អ្នកនយោបាយសម័យនេះ ឱ្យតែបញ្ចេញសកម្មភាពអ្វីមួយពាក់ព័ន្ធនឹងនយោបាយ កម្រចៀសផុតពីការជាន់ដានប្រវត្តិសាស្ត្រណាស់។ យ៉ាងណាមិញ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលរត់ចោលស្រុក ទៅប្រមូលផ្តុំគ្នានៅក្រៅប្រទេសនោះ ក៏ដើរជាន់ប្រវត្តិសាស្ត្រដែរ ពោលគឺ “ពួកប្រឆាំង ដើរជាន់ដានពួកឥស្សរៈ”។ ពួកគេបានបង្កើត “ចលនាសង្គ្រោះជាតិ” ហើយ អាចនឹងបង្កើតចលនាអ្វីផ្សេងទៀត បែកចេញពី “អតីតគណបក្សសង្គ្រោះជាតិ” ដែល “នគរធំ” សូមលើកពី “ចលនាខ្មែរ ឥស្សរៈ” មកបរិយាយថ្ងៃនេះ…។
ប្រវត្តិសាស្ត្រ បានចារទុកយ៉ាងច្បាស់ថា ក្រោយពេលបារាំង ដាក់អាណានិគមនៅកម្ពុជា តាំងពីរជ្ជកាលព្រះបាទនរោត្តម ក៏មានចលនាខ្មែរស្នេហាជាតិ ងើបឡើងតស៊ូជាបន្តបន្ទាប់ ដូចជា ចលនាអាចារ្យស្វា ពោធិ៍កំបោរ អាចារ្យលាក់ ក្រឡាហោមគង់ ព្រះអង្គម្ចាស់ស៊ីវត្ថា ពិស្ណុលោកឈូក វិបុលសង្គ្រាម ស ឧកញ៉ាចក្រីម៉ា ជាដើម។ ចលនានេះមិនបានទទួលជោគជ័យទេ គឺត្រូវបារាំង បង្ក្រាបឱ្យរាបទាបជាបន្តបន្ទាប់ ដោយចាប់មេដឹកនាំទៅធ្វើទារុណកម្មរហូតដល់ស្លាប់។ លុះចូលមកដល់ទសវត្ស ឆ្នាំ១៩៤០ អំឡុងសង្គ្រាមលោកលើកទី២ ក៏មាន “ចលនាឥស្សរៈ” កើតឡើងព្រោងព្រាត ដែលមាន “លោកសឺង ង៉ុកថាញ់” ជាមេដឹកនាំធំជាងគេ។ បន្ទាប់ពីបារាំង ចាប់លោកអាចារ្យហែម ចៀម ទៅដាក់គុកកោះត្រឡាច ក្រោមបទចោទប្រកាន់ បំផុសឱ្យមាន “សង្គ្រាមឆត្រ” ដើម្បីការពារអក្សរសាស្ត្រខ្មែរមក ពួកប្រឆាំងបានរត់បែកខ្ញែកគ្នា គេចពីការតាមចាប់ខ្លួន របស់ពួកគិញបារាំង។ ក្រោយមក ដោយមានអន្តរាគមន៍ពីកងទ័ពហ្វាស៊ីសជប៉ុន លោកសឺង ង៉ុកថាញ់ ក៏បានឡើងធ្វើជានាយករដ្ឋមន្ត្រី មួយរយៈទៅ។ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៤៥ ជប៉ុន ត្រូវបរាជ័យក្នុងសង្គ្រាមលោកលើកទី២ បន្ទាប់ពីអាមេរិក ទម្លាក់គ្រាប់បែកបរមាណូ នៅលើកោះហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី បណ្តាលឱ្យជនជាតិជប៉ុន ស្លាប់រាប់សែននាក់តែមួយប៉ប្រិចភ្នែកនោះ កងទ័ពបារាំង ជាពិសេស