០៤ រយៈពេល៤៥ឆ្នាំ។ ទោះបីជាប្រទេសកម្ពុជា នៅក្រោមអាណានិគមបារាំង ក៏អំណាចព្រះមហាក្សត្រ កាន់តាម “សម្បូណ៌ាជ្ញាសិទ្ធិរាជ្យ” ទ្រង់មានព្រះរាជសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់អំណាច ដោយត្រាស់បង្គាប់ទៅ “អគ្គមហាសេនា ឬនាយករដ្ឋមន្ត្រី” ឱ្យអនុវត្តតាមរាជកិច្ច។
-លោកសេនាប្រមុខលន់ នល់ ៖ លោកបានឡើងជាប្រធានាធិបតី នៃសាធារណរដ្ឋខ្មែរ កាន់អំណាចបាន៥ឆ្នាំ ក៏អស់ បុណ្យទៅ ទោះជាអំណាចនោះហ៊ុមព័ទ្ធដោយសង្គ្រាមឈាមដាបធរណី ក៏បង្ហាញថា ប្រធានាធិបតីនោះមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ជាទ័ព។
-សមមិត្តប៉ុល ពត ៖ បានឡើងជាលេខាបក្ស និងជានាយករដ្ឋមន្ត្រី នៃរបបកម្ពុជាប្រជាធិបតេយ្យ បានជាង៣ឆ្នាំ ក៏ អស់បុណ្យទៅ ដោយអំណាចរបស់គាត់ដែល “អនុវត្តច្បាប់ព្រៃ” បានធ្វើឱ្យកម្ពុជា ក្លាយទៅជាវាលពិឃាត។
-ឧត្តមសេនីយ៍ សាក់ ស៊ុតសាខន ៖ លោកបានឡើងជាប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរ បានតែ៥ថ្ងៃប៉ុណ្ណោះ។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ លោកចន ហ្គាន់ធើរឌីន (ហ្ញៀន អុនតហរេ ឌនោ) ឯកអគ្គរដ្ឋទូតអាមេរិក និងបុគ្គលិក ស្ថានទូតទាំងអស់ បានចាកចេញពីក្រុងភ្នំពេញ តាមឧទ្ធម្ភាគចក្រ ដោយមានមន្ត្រីខ្មែរ និងក្រុមគ្រួសារ ចំនួន១៥៦នាក់ រត់ ភៀសខ្លួនទៅជាមួយផង ខណៈដែលកងទ័ពខ្មែរក្រហម ឡោមព័ទ្ធក្រុងភ្នំពេញ។ កាលនោះ ឧត្តមសេនីយ៍ សូ កាំខូយ ដែល កាន់តំណែងជាប្រធានាធិបតី ជំនួសលោកលន់ នល់ បានផ្ទេរតំណែងនេះទៅឱ្យឧត្តមសេនីយ៍សាក់ ស៊ុតសាខន។ ប៉ុន្តែ លោក សាក់ ស៊ុតសាខន កាន់អំណាចបានតែ៥ថ្ងៃប៉ុណ្ណោះ ដោយគិតពីថ្ងៃទី១២ មេសា ដល់១៧ មេសា ឆ្នាំ១៩៧៥ ក៏រត់ឡើង ឧទ្ធម្ភាគចក្រ ខណៈដែលទាហានខ្មែរក្រហម ចូលដល់ភ្នំពេញ។
-សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សម្តេចបានក្លាយជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥ រហូតបច្ចុប្បន្ន រយៈពេល ៣៣ឆ្នាំហើយ ជាប់ឯតទគ្គៈជានាយករដ្ឋមន្ត្រីកាន់អំណាចបានយូរជាងគេនៅអាស៊ី។ មានព្រះសង្ឃ ១អង្គ គាំទ្រគណបក្ស ប្រជាជនកម្ពុជា បានទេសនាតាមប្រព័ន្ធយូធូប ថា “មកពីសម្តេចហ៊ុន សែន បានកសាងបុណ្យសម្ភារពីជាតិមុនខ្លាំង បានជា ជាតិនេះ សម្តេចកាន់អំណាចបានយូរបែបនេះ”។
