Monday, November 25, 2024
Homeបរិយាយមិត្តភាពកម្ពុជា-ឥណ្ឌា

មិត្តភាពកម្ពុជា-ឥណ្ឌា

ខណៈដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីលើកកម្ពស់មិត្តភាព និងសហប្រតិបត្តិការបន្ថែមទៀតនោះ ជាសញ្ញាបង្ហាញថា រវាងកម្ពុជា និងឥណ្ឌា ដែលភ្ជាប់មិត្តភាព រាប់ពាន់ឆ្នាំមកហើយនោះ គ្មានថ្ងៃប្រេះស្រាំបានឡើយ។ ចំណងមិត្តភាពនេះ មានចារទុកយ៉ាងច្បាស់ក្នុងក្រាំងប្រវត្តិសាស្ត្រ និងគម្ពីរព្រះត្រៃបិដក ដែល “នគរធំ” សូមគាស់កកាយយកមកបង្ហាញក្នុងបទបរិយាយថ្ងៃនេះ…។

ប្រទេសឥណ្ឌា មានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋឥណ្ឌា” មានផ្ទៃដីសរុប

៣ ២៨៧ ២៦៣ គីឡូម៉ែត្រក្រឡា (ចំណាត់ថ្នាក់លេខ៧ ក្នុងពិភពលោក) ដោយមានព្រំប្រទល់ប៉ែកខាងជើង និងឦសាន ជាប់ នឹងប្រទេសចិន នេប៉ាល់ និងប៊ូតាន ប៉ែកខាងកើត ជាប់ប៉ាគីស្ថាន ភូមា និងបង់ក្លាដែស រីឯប៉ែកខាងត្បូង និងខាងលិច ជាប់មហាសមុទ្រ ដោយមានប្រទល់ដែនទឹក ជាប់ស្រីលង្កា ម៉ាល់ឌីវ ថៃ និងឥណ្ឌនេស៊ី។ ឥណ្ឌាមានប្រជាជនសរុប ១ ៣២៤ ១២១៩៧៧នាក់ ឬជាង១ ពាន់លាននាក់ យោងតាមស្ថិតិឆ្នាំ២០១៦ (ជាប់ចំណាត់ថ្នាក់លេខ២ ប្រចាំពិភពលោក បន្ទាប់ពីចិន)។ មហាប្រទេសនេះបែងចែកជារដ្ឋ សហព័ន្ធចំនួន២៩ ប្រើប្រាស់ភាសាហិណ្ឌូ និងភាសាអង់គ្លេស ជាភាសាយាន ព្រោះធ្លាប់នៅក្រោមអាណានិគមអង់គ្លេស។

យោងតាមគម្ពីរព្រះត្រៃបិដក ចារទុកថា ប្រទេសឥណ្ឌា នាសម័យពុទ្ធកាល ជាទឹកដី “ជម្ពូទ្វីប” មានរដ្ឋចំណុះចំនួន២១ ដោយមានព្រះមហាក្សត្រ “ដែនមគធៈ” ជាស្តេចចម្បងលើគេ។ ដែនមគធៈ មាន “ក្រុងរាជគ្រឹះ” ជារាជធានី ដែលកាល នោះ “ព្រះបាទពិម្ពិសារ” ជាព្រះមហាក្សត្រាធិរាជ។ ព្រះបាទពិម្ពិសារ បានទុករាជសន្តតិវង្ស រហូតមកដល់ព្រះពុទ្ធបរិនិព្វាន ទើបទឹកដីជម្ពូទ្វីប ធ្លាក់មកក្រោមការគ្រប់គ្រងរបស់ព្រះបាទអសោក ជា “ចក្រពត្រាធិរាជ”។ ព្រះបាទពិម្ពិសារ ត្រូវព្រះរាជបុត្រ “អជាតសត្រូវ” ធ្វើគុតប្លន់យករាជសម្បត្តិ ឯព្រះបាទអជាតសត្រូវ ទីបំផុតក៏ត្រូវព្រះរាជបុត្រ “ឧទានភក្រ” ធ្វើគុត យករាជសម្បត្តិដែរ។ រាជវង្សនេះធ្វើរដ្ឋប្រហារតៗគ្នា អស់១២តំណ ដល់មក “ព្រះបាទវិន្ទុសារ” ជាព្រះបិតានៃព្រះបាទ អសោក ក៏អស់បុណ្យដោយសារព្រះរាជបុត្រនេះរកល្បិចកម្ចាត់យករាជសម្បត្តិដែរ។ ទោះយ៉ាងណា នៅពេលក្លាយជាស្តេច ជម្ពូទ្វីប ព្រះបាទអសោក បានក្លាយជា “អគ្គពុទ្ធសាសនូបត្ថម្ភក៍” បានទំនុកបម្រុងព្រះពុទ្ធសាសនា បង្កើតឱ្យមាន “តតិយសង្គាយនា” និងមានការបញ្ជូនសមណទូត ២អង្គ គឺ “ព្រះសោណត្ថេរ និងឧត្តរត្ថេរ” ឱ្យនិមន្តមកផ្សាយសាសនា នៅសុវណ្ណភូមិ ក្នុងនោះក៏មានកម្ពុជា ផងដែរ។ ដោយហេតុថា “ព្រះបាទអសោក” ជាស្តេចចម្បង ទើបប្រជារាស្ត្រក្នុងជម្ពូទ្វីប ត្រូវប្រើ “មគធភាសា” ដែលជាគូនិងភាសាសំស្ក្រឹត។