ទ័ពឆត្រយោង បានចូលមកដល់ភ្នំពេញ តាមផ្លូវអាកាស។ កាលនោះ ឧត្តមសេនីយ៍អាដេម៉ារដ៍ ឡឺក្លែរ (Adhémard Leclère) បានបញ្ជាឱ្យចាប់ខ្លួននាយករដ្ឋមន្ត្រីសឺង ង៉ុកថាញ់ ស្និទ្ធជប៉ុន យកទៅឃុំឃាំងនៅប្រទេស បារាំង ដោយបន្តតាមចាប់ខ្លួនខ្សែរយៈលោកសឺង ង៉ុកថាញ់ មកផ្តន្ទាទោស បណ្តាលឱ្យអ្នកតស៊ូទាំងនោះរត់គេចខ្លួនចូលព្រៃបង្កើត “ចលនាឥស្សរៈ” ប្រឆាំងបារាំង។
មុនដំបូង មេឥស្សរៈសំខាន់ៗនៅក្រោមឱវាទលោកសឺង ង៉ុកថាញ់ ទាំងអស់ លុះលោកសឺង ង៉ុកថាញ់ ជាប់ពន្ធនាគារ បណ្តាលឱ្យកូនចៅបែកខ្ញែក បង្កើតជាក្រុមបក្សដោយឡែកពីគ្នា។ កាលនោះ ខេត្តបាត់ដំបង នៅក្រោមអំណាចសៀម ដោយ មានព្រំប្រទល់ត្រឹមស្ទឹងស្វាយដូនកែវ ទើបចលនាឥស្សរៈ បានទៅប្រមូលផ្តុំគ្នានៅទីនោះ ដោយទទួលអាវុធនិងលុយកាក់ពី អាជ្ញាធរសៀម។ មេឥស្សរៈដែលគេស្គាល់ មានព្រះអង្គម្ចាស់នរោត្តម ច័ន្ទរង្សី លោកប៊ុណ្ណ ច័ន្ទម៉ុល បានបង្កើតក្រុមឥស្សរៈ នៅឃុំអន្លង់វិល ខេត្តបាត់ដំបង។ លោកប៉ុក គុណ ហៅត្រឡាច (ចៅសម្តេចចៅហ៊្វាប៉ុក) បានបង្កើតចលនាតស៊ូនៅបាងកក ចាំទាក់ទងជាមួយសៀម ដឹកគ្រឿងអាវុធទៅឱ្យក្រុមឥស្សរៈ នៅអន្លង់វិល។ ក្រៅពីនោះ ក៏នៅមានក្រុមលោកកៅ តក់ (ឪពុក ក្មេកលោកហង្ស ធុនហាក់ អតីតសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអតីតនាយករដ្ឋមន្ត្រីរបប លន់ នល់) ក្រុមលោកច័ន្ទ សូវ៉ាត និងក្រុមលោកដាប ឈួន ម្ជុលពេជ្រ បើកជំរំសម្ងាត់នៅភ្នំដងរែក។ រីឯក្រុមអាចារ្យយី ក្រុមលោកមាក់ ដោក ធ្វើការតស៊ូនៅតំបន់ទន្លេធំ។
សូមបញ្ជាក់ថា ចលនាឥស្សរៈទាំងនោះ ក៏មានខ្លះបានចូលក្នុង “ចលនាវៀតមិញ” ផងដែរ ប៉ុន្តែ ជាទិដ្ឋភាពរួម ទោះជាភាគីណាដើរតាមអាមេរិក តាមរុស្ស៊ី តាមចិន ក៏សុទ្ធតែប្រឆាំងបារាំង ដូចគ្នាទាំងអស់។ ពួកគេរស់ដោយសារស្រូវអង្ករ ដែលប្រជាកសិករលួចជួយឧបត្ថម្ភ ឯគ្រឿងអាវុធ បានពីសៀមខ្លះ និងស្ទាក់វាយយកពីទាហានបារាំងខ្លះ ដូចករណីពួកឥស្សរៈ លោកប៊ុណ្ណ ច័ន្ទម៉ុល លើកគ្នាទៅវាយក្រុងសៀមរាប ដណ្តើមបានកាំភ្លើងសន្ធឹក ប៉ុន្តែ ដោយសារពួកគេមិនចេះបើករថយន្ត