ការលើកឡើងដោយត្រួសៗខាងលើ ចង់បង្ហាញថា អ្នកកាន់ចង្កូតប្រទេស មានព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ខ្លះបានរាប់សិបឆ្នាំ ខ្លះ១០ខែ ខ្លះ៧ថ្ងៃ អកុសលអ្វីតែលោកសាក់ ស៊ុតសាខន បានកាន់អំណាចតែ៥ថ្ងៃប៉ុណ្ណោះ ក៏ អស់បុណ្យ។ ទោះយ៉ាងណា លោកសាក់ ស៊ុតសាខន ដែលបានមកបង្កើតគណបក្សឈរឈ្មោះបោះឆ្នោត កាលពីអាណត្តិទី១ នោះ ធ្លាប់ប្រាប់អ្នកកាសែតថា គាត់ “បានកាន់អំណាច៥ថ្ងៃ ក៏អស់ចិត្តដែរ” ជាពិសេស គាត់សរសើរសំណាងខ្លួនឯងថា បាន ធ្វើបុណ្យពីជាតិមុនខ្លះដែរ ទើបផលបុណ្យនោះជួយគាត់ឱ្យបានធ្វើប្រធានាធិបតី ៥ថ្ងៃ ហើយទីបំផុតគាត់បានទទួលមរណភាព ក្នុងជន្មាយុ៦៥ឆ្នាំ។
ឥឡូវអតីតមន្ត្រីបក្សសង្គ្រោះជាតិ ដែលរត់ទៅបង្កើត “ចលនាសង្គ្រោះជាតិ” នៅក្រៅប្រទេស ហើយត្រូវបានមន្ត្រីរដ្ឋាភិបាល ថាជា “ចលនាឧទ្ទាម” នោះ គ្មានចង់បានអ្វីក្រៅពីអំណាចនោះទេ។ មានអ្នកគាំទ្រអតីតបក្សប្រឆាំងម្នាក់ និយាយ ថា “ឱ្យតែបានកាន់អំណាច៥ថ្ងៃ ក៏សុខចិត្តដែរ” ហេតុនេះហើយបានជាលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រឹងប្រែងខ្លាំងណាស់ ដើម្បីឱ្យមាន “ការផ្លាស់ប្តូរ”។
រឿងដណ្តើមអំណាចបាន ឬមិនបាននោះជារឿងរបស់លោកសម រង្ស៊ី និងសហការី ប៉ុន្តែ “នគរធំ” គ្រាន់តែចង់បង្ហាញ ថា “បើគ្មានបុណ្យសម្ភារបារមីសន្សំទុកពីជាតិមុន ច្បាស់ជាមិនបានកាន់អំណាចទេ” តែបើបានសន្សំទុកខ្លះ អាច “មានវាសនា បានកាន់អំណាច៥ថ្ងៃ ឬយូរជាងនេះ”។
សរុបទៅ “បានកាន់អំណាច៥ថ្ងៃ ក៏អស់ចិត្តដែរ” ជាពាក្យសម្តីរបស់លោកសាក់ ស៊ុតសាខន ដែលបានលាចាកលោក នេះទៅហើយ។ ធម្មតាអ្នកធ្វើនយោបាយ “គ្មានប្រាថ្នាអ្វីក្រៅពីអំណាច” នោះទេ ដូច្នេះករណីលោកសម រង្ស៊ី ដឹកនាំសហការីបង្កើត “ចលនាសង្គ្រោះជាតិ” យើងមិនបាច់សង្ស័យអ្វីទេ ឬថា ជម្លោះនយោបាយនៅតែបន្តគ្មានពេលបញ្ចប់ ព្រោះតែរឿងអំណាចនេះឯង៕
ដោយ អាចារ្យថាំ