សុភាសិតសកល ១ឃ្លាថា “កាន់តែហាម កាន់តែចង់” (Forbidden fruits are the best) មានចរិតបង្ហាញពីលក្ខណៈរបស់ មនុស្ស រឹងរូស បើគេហាមប្រាម ព្រមានគំរាមសម្លុតបំភ័យយ៉ាងណាថា កុំឱ្យធ្វើសកម្មភាពអ្វីមួយ ក៏នៅតែធ្វើ។ យ៉ាងណាមិញ អតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងរតាត់រតាយបែកសម្បុកនោះ បក្សកាន់អំណាច បានប្រាប់ឱ្យគោរពច្បាប់ កុំបង្កើតចលនា ប្រឆាំងរដ្ឋាភិបាល ប៉ុន្តែ “កាន់តែហាម កាន់តែចង់” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បន្ទាប់ពីមានការចាប់ខ្លួនលោកកឹម សុខា ដាក់ពន្ធនាគារ ពីបទ “ក្បត់ជាតិ” ឬ “សន្ទិដ្ឋភាពជាមួយបរទេស” ឈានដល់ ការរំលាយគណបក្សសង្គ្រោះជាតិ មក អតីតមន្ត្រីបក្សប្រឆាំង ១១៨នាក់ ត្រូវអស់សិទ្ធិធ្វើនយោបាយ ប៉ុន្តែ ពួកគាត់បានប្រកាស មិនទទួលស្គាល់សាលដីកាតុលាការកំពូល។ ការព្យាយាមទល់ទ្រគណបក្សសង្គ្រោះជាតិ ឱ្យរស់វិញនោះ គ្មានប្រសិទ្ធភាព ស្រាប់តែលោកសម រង្ស៊ី និងសហការីមួយចំនួនបានបង្កើត “ចលនាសង្គ្រោះជាតិ” បណ្តាលឱ្យមានភាពប្រទាំងប្រទើសគ្នា រវាងអ្នកចង់ទល់ទ្រគណបក្សសង្គ្រោះជាតិ ឱ្យរស់វិញ ដែលបក្សកាន់អំណាចថា ជាការបែកបាក់ផ្ទៃក្នុងរបស់ពួកប្រឆាំង។
ទោះយ៉ាងណា អ្នកទល់ទ្រអតីតគណបក្សសង្គ្រោះជាតិ ឱ្យរស់វិញ និងអ្នកបង្កើតចលនាសង្គ្រោះជាតិ ត្រូវបានបក្សកាន់អំណាច ហាមឃាត់ និងព្រមានរួចហើយថា ជា “ចលនាឧទ្ទាមក្រៅច្បាប់” ពោលគឺអាចនឹងដាក់ពួកប្រឆាំងឱ្យនៅក្រៅច្បាប់ បើនៅតែរឹងចចេស បង្កសកម្មភាពមិនឈប់។ តាមការកត់សម្គាល់កន្លងមក ពួកប្រឆាំងខ្វែងយោបល់គ្នាតែអ៊ីចឹង តាំងពី មិនទាន់រំលាយគណបក្សសង្គ្រោះជាតិ ម៉្លេះ ដោយហេតុថា “អ្នកដើរតាមអាមេរិក តែងប្រើសិទ្ធិជំទាស់នូវអ្វីដែលខ្លួនមិន ពេញចិត្ត”។ សូម្បីមន្ត្រីអាមេរិក ក៏ទាស់ទែងខ្វែងយោបល់គ្នាដែរ ពិសេស មន្ត្រីក្រោមឱវាទលោកដូណាល់ ត្រាំ តែងរិះគន់ លោកប្រធានាធិបតី ជារឿយៗ ពីរឿង “មាត់អត់គម្រប”។ ផ្ទុយទៅវិញ នៅចិន វៀតណាម ជំទាស់អត់បានទេ បើមជ្ឈិម បក្សដាក់ផែនការអ្វី ត្រូវតែថ្នាក់ក្រោមអនុវត្ត ស្ងាត់មាត់ឈឹង។ ដូច្នេះករណីពួកប្រឆាំងខ្សែលោកកឹម សុខា ជំទាស់រឿង បង្កើត “ចលនាសង្គ្រោះជាតិ” ប៉ុន្តែ នៅបន្តការតស៊ូទល់ទ្របក្សរលាយនោះ ដោយមិនទទួលស្គាល់សាលដីកាតុលាការកំពូល ជារឿង “មួយដំប និងបួន” ទេ។
