Monday, November 25, 2024
Homeបរិយាយសម្លក្នុងឆ្នាំង រកវែកដួសគ្មាន

សម្លក្នុងឆ្នាំង រកវែកដួសគ្មាន

សុភាសិតខ្មែរថា “ត្រីកប់ត្រឡប់ជាត្រីអាំង សម្លក្នុងឆ្នាំងរកវែកដួសគ្មាន” មានខ្លឹមសារអប់រំនយោបាយតែម្តង ហើយ ក៏ស្របនឹងស្ថានការណ៍បច្ចុប្បន្ន ដែលបត់បែនតាមកាលៈទេសៈ។ ខណៈដែលអតីតបក្សសង្គ្រោះជាតិ ជា “ត្រីកប់” ក្លាយ ទៅជា “ត្រីអាំង” ត្រូវគេស៊ីអស់ និងខណៈដែលពួកប្រឆាំង គេចខ្លួនរត់ចោលស្រុក ជាបន្តបន្ទាប់ ចង់អស់សំឡេងប្រឆាំងក្នុង ប្រទេសនោះ គឺមិនខុសពី “សម្លក្នុងឆ្នាំង រកវែកដួសគ្មាន” ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

“ត្រីកប់” ជាម្ហូបពិសេស របស់ប្រជាពលរដ្ឋខ្មែរ ផ្សំពីកូនត្រីល្អិតៗ មិនសូវមានឆ្អឹង ដូចជា ត្រីកំភ្លងជាដើម លាយជាមួយ គ្រឿងគ្រៅ រួចខ្ចប់នឹងស្លឹកចេក ឬស្លឹកឈូក យកទៅអាំងឱ្យឆ្អិន វាមានឱជារសឈ្ងុយឆ្ងាញ់ណាស់។ ពេលអាំងឆ្អិន “ត្រីកប់ ក៏ត្រឡប់ជាត្រីអាំង” វិញ ដែលកសិករខ្មែរ នៅតាមជើងភ្នំ ចូលចិត្តវេចជាមួយបាយកញ្ចប់ ចូលព្រៃ កាប់អុស។ ពុំនោះ អ្នក ទេសចរ តែងចុះពីរថយន្ត ទិញត្រីកប់ក្លាយជាត្រីអាំងនោះ យកទៅហូបនៅតាមតំបន់ទេសចរណ៍ទឹកជ្រោះធ្លាក់ ទាក់ទាញ អារម្មណ៍បានស្រួលណាស់ ព្រោះវាជាម្ហូបខ្មែរ ចេះធ្វើតៗគ្នាពីដូនតាមក។

បើពោលតាមន័យធៀប “ត្រីកប់ ត្រឡប់ជាត្រីអាំង” ដូចអតីតគណបក្សសង្គ្រោះជាតិ ដែលខិតខំប្រមែប្រមូលអ្នកគាំទ្រ មកផ្សំបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រហូតបានចូលកប់យ៉ាងជ្រៅក្នុងរដ្ឋសភា ជាមួយនឹងអាសនៈ ៥៥ ជាពិសេស ដណ្តើមបានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៥០០០ នៅទូទាំងប្រទេស។ ឥឡូវត្រីកប់នោះ ក្លាយជា “ត្រី អាំង” ទៅហើយ បន្ទាប់ពីតុលាការកំពូល បានចេញសាលដីការំលាយចោលគណបក្សនេះ មានន័យថា “គេស៊ីអស់ទៅហើយ” មិនអាចក្លាយជាត្រីកប់វិញបានទេ។

