សុភាសិតសកល ១ឃ្លាថា “ការស្ងៀមស្ងាត់ សំដៅដល់ការយល់ព្រម” (Silence refers to agreement) មានខ្លឹមសារ ផ្តោតទៅលើគូភាគីជម្លោះ បើមានភាពស្ងៀមស្ងាត់ទាំងសងខាង អ្វីៗនឹងត្រូវបញ្ចប់ ឬយល់ព្រម ប៉ុន្តែ បើនៅតែបន្ត “អាយ៉ៃ ឆ្លងឆ្លើយ” មិនឈប់ មិនហៅថា យល់ព្រមនោះទេ។ ខណៈដែលអតីតបក្សសង្គ្រោះជាតិ ស្លាប់បាត់ទៅហើយ នៅសល់តែ ព្រលឹងវិលវល់ ឆ្លើយឆ្លងជាមួយបក្សកាន់អំណាចនោះ ឬថា បក្សកាន់អំណាច ចង់ស្ងាត់ បែរជាទ្រហឹង ធ្វើឱ្យបរិយាកាស រកភាពស្ងប់ស្ងាត់មិនឃើញ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នោះ មិនខុសពី “ដាវពេជ្ឈឃាត” ដែលកាត់ផ្តាច់ក្បាល អ្នកទោសនោះទេ ពោលគឺបក្សប្រឆាំង ដាច់ក្បាលទៅហើយ នៅសល់តែព្រលឹងវិលវល់ រកភពថ្មីចាប់ជាតិមិនឃើញ ក៏ ក្លាយជា “ខ្មោចព្រៃ លងបន្លាចបក្សកាន់អំណាច” ឱ្យរកភាពសុខស្ងប់មិនឃើញ។ តាមពិត មកពីបក្សកាន់អំណាច “ចង់ ស្ងាត់” បានជាប្តឹងរំលាយបក្សប្រឆាំង ដែលមាត់ដូចត្រីកំភ្លាញនោះ ប៉ុន្តែ “ចង់ស្ងាត់ បែរជាទ្រហឹង” ថ្ងៃណាក៏ឮតែពួកប្រឆាំង នៅក្រៅប្រទេសវាយរដ្ឋាភិបាល តាមបណ្តាញសង្គមហ្វេសប៊ុក យូធូប ធ្វីតធើរ យ៉ាងចាស់ដៃ។ ចំណែក មន្ត្រីរដ្ឋាភិបាល “ស្ងៀម មិនកើត” ក៏ឡងទៅវិញ បង្កើតបានជាបរិយាកាសមួយដូច “អាយ៉ៃឆ្លងឆ្លើយ”។
ឥឡូវស្ថានការណ៍កាន់តែរកាំរកូសជាងមុន ខណៈដែលលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្កើត “ចលនាសង្គ្រោះជាតិ” និងព្រមានបក្សកាន់អំណាចថា “ការបោះឆ្នោតឆ្នាំ២០១៨ បើមិនពន្យារពេលទេនោះ នឹងមានអំពើ ហិង្សាមិនខាន”។ ការព្រមាន ក៏ដូចជា “គំរាម” អ៊ីចឹង បានន័យថា “ក្របីគំរាមសិង្ហតោ” ឬ “ក្ងានគំរាមកញ្ជ្រោង” រកភាព ស្ងប់ស្ងៀមមិនឃើញ។
នៅក្នុងរឿង “ក្ងាន និងកញ្ជ្រោង” បានតំណាលពីសត្វកញ្ជ្រោងមួយក្បាល ចូលភូមិរកចាប់ក្ងានស៊ី ប៉ុន្តែ វាផ្អើលនឹង សំឡេងមាន់គក ដែលទទះស្លាបរងាវលើមែកអម្ពិល ក៏បោលត្រង់កន្ទុយ។ ពេលនោះ ក្ងានឈ្មោលជាមេហ្វូងក្ងាន បានឃើញ នឹកស្មានថា កញ្ជ្រោងខ្លាចវា ទើបវារត់ដេញតាម ដោយដាក់ក្បាលប៉ប្រះដី ស្រែកគំរាមកញ្ជ្រោងថា “ឈប់! អាកំសាក! មិន រួចពីចំពុះអញទេ!”