ក៏ត្រូវទាហានបារាំង ដេញស្ទាក់ដណ្តើមកាំភ្លើងបានវិញ។ មេឥស្សរៈនីមួយៗសុទ្ធតែចង់ល្បីឈ្មោះ ដោយធ្វើការគ្មានឯកភាព ជួនកាលសម្លាប់គ្នាឯងក៏មាន ដូចករណីលោកកៅ តក់ មេឥស្សរៈតំបន់ភ្នំដងរែក ត្រូវដាប ឈួន បញ្ឆោតឱ្យទៅយកលុយ លុះគាត់ជិះសេះទៅយក ក៏ត្រូវកូនចៅដាប ឈួន ស្ទាក់វាយប្រហារស្លាប់នៅជើងភ្នំដងរែក។ ទ្រង់ច័ន្ទរង្សី ជារាជវង្សមាន គេស្អប់ ធ្លាប់ត្រូវមេឥស្សរៈម្ខាងទៀត ចោទប្រកាន់ថា ជារនុកក្នុងរបស់បារាំង ត្រូវគេចាប់ចង យកទៅប្រហារជីវិត ប៉ុន្តែ បានលោកប៊ុណ្ណ ច័ន្ទម៉ុល ធ្វើអន្តរាគមន៍ ក៏រួចព្រះជន្មទៅ។
ការលើកឡើងពី “ចលនាឥស្សរៈ” ដោយត្រួសៗខាងលើនេះ ចង់បង្ហាញថា បើកាលណាអ្នកដឹកនាំត្រូវគេចាប់បាន ច្បាស់ ជាកូនចៅបែកខ្ញែកគ្នា បង្កើតចលនាតស៊ូរៀងៗខ្លួន។ យ៉ាងណាមិញ បន្ទាប់ពីមានការចាប់ខ្លួនលោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដាក់គុកត្រពាំងផ្លុង និងដកសិទ្ធិបុគ្គល១១៨រូប មិនឱ្យធ្វើនយោបាយ៥ឆ្នាំមក ពួកប្រឆាំង សំខាន់ៗបានរត់បែកខ្ញែកគ្នាទៅក្រៅប្រទេស បន្តការប្រឆាំងមិនឈប់ឈរ។ ឥឡូវពួកប្រឆាំង ត្រូវអ្នកតាមដានមើលឃើញ ស្រពេចស្រពិលថា កំពុងបែកបាក់គ្នា ដោយម្ខាង “សម រង្ស៊ីនិយម” ម្ខាងទៀត “កឹម សុខានិយម” ពោលគឺពួកកឹម សុខានិយម មិនទទួលស្គាល់ “ចលនាសង្គ្រោះជាតិ” ដែលលោកសម រង្ស៊ី និងសហការីជំនិតបង្កើតឡើង។
បើយកករណីនេះមកវិភាគ គឺ “ពួកប្រឆាំង ដើរជាន់ដានពួកឥស្សរៈ” នេះឯង ដូចអ្វីដែលយើងរៀបរាប់ខាងលើ។ លោក កឹម សុខា ត្រូវជាប់ពន្ធនាគារ ក៏ដូចលោកសឺង ង៉ុកថាញ់ ជាប់ទីឃុំឃាំង ធ្វើឱ្យកូនចៅលែងឯកភាពគ្នា។ ដោយហេតុថា តំណែង ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវប្រគល់ទៅឱ្យលោកកឹម សុខា ឯលោកសម រង្ស៊ី បានលាលែង ទោះជាគាត់សុំចូលជាសមាជិក វិញ ក៏មិនសូវមានឥទ្ធិពលដូចមុនទេ ដូច្នេះពួកប្រឆាំងដែលប្រកាន់ខ្សែម្ខាងៗនេះ ធ្វើអ្វីៗតាមគំរូពួកឥស្សរៈ “ដោយមិនដឹងខ្លួន”។