“សម្លក្នុងឆ្នាំង រកវែកដួសគ្មាន” សំដៅដល់សម្លកំពុងពុះគ្រុកៗ នៅលើភ្លើង មេផ្ទះមិនអាចយកដៃទៅលូកបានឡើយ ចាំបាច់ត្រូវតែមានវែកសម្រាប់ដួសសម្លនោះ។ ប៉ុន្តែ វែកនោះត្រូវឆ្កែពោំទៅបាត់ ស្លាបព្រាក៏គ្មាន ក៏រត់ទៅខ្ចីវែកផ្ទះអ្នកជិតខាង មកប្រើ ខាតពេលវេលា ដែលជាកំហុសរបស់មេផ្ទះមិនចេះប្រុងប្រយ័ត្នរបស់របរផ្ទះបាយនេះឯង។ បើពោលតាមអត្ថប្បដិរូប ឬន័យធៀប “សម្លកំពុងពុះ” សំដៅដល់បក្សកាន់អំណាច ដែលមានអ្វីៗទាំងអស់នៅទូទាំងប្រទេស ជាពិសេស រាជរដ្ឋាភិបាល កំពុងប្រើយុទ្ធសាស្ត្រ “ឈ្នះ-ឈ្នះ”។ យុទ្ធសាស្ត្រនេះ មិនអាចធ្វើត្រជាក់បានឡើយ ចាំបាច់ត្រូវតែប្រើកណ្តាប់ដៃដែក រុញ ពួកប្រឆាំងឱ្យខ្ទប់ជញ្ជាំង ឬប្រើ “វិធានការក្តៅ” នេះឯង។ កាលបើប្រើវិធានការក្តៅ ច្បាស់ជា “គ្មានមនុស្សក្នុងស្រុកហ៊ាន ប្រឆាំង” ជាក់ស្តែងសព្វថ្ងៃ ទោះជាមាននិន្នាការប្រឆាំងនៅសេសសល់ ក៏គ្មានអ្នកណាហ៊ានចេញមុខប្រឆាំងនោះឡើយ វៀរលែងតែពួកប្រឆាំងរត់ចោលស្រុក។ អ៊ីចឹងនៅពេលអស់អ្នកប្រឆាំងក្នុងស្រុក គឺមានន័យស្មើនឹង “សម្លក្នុងឆ្នាំង រកវែកដួស គ្មាន” ព្រោះ “វែក” ទោះជាវែកត្រឡោក ឬវែកដែក វាមិនស្គាល់សម្លក្តៅអ្វីទេ អាចយកវាទៅដួសសម្លកំពុងពុះគ្រុក!ៗ នោះ បាន ប៉ុន្តែបើអត់វែក នាំឱ្យពិបាកដល់មេផ្ទះ រត់ទៅខ្ចីគេមកប្រើ។

យ៉ាងណាមិញ ប្រទេសកម្ពុជា ដែលកំពុងដើរលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស អត់អ្នកប្រឆាំងរលីងឆិញនោះ មិន សូវល្អទេ គួរតែទុកមួយៗ ឱ្យបន្តការប្រឆាំង ទើបប្រសើរ។ សព្វថ្ងៃ ពួកប្រឆាំងសំខាន់ៗរត់ចោលស្រុកអស់ហើយ សូម្បីតែ លោកម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងលោកជា មុនី អតីតប្រធានសហជីពសេរីកម្មករ ដែលគ្មានឈ្មោះក្នុងបញ្ជី ដកសិទ្ធិធ្វើនយោបាយ (១១៨នាក់) ក៏ភ័យខ្លួនរត់ចោលស្រុកដែរ។ ឃើញនៅសល់លោកតាឡៅ ម៉ុងហៃ លោកបណ្ឌិត មាស នី ជាដើម ឃើញថា ពួកគាត់តែងរិះគន់បក្សកាន់អំណាច ដោយប្រើពាក្យសម្តីថ្លៃថ្នូរ មិនជេរបញ្ចោរ ឬបរិហារកេរ្តិ៍ នោះទេ បើអ្នកគាំទ្របក្សកាន់អំណាច នាំគ្នាប្តឹងពួកគាត់ឱ្យរត់ចោលស្រុកនោះ មិនខុសពី “ឆ្កែពែំវកទៅបាត់” នោះឡើយ។