បន្ទាប់ពីពុទ្ធសាសនាផ្សាយចូលមកដល់កម្ពុជា នាំទាំងភាសាបាលី (មគធភាសា) និងភាសាសំស្ក្រឹត ចូលមកនោះ ទើប មានព្រហ្មញ្ញសាសនា ចូលមកតាមក្រោយ នាំទាំងវប្បធម៌ឥណ្ឌា មកសាបព្រោះនៅកម្ពុជា ផងដែរ។ ព្រះបាទហ៊ុន ទៀន ដែលមានព្រះនាមដើមថា “ព្រាហ្មណ៍កៅណ្ឌិន្យ” ដែលបានមកច្បាំងឈ្នះព្រះនាងលីវយី ឬព្រះនាងសោមា ក៏ក្លាយជាព្រះមហាក្សត្រខ្មែរ តរាជសន្តតិវង្សចំនួន៧រជ្ជកាល ដោយមានការដឹកនាំតាមវប្បធម៌ឥណ្ឌា ឬក្លិង្គ ស្តែងចេញតាមរយៈសំណង់ ប្រាសាទបុរាណនានា បែបសិវនិយម និងវិស្ណុនិយម។

ការលើកឡើងដោយត្រួសៗខាងលើនេះ ចង់បង្ហាញថា ឥណ្ឌា បានភ្ជាប់មិត្តភាពជាមួយកម្ពុជា តាំងពីព្រះសោណត្ថេរ និង ឧត្តរត្ថេរ និមន្តពីជម្ពូទ្វីប មកផ្សាយពុទ្ធសាសនាម៉្លេះ លុះដល់ព្រះបាទហ៊ុន ទៀន ឬព្រាហ្មណ៍កោណ្ឌិន្យ មកពីឥណ្ឌា ធ្វើឱ្យមិត្តភាព កាន់តែស៊ីជម្រៅ។ យោងតាមទស្សនៈ “លោកឧកញ៉ាទេពពិទូរ ឈឹម ក្រសេម” ថា “ខ្មែរ ជាឥណ្ឌាទី២” ដោយសារមានទំនៀមទម្លាប់ប្រពៃណីស្រដៀងគ្នា ជាពិសេស សាសនាដូចគ្នា និងមានរូបរាងសម្បុរខ្មៅស្រអែមដូចគ្នាទៀត។ ពិធីបុណ្យសព ដោយ បោះសពទៅក្នុងទន្លេ កប់ទុកក្នុងដី បូជាដោយភ្លើង និងយកសពទៅចោលក្នុងព្រៃឱ្យសត្វស៊ី សុទ្ធតែធ្វើតាមឥណ្ឌា ទាំងអស់។