តាំងពីអតីតបក្សប្រឆាំងរលំរលាយមក ចលនាអូសទាញអន្តរជាតិឱ្យដាក់សម្ពាធលើរាជរដ្ឋាភិបាល កាន់តែស្ទុះស្ទាទៅ មុខ ពោលគឺអ្នកទ្រទ្រង់គណបក្សសង្គ្រោះជាតិ ក៏ដូចចលនាសង្គ្រោះជាតិ សុទ្ធតែទាមទារឱ្យដោះលែងលោកកឹម សុខា ពីទី ឃុំឃាំង។ ទោះជាបក្សកាន់អំណាច ហាមប្រាមយ៉ាងណាក៏ពួកប្រឆាំងកាន់តែផ្គើន ដោយមិនខ្លាចពីវិធានការច្បាប់ ជាពិសេស កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា លេចធ្លោជាងគេ ដោយចេញពីប្រទេសមួយនៅប្រទេសមួយ ស្នើឱ្យរដ្ឋាភិបាល ប្រទេសនោះដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។ សកម្មភាពនាងក្រមុំនេះខ្លាំងមែនទែន ព្រោះកន្លងមក យើងមិនធ្លាប់ឃើញ យុវតីខ្មែរ ធ្វើនយោបាយក្រៅប្រទេសដូចព្យុះយ៉ាងនេះទេ វៀរលែងតែស្ត្រីវ័យកណ្តាល។
អ្នកនាំពាក្យបក្សកាន់អំណាច បានព្រមានថា បើកញ្ញាកឹម មនោវិទ្យា នៅតែធ្វើសកម្មភាពទាមទារឱ្យដោះលែងឪពុក និងវាយប្រហាររដ្ឋាភិបាលធ្ងន់ៗបែបនេះ ត្រូវប្រឈមនឹងការចាប់ខ្លួនមិនខាន។ ការព្រមាននេះ ដូច “ចាក់ទឹកលើក្បាលទា” ឬ “កាន់តែហាម កាន់តែចង់” ជាក់ស្តែងនៅអាល្លឺម៉ង់ នាងក្រមុំម្នាក់នោះ វាយប្រហារបក្សកាន់អំណាចយ៉ាងជូរចត់ ទុកឱ្យ អ្នកនាំពាក្យបក្សកាន់អំណាច រកពាក្យមកទប់ទល់ឡើងវិល។
អ្នកនយោបាយមិនស្គាល់ឈ្មោះម្នាក់ នាសម័យសង្គមរាស្ត្រនិយម បានទុកបណ្តាំថា “អ្នកនយោបាយមិនត្រូវឈ្លោះនឹង ក្មេង១ ស្រី១ អ្នកកាសែត១” ព្រោះបុគ្គលទាំង៣ប្រភេទនេះ ធ្វើឱ្យគូជម្លោះថយសិរីសួស្តី។ បណ្តាំនេះ ចង់បង្ហាញថា បើ មនុស្សចាស់ឈ្លោះនឹងក្មេង ក៏ត្រូវក្មេងជេរបញ្ចោរ ប្រើពាក្យអាមឹង អាប់ឱនកិត្តិយសមិនខាន។ បើទៅឈ្លោះនឹងស្រីរកស៊ី លក់ដូរជាដើម ច្បាស់ជាស្រីនោះជេរដៀលអាម៉ាស់មុខ ហើយបើទាស់ទែងជាមួយអ្នកកាសែត ច្បាស់ជាអ្នកកាសែត ដែល មានចុងប៊ិកជាអាវុធ សរសេរឆ្កឹះឆ្កៀលគូជម្លោះឱ្យខ្មាសគេពេញប្រទេស។ ដូច្នេះកញ្ញាកឹម មនោវិទ្យា ជាស្រីផង ហើយ ក្មេងផង បើអ្នកនាំពាក្យដែលមានអាយុច្រើនជាងឪពុកនាងទៅទៀតនោះ ឈ្លោះឆ្លើយឆ្លងជាមួយ នាំឱ្យថយសិរីសួស្តី។ បើ ចង់តទល់ជាមួយនាង គួររកក្មេងស្រីដូចគ្នាដែលពូកែនយោបាយ និងមានពាក្យសម្តីថ្វីមាត់ពូកែ ឱ្យតទល់គ្នាទើបល្អ ព្រោះវា ត្រូវឋានានុក្រមផង។
សកម្មភាពពួកប្រឆាំងខ្សែលោកសម រង្ស៊ី និងខ្សែលោកកឹម សុខា ដែលមើលឃើញខ្វែងយោបល់គ្នានោះ មិនខុសពី ក្របីព្រៃ ២ហ្វូង តែងជល់គ្នាដណ្តើមវាលស្មៅ ប៉ុន្តែ សត្រូវរបស់ក្របីព្រៃទាំងអស់នោះ គឺសិង្ហតោ។ យ៉ាងណាមិញ ទោះជា ពួកប្រឆាំងខ្វែងយោបល់គ្នា វាជារឿងធម្មតារបស់អ្នកនយោបាយដើរតាមអាមេរិក សូម្បីមន្ត្រីរដ្ឋការលន់ នល់ ដែលមាន អាមេរិក នៅពីក្រោយ ក៏ទាស់គ្នាដែរ ដោយចែកជាខ្សែលន់ នល់ ខ្សែអ៊ិន តាំ ខ្សែសិរីមតៈ ប៉ុន្តែ សត្រូវពួកគេគឺវៀតកុង វៀតណាមខាងជើង។