ជាទូទៅ ប្រទេសកុម្មុយនិស្តនៅលើពិភពលោក ដូចជាប្រទេសចិន វៀតណាម គុយបា ជាដើម មិនឱ្យមានបក្សប្រឆាំង នោះទេ ប៉ុន្តែ ប្រទេសចិន និងវៀតណាម ផ្លាស់ប្តូរអ្នកដឹកនាំប្រទេស យ៉ាងទៀងទាត់ ដោយជ្រើសយកអ្នកនយោបាយ ចាស់ទុំឱ្យកាន់តំណែងអគ្គលេខាបក្ស ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។ សម្រាប់កម្ពុជា កាន់របបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ មិនមែនកុម្មុយនិស្ត ដែលព្រះមហាក្សត្រ គង់ជាព្រះប្រមុខរដ្ឋ រហូតមួយព្រះជន្ម ចំណែកនាយករដ្ឋមន្ត្រី ក៏អាច បន្តកាន់តំណែង មួយជីវិត បើសិនជាប្រជារាស្ត្របោះឆ្នោតឱ្យ។ អ៊ីចឹងកម្ពុជា មិនអាចធ្វើដូចចិន ឬវៀតណាម ដែលមិនឱ្យ មានបក្សប្រឆាំងនោះឡើយ ចាំបាច់ត្រូវតែរក្សាទុកអ្នកប្រឆាំង នៅក្នុងប្រទេសខ្លះទើបបាន។ បើដេញពួកគេឱ្យរត់ទៅប្រមូល ផ្តុំគ្នា នៅក្រៅប្រទេសអស់នោះ ក៏ចេះតែបានហើយ ព្រោះពួកគេខ្លាចតុលាការ ខ្លាចគុកព្រៃស ប៉ុន្តែ “អស់វែកសម្ល បាន អីដួសសម្ល?”។

សុភាសិតបារាំង ១ឃ្លាថា “សូវមានសត្រូវឆ្លាតវាងវៃ ជាជាងមានមិត្តល្ងង់ខ្លៅ” (Mieux vaut un sage ennemi qu’un sot ami) មានន័យថា គួររក្សាទុកពួកប្រឆាំង ដែលមានពាក្យសម្តីថ្វីមាត់ពូកែ មានប្រាជ្ញាឈ្លាសវៃ ព្រោះការ រិះគន់របស់គេ ដូចជួយតម្រង់ផ្លូវរដ្ឋាភិបាល ប៉ុន្តែ បើដេញពួកប្រឆាំងឱ្យរត់អស់ បែរជារក្សាទុកមិត្តភក្តិអែបអបឡេមឡឺម ចាក់បណ្តោយរហូតនោះ មិនចំណេញទេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបញ្ញាញាណមិនធម្មតាទេ ព្រោះសម្តេច ចង់ រក្សាទុកពួកប្រឆាំងខ្លះ មិនមែនចង់កម្ចាត់ឱ្យអស់រលីងឆិញនោះទេ សូម្បីតែសារព័ត៌មាន ក៏សម្តេចចង់ឱ្យ “និយាយការពិត” ដែរ ដូចប្រសាសន៍ថា “សារព័ត៌មានត្រូវប្រកាន់កណ្តាល មិនត្រូវស្តាំពេក ឆ្វេងពេក តែត្រូវហ៊ាននិយាយការពិត”។