ចូលមកដល់សម័យសង្គមរាស្ត្រនិយម សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ បានភ្ជាប់មិត្តភាពស៊ីជម្រៅជាមួយ ឥណ្ឌា។ សម្តេចឪ បានបបួលលោកបណ្ឌិតហ្សាវ៉ា ហាឡាល់ នេរុហ៍ នាយករដ្ឋមន្ត្រីឥណ្ឌា បង្កើត “ចលនាមិនចូលបក្សសម្ព័ន្ធ” ដោយមានប្រទេសអេហ្ស៊ីប យូហ្គោស្លាវី និងឥណ្ឌូនេស៊ី ចូលរួមផងដែរ។ សម្តេចឪធ្លាប់យាងទៅសុំ “ព្រះបរមសារីរិកធាតុ” ពីប្រទេសឥណ្ឌា មកតម្កល់ទុកនៅ “ព្រះសក្យមុនីចេតិយ” មុខស្ថានីយរថភ្លើង ក្រុងភ្នំពេញ កាលពី ព.ស ២៥០០ ឬបុណ្យពាក់ កណ្តាលសាសនា ដែលសព្វថ្ងៃព្រះបរមសារីរិកធាតុនោះ បានយកទៅតម្កល់នៅភ្នំព្រះរាជទ្រព្យ (ឧដុង្គ)។ ក្រោយពេលបណ្ឌិត នេរុហ៍ ស្លាប់ទៅ កូនស្រីរបស់លោក គឺលោកស្រីឥន្ទ្រា គន្ធី បានឡើងជានាយករដ្ឋមន្ត្រី នៃ “គណបក្សសមាជ” នៅតែបន្តមិត្តភាព ជាមួយកម្ពុជា។ បន្ទាប់ពីលោកស្រីឥន្ទ្រា គន្ធី ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារមក កូនប្រុសគាត់ គឺលោករ៉ាជីវ គន្ធី បានឡើងស្នងតំណែង ប៉ុន្តែ ជាអកុសល នាយករដ្ឋមន្ត្រីស្នងត្រកូលនេះ ក៏ត្រូវគេសម្លាប់ទៀត ដោយការបំផ្ទុះគ្រាប់បែក។ ការសម្លាប់អ្នកដឹកនាំប្រទេស បែបនេះ ទំនងជាជាប់ប្រពៃណីពីព្រះបាទពិម្ពិសារ ដែលត្រូវព្រះរាជបុត្រ អជាតសត្រូវធ្វើគុត និងធ្វើគុតតៗគ្នា ដណ្តើមអំណាច។ សូម្បីលោក “មហាត្មៈ គន្ធី” បិតាឯករាជ្យឥណ្ឌា ក៏ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារដែរ ព្រោះតែរឿងសាសនា។

ទោះជាមានការព្យាបាទគ្នាយ៉ាងណា ក៏ថ្នាក់ដឹកនាំឥណ្ឌា នៅតែបន្តភ្ជាប់មិត្តភាពជាមួយកម្ពុជា មិនឱ្យដាច់ឡើយ សូម្បី របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលឡើងកាន់អំណាចក្រោយផ្តួលរំលំរបបប៉ុល ពត ក៏ឥណ្ឌា ភ្ជាប់ចំណងការទូតដែរ ប៉ុន្តែ ឥណ្ឌាមិនិដែលរំខានដល់ “ចលនាត្រីភាគី” នៅទល់ដែន ដែលមានសម្តេចឪ ព្រះនរោត្តម សីហនុ ជាព្រះប្រធាននោះ ឡើយ។ ប្រទេសឥណ្ឌា បានក្លាយជាប្រទេសហត្ថលេខី នៃ “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ជួយត្រួសត្រាយបើកផ្លូវ ឱ្យកម្ពុជា មានសុខសន្តិភាពមកទល់ពេលនេះ។