។ កញ្ជ្រោងបោលអស់មួយខ្យល់ ក្រឡេកមកក្រោយឃើញក្ងានដេញ និងឮការគំរាមបែបនេះ ចេះតែឆ្ងល់ ថា តើក្ងានវាអាងអី? លុះទៅដល់កន្លែងស្ងាត់ កញ្ជ្រោងបាត់ភ័យក៏ងាកទៅខាំក្បាលក្ងាន ពាំយកទៅស៊ីយ៉ាងឆ្ងាញ់។ យ៉ាងណាមិញ ករណីលោកសម រង្ស៊ី គំរាមបក្សកាន់អំណាច រឿងពន្យារពេលបោះឆ្នោតឆ្នាំ២០១៨ នោះ បើគាត់ជា “ក្ងានឆ្លាត” ដេញតាមកញ្ជ្រោង តែមួយវឹប! ក៏ដកថយទៅចូលហ្វូងវិញ ប៉ុន្តែ បើគាត់ ជា “ក្ងានល្ងង់” ចេះតែដេញតាមមិនឈប់ ឬហ៊ាន “ឆ្លងចូលប្រទេស” ច្បាស់ជាកញ្ជ្រោង ឬបក្សកាន់អំណាច សង្គ្រប់ជាប់មិនខានឡើយ ពាក់ព័ន្ធដល់ទោសទណ្ឌជិត១០ករណី។
ទោះយ៉ាងណា ក៏មានតាញៀនកាហ្វេម្នាក់ បញ្ចោញទស្សនៈថា ករណីលោកសម រង្ស៊ី ព្រមានផ្ទុះអំពើហិង្សា បើមិន ពន្យារពេលបោះឆ្នោតនោះ គ្រាន់តែជាល្បិចយុទ្ធសាស្ត្ររបស់គាត់ ឱ្យមានការឆ្លងឆ្លើយជាមួយមន្ត្រីរដ្ឋាភិបាលតែប៉ុណ្ណោះ។ តាម្នាក់នោះ និយាយថា “តាមប្រពៃណីបុរាណ បើឥស្សរជនណាឆ្លើយឆ្លងជាមួយអ្នកទោស ធ្វើឱ្យអាប់ឱនសិរីសួស្តី” ដែល ការលើកឡើងនេះបង្ហាញថា លោកសម រង្ស៊ី ជាប្រភេទ “ក្ងានឆ្លាត” ដែលស្រែកគំរាមកញ្ជ្រោង រួចវិលចូលហ្វូងវិញ មិនឱ្យ កញ្ជ្រោងខាំក្បាលបាន។
ឥឡូវពួកប្រឆាំងនៅក្រៅប្រទេស បំបែកកម្លាំងគ្នា ធ្វើជាទាស់ទែងខ្វែងគំនិតគ្នា ដើម្បីបង្កក្តីរំខានដល់បក្សកាន់អំណាច រកភាពស្ងប់ស្ងាត់មិនឃើញ។ ពីមុនរញ៉េរញ៉ៃល្មមទេ លុះបន្ទាប់ពីបក្សប្រឆាំងត្រូវរំលាយចោលមក អ្នកនាំពាក្យបក្សកាន់អំណាច និងរដ្ឋាភិបាល មានការងាររវល់ដកដៃមិនរួច។ ពួកគាត់ត្រូវចំណាយពេលត្រួតពិនិត្យហ្វេសប៊ុក យូធូប ធ្វីតធើរ វិទ្យុក្រៅស្រុក តាមដានសកម្មភាពពួកប្រឆាំង ហើយបើឃើញទាស់ចិត្តកន្លែងណាក៏ឆ្លើយតបវិញភ្លាមៗទាន់ក្តៅដី។ បើ អ្នកនាំពាក្យសំងំស្ងៀមស្ងាត់ មានន័យថា “យល់ព្រម” តាមអ្វីដែលពួកប្រឆាំងចោទប្រកាន់ ប៉ុន្តែបើ “ឆ្លើយតប” មានន័យ ថា “ជួយកំដរពួកប្រឆាំងដែលស្លាប់ទៅហើយនោះ ឱ្យរស់វិញ”។
សព្វថ្ងៃលោកសុខ ឥសាន លោកផៃ ស៊ីផាន លោកឈឹម ផលវរុណ គ្មានបានដើរហើរទៅលេងកម្សាន្តឆ្នេរសមុទ្រ ដូចគេទេ ព្រោះពួកលោកមានរវល់រហូត។ សូម្បីតែលោកតំណាងរាស្ត្រ ប៉ែន បញ្ញា ពីមុនមក មិនសូវឮនិយាយរឿង នយោបាយជាសាធារណៈនោះទេ ប៉ុន្តែ ពេលនេះលោកបានចេញមុខពន្យល់ពួកនិស្សិតឱ្យស្គាល់ “បដិវត្តន៍ពណ៌”។ ចំណែក អស់លោករដ្ឋមន្ត្រីខ្លះទៀត ក៏ជួយឆ្លើយតបទៅពួកប្រឆាំងខ្លះៗដែរ ទោះជាវោហារពួកលោកមិនដល់អ្នកនាំពាក្យ ក៏អាច ដើរស្របនឹងសុភាសិត “ការស្ងៀមស្ងាត់ សំដៅដល់ការយល់ព្រម” ឬថា បើមិនជួយទប់គ្នា “ទឹកនឹងហូរបាក់ទំនប់”។
