Wednesday, January 15, 2025
Homeព័ត៌មានជាតិប្តីបិទទ្វារគាបឆ្កែ ពេលរើរួចស្ទុះខាំប្រពន្ធ ដែលជាម្ចាស់របួសធ្ងន់

ប្តីបិទទ្វារគាបឆ្កែ ពេលរើរួចស្ទុះខាំប្រពន្ធ ដែលជាម្ចាស់របួសធ្ងន់

ខេត្តប៉ៃលិន ៖ សត្វឆ្កែ១ក្បាល ត្រូវបានប្តីប្រពន្ធ២នាក់ យកមកចិញ្ចឹមតាំងពីតូច និងមិនធ្លាប់ខាំអ្នកណាម្នាក់សោះ លុះពេលស្ត្រីជាប្រពន្ធរៀបចំចេញទៅផ្សារ បុរសជាប្តីក៏ទាញទ្វារបិទកុំឱ្យឆ្កែចេញទៅតាមបណ្តាលឱ្យគាបឆ្កែនោះស្រែកយ៉ាងខ្លាំង លុះពេលរើរួច ស្រាប់តែសត្វឆ្កែនោះបានស្ទុះទៅខាំស្ត្រីជាប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម ទើបធ្វើឱ្យអ្នកភូមិផ្ទុះកំហឹង ក៏ព្រួតវាយសត្វឆ្កែនោះ រហូតដល់ងាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

ស្ត្រីរងគ្រោះដែលត្រូវសត្វឆ្កែចិញ្ចឹមរបស់ខ្លួនខាំឱ្យរងរបួសធ្ងន់នោះ មានឈ្មោះចាន់ ផារី អាយុ៦៣ឆ្នាំ រងរបួសពេញខ្លួន និងត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា សត្វឆ្កែ១ក្បាលខាងលើនេះ ត្រូវបានម្ចាស់យកមកចិញ្ចឹមតាំងពីតូចមកម៉្លេះ ដោយស្លូត មិនធ្លាប់ខាំនរណាម្នាក់នោះទេ ហើយពេលម្ចាស់ចេញដើរទៅណាតែងតែដើរតាមជារៀងរហូត។ តែនៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញពីផ្ទះបំណងចេញទៅផ្សារទិញម្ហូប ពេលនោះ បុរសជាប្តីស្ត្រីរងគ្រោះបានទាញទ្វាររបងបិទ ដើម្បីកុំឱ្យឆ្កែមួយក្បាលនោះចេញទៅ តាមប្រពន្ធរបស់ខ្លួនដូចសព្វដង ស្រាប់តែពេលបិទទ្វារនោះ បានគាបសត្វឆ្កែនោះជាប់ ទើបធ្វើឱ្យឆ្កែនោះប្រឹងរើបម្រះចុះឡើង និងស្រែកយ៉ាងខ្លាំង រហូតដល់ពេលរើចេញរួច ឆ្កែ១ក្បាលនោះ ក៏ស្ទុះទៅខាំស្ត្រីរងគ្រោះជាប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ មុតជាច្រើនចង្កូម ដេកដួលក្នុងថ្លុកឈាមតែម្តង។

ប្រភពដដែលបន្តថា នៅពេលសត្វឆ្កែនោះ កំពុងខាំស្ត្រីរងគ្រោះ គេឃើញបុរសជាប្តី បានព្យាយាមចូលទៅចាប់ទាញដែរ តែឆ្កែនោះមិនព្រមព្រលែងស្ត្រីរងគ្រោះសោះ រហូតដល់អ្នកភូមិឃើញសភាពបែបនេះ ក៏នាំគ្នាចូលទៅវាយសត្វឆ្កែ១ក្បាលនោះ រហូតដល់ងាប់តែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ ហើយពេលនេះ សភាពរបួសរបស់ស្ត្រីរងគ្រោះបានធូរស្រាលបន្តិចហើយ និងត្រូវបានក្រុមគ្រូពេទ្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងបានចាក់ថ្នាំបំបាត់ការឈឺចុកចាប់ ព្រមទាំងចាក់ថ្នាំការពារឆ្កែឆ្កួតផងដែរ៕

RELATED ARTICLES