បច្ចុប្បន្ន សាធារណរដ្ឋឥណ្ឌា ដឹកនាំដោយនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី (Narendra Modi) ដោយជាប់២អាណត្តិ មកហើយ នៅតែបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា។ មហាប្រទេសនេះ បានក្លាយជា “មហា អំណាចនុយក្លេអ៊ែរ” ប្រជែងឥទ្ធិពលជាមួយចិន និងមានប្រភពចំណូលខ្លាំងពីវិស័យទេសចរណ៍។ ដោយសារឥណ្ឌា ជាប្រភព ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ទើបក្នុង១ឆ្នាំៗ មានអ្នកទេសចររាប់លាននាក់ ជាពិសេស អ្នកទេសចរពុទ្ធសាសនិក បានទៅកម្សាន្តនៅឥណ្ឌា។ ទីតាំងសំខាន់ៗនៃទស្សនកិច្ចរបស់ទេសចរកាន់ព្រះពុទ្ធសាសនា គឺទៅមើល “ចេតិយពុទ្ធគយា” (Budh Gaya) និងមហាពោធិព្រឹក្ស កន្លែងព្រះពុទ្ធបានត្រាស់ដឹង, សសរស្តម្ភលុម្ពិនី (Lumbini) ទីតាំងព្រះអង្គប្រសូត, ធម្មិកស្តូបសារនាថ (Benares) ទីតាំងព្រះអង្គសម្តែងធម្មចក្រប្បវត្តនសូត្រ ប្រោសភិក្ខុបញ្ចវគ្គីយ និង “ចេតិយកុសិនារា” (Kushinara) ទីតាំងព្រះពុទ្ធចូលបរិនិព្វាន។ សំវេជនីយដ្ឋានទាំង៤កន្លែងនេះ ថ្ងៃណាក៏មានអ្នកទេសចរបរទេសទៅដល់ដែរ ដោយនាំប្រភពថវិការចូលប្រទេសឥណ្ឌា មិនចេះរីងស្ងួត។

សព្វថ្ងៃ មិត្តភាពកម្ពុជា-ឥណ្ឌា កាន់តែរឹងមាំទ្វេឡើង ដោយមានក្រុមហ៊ុនធំៗរបស់ឥណ្ឌា ចូលមករកស៊ីនៅកម្ពុជា ជាពិសេស មានក្រុមហ៊ុនជួយជួសជុលប្រាង្គប្រាសាទបាក់បែកនៅតំបន់អង្គរ។ ជនជាតិឥណ្ឌា ឬក្លិង្គ មិនតិចទេ ដែលកំពុង ប្រកបរបរស្ពាយមុងភួយដើរលក់ ពេញទឹកដីកម្ពុជា ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បង្កលក្ខណៈងាយស្រួលដល់ពួកគេ។ ពី មុនក៏មានជនជាតិ ក្លិង្គ ស្ពាយសណ្តែកដីដើរលក់តាមវត្តអារាមនានាដែរ រហូតដល់សម្តេចព្រះសង្ឃរាជជួន ណាត ទាក់ទង បាន “គ្រូក្លិង្គ” ម្នាក់ ទៅបង្រៀនភាសាសំស្ក្រឹត និង “អក្សរទេវនាគរី” កម្រិតបឋម ដល់ព្រះអង្គ មុននឹងព្រះអង្គនិមន្តទៅ បន្តការសិក្សាភាសាសំស្ក្រឹត ក្នុងសំណាក់លោកល្វីស៍ ហ្វីណូត៍ (Louis Finot) អ្នកប្រាជ្ញបារាំង នៅទីក្រុងហាណូយ នាឆ្នាំ ១៩២២។ ខ្សែភាពយន្តឥណ្ឌា ក៏កំពុងពេញនិយមនៅកម្ពុជា ផងដែរ ដែលថ្ងៃណាក៏មានការចាក់បញ្ចាំងតាមទូរទស្សន៍ធ្វើ ឱ្យទស្សនិកជនខ្មែរ បានសប្បាយរីករាយជក់ចិត្តតាមដានសាច់រឿង។

សរុបទៅ “មិត្តភាពកម្ពុជា-ឥណ្ឌា” នៅមានរាប់មិនអស់ ទោះជាសរសេរ១០០ទំព័រ ក៏មិនចប់ដែរ។ អ្វីដែលសំខាន់ត្រង់ ឥរិយាបថឥណ្ឌា តែងតែទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងរាជធានីភ្នំពេញ ប៉ុន្តែឥណ្ឌា មិនដែលថ្កោលទោសចលនា ប្រឆាំងអ្វីដែរ។ ជាក់ស្តែងពេលនេះ ឥណ្ឌាកំពុងរៀបចំបដិសណ្ឋារកិច្ចគណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅឥណ្ឌា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ប៉ុន្តែ ឥណ្ឌា នៅតែស្ងៀម ពាក់ព័ន្ធដល់ “ចលនាសង្គ្រោះជាតិ” ដែលបង្កើតឡើងដោយ លោកសម រង្ស៊ី បានន័យថា ឥណ្ឌា ភ្ជាប់មិត្តភាព ជាមួយកម្ពុជា តែគេមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា នោះឡើយ៕

RELATED ARTICLES