ដូច្នេះយើងឃើញថា បន្ទាប់ពីតុលាការកំពូល ចេញសាលដីការំលាយ “គណបក្សសង្គ្រោះជាតិ” និងដកសិទ្ធិបុគ្គល ១១៨ នាក់ មិនឱ្យធ្វើនយោបាយ ៥ឆ្នាំមក សកម្មភាពប្រឆាំងក្នុងស្រុកក៏ស្ងប់ស្ងាត់ លេចចេញឯចលនាប្រឆាំង ក្រៅប្រទេសឡើង រង្គើហ្វេសប៊ុក យូធូបទៅវិញ។ សព្វថ្ងៃអ្នកប្រឆាំងក្នុងស្រុកនៅសល់មួយៗ បើដេញឱ្យរត់អស់នោះ អាចធ្វើឱ្យបាត់បង់ “សត្រូវ ឆ្លាតវៃ” នេះឯង។ នៅប្រទេសម៉ាឡេស៊ី ទោះបីជាលោកមហាធៀ មហាម៉ាត់ រិះគន់វាយប្រហាររដ្ឋាភិបាលយ៉ាងណា ក៏ លោកនាយករដ្ឋមន្ត្រីណាជីប មិនហ៊ានប៉ះពាល់អតីតរៀមច្បង ឬអ្នកនយោបាយក្នុងបក្សជាមួយគ្នានេះទេ ព្រោះដឹងថា លោក មហាធៀ ក្នុងវ័យជាង៩០ឆ្នាំនេះ ឆ្លាតណាស់។ បើសិនជាលោកណាជីប ហ៊ានកម្ចាត់លោកមហាធៀ ច្បាស់ជាខាតធំមិនខាន ដូច្នេះមានតែរក្សាទុកឱ្យនៅរិះគន់រដ្ឋាភិបាលតទៅទៀត។ ផ្ទុយទៅវិញ លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ន មិនចូលចិត្តឱ្យមានអ្នកប្រឆាំងនោះទេ ជាហេតុនាំឱ្យមានចលាចលជាបណ្តើរៗ ដូចជាមានបាតុកម្ម និងការបំផ្ទុះគ្រាប់បែក ជាដើម កាលពីប៉ុន្មានថ្ងៃមុននេះ។

ងាកមករឿង “សម្លក្នុងឆ្នាំង រកវែកដួសគ្មាន” វិញ យើងឃើញថា “វែកត្រឡោក ឬវែកដែក” សំដៅដល់ពួកប្រឆាំងនៅ ក្នុងប្រទេស ឬនៅក្បែរដៃមេផ្ទះ សម្រាប់ដួស “សម្លក្តៅ” មិនអាចអត់បានឡើយ។ ពាក្យខ្មែរបុរាណ បានហៅប្តីល្ងង់មិនដឹង ប្រពន្ធផិតថា “អាវែក” ដែរ ព្រោះលូកសម្លរាល់ថ្ងៃ អត់ដឹងថា សម្លប្រៃឬជូរ។ ប៉ុន្តែ ជាមួយពួកប្រឆាំង មិនមែនជា “អាវែក” នោះទេ ព្រោះគេមានប្រាជ្ញាវាងវៃណាស់ គួររក្សាទុកខ្លះ ជាជាងមិត្តភក្តិអែបអបប្រាថ្នាលាភសក្ការៈ។

សរុបទៅ “ត្រីកប់ត្រឡប់ជាត្រីអាំង សម្លក្នុងឆ្នាំងរកវែកដួសគ្មាន” សំដៅដល់បក្សប្រឆាំងដែលរលាយទៅហើយនោះ មិនខុសពីត្រីអាំងដែលក្លាយជាម្ហូបដ៏មានឱជារស ត្រូវគេស៊ីហ្មត់ សល់តែស្លឹកចេក។ ចំណែកវិធានការក្តៅឬយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ក៏មិនខុសពីសម្លកំពុងពុះក្នុងឆ្នាំង ត្រូវតែមានពួកប្រឆាំងខ្លះជួយរិះគន់ កែលម្អ ទើបពេញលក្ខណៈជា “រាជរដ្ឋាភិបាលប្រជាធិបតេយ្យ”។ បើចេះតែនាំគ្នាប្តឹងផ្តល់ ធ្វើឱ្យពួកប្រឆាំងរត់ចោលស្រុកម្តងមួយៗនោះ អត់ចំណេញទេ ដែលជាបរិបទមួយសម្រាប់បក្សកាន់អំណាច ពិចារណា ដើម្បីបន្តដឹកនាំប្រទេស ឈានទៅសម្បូរសប្បាយជាងនេះទៀត៕

ដោយ អាចារ្យថាំ

RELATED ARTICLES