ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានឌុបបុរសម្នាក់ចេញពីខារ៉ាអូខេ សំដៅទៅខណ្ឌជ្រោយចង្វារក្នុងតម្លៃ២៥០០០រៀល លុះទៅដល់ពាក់កណ្តាលផ្លូវកន្លែងស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាពដោះខ្សែក្រវាត់រឹតកប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ខាងក្រោយភោជនីយដ្ឋានបឹងមាស ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនអូស៊ីអាយស៊ី ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បុរសរងគ្រោះ ដែលត្រូវជនសង្ស័យជាចោរប្លន់ រឹតកប្លន់ម៉ូតូទៅបាត់នេះ មានឈ្មោះតុ វុធធាន អាយុ៤៣ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ចំណែកម៉ូតូដែលជនសង្ស័យរឹតកប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1I-2682។
តាមសម្តីបុរសរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់កំពុងឈប់ចាំម៉ូយនៅម្តុំខារ៉ាអូខេអ៊ិចធូ ម្តុំអគារ ប៊ូលឌីងចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ លុះបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យទើបនឹងចេញពីខារ៉ាអូខេអ៊ិចធូ បានហៅម៉ូតូឌុបគាត់ជិះ បំណងទៅខណ្ឌជ្រោយចង្វារ ដោយតថ្លៃឱ្យថ្លៃឈ្នួលម៉ូតូឌុបគាត់ចំនួន២៥០០០រៀល ពេលនោះគាត់ក៏យល់ព្រមដឹកជនសង្ស័យ សំដៅ ទៅខណ្ឌជ្រោយចង្វារ។
បុរសរងគ្រោះបន្តថា នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចស្ងាត់ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពដោះខ្សែក្រវាត់មករឹតករបស់គាត់ រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ចំណែកគាត់ទោះជាចង់ស្រែកហៅគេជួយ ក៏គ្មានអ្នកណាអាចលឺដែរ ព្រោះតែកន្លែងនោះជាកន្លែងស្ងាត់ខ្លាំងណាស់។
ក្រោយកើតហេតុ បុរសរងគ្រោះ បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