ដូច្នេះយើងឃើញថា រឿងទប់ទល់ជាមួយមនុស្ស មិនសូវយ៉ាប់ទេ អាចប្រើច្បាប់យកឈ្នះបាន ប៉ុន្តែ រឿង “ទប់ជាមួយ ខ្មោច” យ៉ាប់បន្តិចហើយ។ យើងប្រៀបធៀបបក្សប្រឆាំង ដូចខ្មោចដែលពេជ្ឈឃាតយកទៅប្រហារជីវិត គ្មានព្រះសង្ឃឱ្យ ព្រះធម៌អរហំ ច្បាស់ជាព្រលឹងនៅវិលវល់តាមចងពៀរគូសត្រូវរបស់ខ្លួនមិនខានឡើយ។ បើចង់បង្ក្រាបខ្មោចប្រភេទនេះ លុះត្រាតែធ្វើបុណ្យឧទ្ទិសកុសលទើបបាន ប៉ុន្តែ បើ “រកគ្រូចាប់ខ្មោច” បើគ្រូនោះពូកែក៏អាចចាប់ខ្មោចច្រកដប ទៅបោះ ចោលកណ្តាលសមុទ្របាន តែបើគ្រូអន់ នឹងត្រូវខ្មោចវាយបំបាក់កក៏សឹងមាន។
ករណីពួកប្រឆាំងធ្វើសកម្មភាពក្រៅប្រទេស ជាពិសេស “មេចលនាសង្គ្រោះជាតិ” ប្រកាសពីការរៀបចំបណ្តាញសម្ងាត់ បំផុសចលនាប្រឆាំងនៅក្នុងប្រទេស និងព្រមានពីអំពើហិង្សានៅពេលបោះឆ្នោតនោះ លុះត្រាតែបក្សកាន់អំណាច “មាន គ្រូចាប់ខ្មោចខ្លាំងពូកែ” ទើបបាន ប៉ុន្តែ បើរកមិនបាន ក្រែងការព្រមាននោះ ក្លាយជាការពិត។ ពួកប្រឆាំងដែលនៅតែបន្ត ធ្វើភ្លៀងផ្គរមិនឈប់នោះ គឺមកពីពួកគេ “មិនព្រមចុះចាញ់” ទើបមិនអាចស្ងៀមស្ងាត់បាន គឺដើរផ្ទុយនឹង “ការស្ងៀមស្ងាត់ សំដៅដល់ការយល់ព្រម” ផ្ទុយទៅវិញ បើបក្សកាន់អំណាចនៅតែស្ងៀម មិនឆ្លើយឆ្លង មានន័យថា យល់ព្រមតាមអ្វីដែល ពួកប្រឆាំងចោទប្រកាន់។ ដូចពួកប្រឆាំងថា ការបោះឆ្នោតឆ្នាំ២០១៨ គ្មានលក្ខណៈសេរី និងយុត្តិធម៌ ព្រោះគ្មានគូប្រកួត កម្លាំងស្មើគ្នាចូលរួម បើបក្សកាន់អំណាចមិនឆ្លើយបំភ្លឺ គឺមានន័យថា “យល់ព្រមតាមគេថា” ប៉ុន្តែ បើ “ឆ្លើយឆ្លងខ្លាំងពេក នាំឱ្យថយសិរីសួស្តី”។ សម្រេចទៅ ដូចរឿងតាម្នាក់សម្រាន្តថ្ងៃត្រង់មិនកើត ព្រោះក្មេងក្មាងមកលេងគប់កៅស៊ូមុខផ្ទះ រំខាន ពេក ក៏ដេញចេញ។ ដឹងអី! ស្រាប់តែក្មេងទំនើងដែលមានផ្ទះជាប់របងគ្នានោះ ចាក់ធុងបាស់លាន់ទ្រហឹង បណ្តាលឱ្យតា នោះមួម៉ៅក្តៅក្រហាយ ព្រោះធ្វើក្មេងមិនបែក…។
សរុបទៅ “ស្ងៀមស្ងាត់ សំដៅដល់ការយល់ព្រម” មានន័យយ៉ាងនេះឯង។ ពួកប្រឆាំង មិនយល់ព្រម ទើបគេមិនស្ងៀម ចំណែកបក្សកាន់អំណាច ស្ងៀមស្ងាត់មិនកើត ខ្លាចគេថាព្រមទទួលកំហុស ក៏ឆ្លើយមកវិញ យ៉ាប់ជាងកាលមិនទាន់រំលាយ បក្សប្រឆាំងទៅទៀត មិនខុសពីរឿងតាដេញក្មេងមករំខានដំណេក បែរជាពួកវារត់ទៅចាក់ធុងបាស់៕
ដោយ អាចារ្យថាំ