អ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងថា “ពួកប្រឆាំង កំពុងបែកបាក់គ្នា” ប៉ុន្តែ តាមពិត “ពួកឥស្សរៈ ក៏បែកគ្នាយ៉ាង នេះដែរ តែសត្រូវពួកគេគឺបារាំង”។ យ៉ាងណាមិញ ទោះជាមានខ្សែសម រង្ស៊ី ខ្សែកឹម សុខា ក៏ខ្សែទាំងពីរនោះប្រឆាំងរដ្ឋាភិបាលដូចគ្នា។ ទស្សនៈមន្ត្រីរដ្ឋាភិបាល ជារឿងធម្មតាទៅហើយ ព្រោះគាត់ឆ្លើយតបទៅពួកប្រឆាំង តាមការបង្គាប់បញ្ជាពី ថ្នាក់លើ ប៉ុន្តែ មតិយោបល់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំង គឺចេញពីមជ្ឈដ្ឋានមហាជនឯណោះទេ។ ថ្មីៗនេះ នាងកញ្ញា ម្នាក់ ធ្លាប់គាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានបញ្ចោញមតិតាមហ្វេសប៊ុកថា “ប្រជាពលរដ្ឋគាំទ្រមួយចំហៀងប្រទេស គឺ មិនមែនមកពីស្រលាញ់បក្សសម រង្ស៊ី ឬបក្សកឹម សុខា ឡើយ គឺស្រលាញ់ពេញចិត្តគណបក្សសង្គ្រោះជាតិ តែមួយគត់។ ចាំ ទុកកុំរវើរវាយខុសរឿង បើនៅតែបែបនេះ វាសនាអ្នកឯង គឺ២៧កៅអី និង៣កៅអីហ្នឹងមួយជីវិតទៅ ហើយជិតដល់ពេល បោះឆ្នោត គេរំលាយរាល់អាណត្តិ។ បើអ៊ីចឹងទៅដាំស្ពៃវិញទៅប្រសើរជាង”…។ មតិយោបល់នេះ បង្ហាញថា “ទស្សនៈមហាជន គេចាប់អារម្មណ៍ជាងទស្សនៈអ្នកធំ” ឬថា បង្ហាញពីភាពបែកបាក់គ្នាមែន ប៉ុន្តែ អ្នកបែកបាក់នោះ សុទ្ធតែប្រឆាំងបក្សកាន់អំណាច ដូចពួកឥស្សរៈគ្រប់ក្រុមសុទ្ធតែប្រឆាំងបារាំង។
សរុបទៅ “ពួកប្រឆាំង ជាន់ដានពួកឥស្សរៈ” ជាការគាស់កកាយប្រវត្តិសាស្ត្រ មកប្រៀបធៀបនឹងស្ថានការណ៍បច្ចុប្បន្ន តែប៉ុណ្ណោះ។ ដូចលើកឡើងរួចមកហើយថា បន្ទាប់ពីបារាំង ចាប់សឺង ង៉ុកថាញ់ ក៏មានចលនាឥស្សរៈកើតឡើងព្រោងព្រាត ស្ទាក់វាយដណ្តើមកាំភ្លើងពីទាហានបារាំង។ ដូចគ្នានេះដែរ បន្ទាប់ពីចាប់ខ្លួនលោកកឹម សុខា ក៏មាន “ចលនាសង្គ្រោះជាតិ” បែកចេញពី “គណបក្សសង្គ្រោះជាតិ” ប៉ុន្តែពួកប្រឆាំងទាំងនោះ ធ្វើសកម្មភាពនៅអាមេរិក សហភាពអឺរ៉ុប មិនមែនមក ធ្វើនៅខេត្តបាត់ដំបង ភ្នំដងរែក ទន្លេធំ ក្នុងប្រទេសកម្ពុជាបានឡើយ ហើយក៏គ្មានលទ្ធភាពស្ទាក់វាយដណ្តើមកាំភ្លើងដូចពួក ឥស្សរៈនោះដែរ គ្រាន់តែបង្កើតចលនាប្រឆាំងស្រដៀងគ្នាតែប៉ុណ្ណោះ៕