ករណីហាមឃាត់ពួកប្រឆាំង ទាំង២ខ្សែនោះ ឱ្យគោរពច្បាប់ ដូចជាគ្មានប្រសិទ្ធភាពទេ ព្រោះបើ “ហាមកាន់តែខ្លាំង ផ្គើន កាន់តែខ្លាំង”។ រឿងដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់ និងចង់ដាក់ពួកប្រឆាំងសព្វថ្ងៃឱ្យនៅក្រៅច្បាប់ មិនដូចគ្នាទេ ដោយ ហេតុថា ខ្មែរក្រហម គេស្អប់ពេញពិភពលោក រហូតទាមទារឱ្យបង្កើតសាលាក្តី កាត់ទោសមេដឹកនាំខ្មែរក្រហម ដែលនៅ សេសសល់ ប៉ុន្តែ ពួកប្រឆាំងសព្វថ្ងៃ ដែលមានអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនជាខ្នងបង្អែកនោះ ពិបាក ធ្វើណាស់។ ការដកសិទ្ធិពួកប្រឆាំង ១១៨នាក់ មិនឱ្យធ្វើនយោបាយ ៥ឆ្នាំនោះ ក៏ដូចជាដាក់ឱ្យនៅក្រៅច្បាប់ទៅហើយ បើ ដាក់ច្បាប់បន្ថែមពីលើនេះទៀត កាន់តែធ្វើឱ្យពួកប្រឆាំងទទួលបានជំនួយពីប្រទេសជាខ្នងបង្អែកនោះថែមទៀត រហូតដល់ លោកសម រង្ស៊ី ហ៊ានគំរាមបក្សកាន់អំណាចថា “បើមិនព្រមពន្យារពេលបោះឆ្នោត ឆ្នាំ២០១៨ នឹងមានអំពើហិង្សា”។
រួចមកហើយយើងឃើញថា មេដឹកនាំពួកប្រឆាំងដែលលេចធ្លោជាងគេ គឺលោកសម រង្ស៊ី និងកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា នៅពេលមន្ត្រីបក្សកាន់អំណាច ព្រមានប្រើច្បាប់ ស្រាប់តែពួកគេបញ្ចោញសកម្មភាពកាន់តែខ្លាំង លើសដើម។ ការព្រមានចាប់ខ្លួនពួកប្រឆាំង លុះត្រាតែមាន “កតិកាសញ្ញាស្តីពីការធ្វើបត្យាប័ន” ទើបអាចទៅចាប់គេបាន ហើយបើគ្មានបត្យាប័ន ថែមទាំងបណ្តាប្រទេសទាំងនោះផ្តល់សិទ្ធិជ្រកកោននយោបាយទៀតនោះ ជារឿងពិបាកបំផុត។ ពួកប្រឆាំង អាចនឹងបង្កើតសកម្មភាពអ្វីប្លែកៗថែមទៀត ធ្វើយ៉ាងណាឱ្យមានភាពរំជើបរំជួលមុនពេលបោះឆ្នោត ឬថា បើ បក្សកាន់អំណាច ហាមឃាត់ពីកត្តាអ្វីមួយ ពួកគេក៏ជំរុញកត្តា ឬសកម្មភាពនោះឱ្យលេចឮជាសាធារណៈ។ ធម្មតាមនុស្ស លិចទូក តែងស្រវេស្រវាតោងក្តារ កំណាត់ឈើ ហែលយោងអាត្មាឱ្យរសជីវិត គ្មានអ្នកណាជួយអ្នកណាបានទេ។ យ៉ាងណាមិញ ស្ថានការណ៍សព្វថ្ងៃនេះ ពួកប្រឆាំងដែលកំពុងលង់ទឹកនោះ បើមើលឃើញចន្លោះប្រហោងត្រង់ណាល្មមដោះកុនបាន គេធ្វើ ហើយលៃយ៉ាងណាឱ្យតែបានចូលស្រុក បានធ្វើនយោបាយវិញ និងរួចផុតពីការចាប់ចង។ មនុស្សកំពុងលង់ទឹក មិនស្តាប់បង្គាប់ ដង្ខៅទូកទៀតទេ បើដង្ខៅហាមដណ្តើមក្តារគ្នាតោង គេនៅតែដណ្តើម ព្រោះជីវិតត្រូវពឹងផ្អែកលើក្តារនេះឯង។
សរុបទៅ “កាន់តែហាម កាន់តែចង់” មានន័យយ៉ាងនេះឯង។ ករណីបក្សកាន់អំណាច ហាមប្រាមពួកប្រឆាំងកុំធ្វើអាយ៉ង បរទេស កុំញុះញង់អន្តរជាតិឱ្យដាក់សម្ពាធលើរដ្ឋាភិបាល កុំធ្វើសកម្មភាពតវ៉ាឱ្យដោះលែងលោកកឹម សុខា កុំ…កុំ….កុំ… យ៉ាងណា ក៏ពួកប្រឆាំងនៅតែចង់ នៅតែធ្វើ…៕
ដោយ អាចារ្យថាំ