ភ្នំពេញ ៖ អតតីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ ដែលជាប់នៅក្នុងបញ្ជីខ្មៅ ត្រូវសាលដីកាស្ថាពររបស់តុលាការ កំពូល ហាមឃាត់ការធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំនោះ ត្រូវក្រសួងយុត្តិធម៌ ដែលជាសេនាធិការផ្នែកច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមានថា អាចនឹងក្លាយជាទណ្ឌិត ចំពោះសកម្មភាពគឃ្លើនដែលប្រឆាំងនឹងច្បាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ លោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ថា “អ្នកនឹងក្លាយជាទណ្ឌិតក្នុងរឿងព្រហ្មទណ្ឌ ចំពោះសកម្មភាពគឃ្លើនប្រឆាំងច្បាប់ និងសកម្មភាពមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បែបនេះ។ សកម្មភាពអ្នកដែលបានអនុវត្ត និង កំពុងបន្តអនុវត្តក្នុងកាលៈទេសៈដែលបក្សបាន រំលាយ ឬក្នុងពេលដែលអ្នកត្រូវបានហាមប្រាម មិនឱ្យធ្វើនយោបាយរួចហើយដោយតុលាការ គឺជាភ័ស្តុតាងដាក់បន្ទុកនៃអំពើល្មើសរបស់អ្នក ក្នុងច្បាប់ព្រហ្មទណ្ឌ”។
លោកគឹម សន្តិភាព ក៏បានបង្ហាញមាត្រា ចំនួន២ គឺមាត្រា ៤២ថ្មី និងមាត្រា ៥២៣ នៃ ច្បាប់ស្តីពីគណបក្សនយោបាយ។
ក្នុងនោះ មាត្រា ៤២ថ្មី ចែងថា ត្រូវពិន័យ ជាប្រាក់ចំនួន ១០ ០០០ ០០០ (ដប់លាន) រៀល ដល់ ២០ ០០០ ០០០ (ម្ភៃលាន) រៀល និង/ឬផ្តន្ទាទោសដាក់ពន្ធនាគារ ពី០១ (មួយ) ខែដល់០១ (មួយ) ឆ្នាំ ចំពោះជនណាដែលបាន ប្រព្រឹត្តករណីណាមួយដូចខាងក្រោម ៖
១-បន្តគ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដែលក្រសួងមហាផ្ទៃ មិនយល់ព្រមឱ្យចុះ បញ្ជីគណបក្សនយោបាយ។
២-បន្តគ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដែលតុលាការបានសម្រេចរំលាយជាស្ថាពរ។
៣-គ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដោយមិនបានសុំចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្នុងរយៈពេលលើសពី១៨០ (មួយរយប៉ែតសិប) ថ្ងៃ គិតចាប់ពីថ្ងៃធ្វើកិច្ចការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ បណ្តោះអាសន្ន ដូចមានចែងក្នុងមាត្រា៩នៃ ច្បាប់នេះ។
៤-នៅតែបន្តធ្វើសកម្មភាពក្នុងនាមគណបក្សនយោបាយ ទោះជាមានសេចក្តីសម្រេចផ្អាក សកម្មភាពគណបក្សនយោបាយនោះក៏ដោយ។
៥-នៅតែបើកទីស្នាក់ការគណបក្សនយោបាយខ្លួន ទោះជាមានសេចក្តីសម្រេចស្ថាពររបស់ តុលាការ សម្រេចរំលាយគណបក្សនយោបាយ នោះក៏ដោយ។
ចំពោះមាត្រា ៥២៣ ចែងថា “បទធ្វើឱ្យ បាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ អំពើ រិះគន់លិខិត ឬសេចក្តីសម្រេចរបស់តុលាការ ក្នុង គោលដៅបង្កឱ្យមានភាពវឹកវរដល់សណ្តាប់ធ្នាប់ សាធារណៈ ឬក៏បង្កឱ្យមានគ្រោះថ្នាកដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី (មួយ) ខែ ទៅ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ ពី១០០ ០០០ (មួយសែន) រៀល ទៅ១០ ០០០ ០០០ (មួយលាន) រៀល។
អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់ តុលាការ ត្រូវផ្តន្ទាទោសដូចគ្នានឹងទោសដែល មានចែងនៅក្នុងកថាខណ្ឌទី១ ខាងលើ”។
គួរបញ្ជាក់ដែរ ការលើកឡើងពីទិដ្ឋភាព ច្បាប់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ខាងលើ នេះ បានធ្វើឡើយស្របពេលដែលកងកម្លាំង ប្រដាប់អាវុធកម្ពុជា រួមមានក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ព កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ក្រសួងមហាផ្ទៃ ស្នងការនគរបាលជាតិ ជាដើម បានប្រកាសត្រៀមកម្ទេចចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន រួមមាន លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ, លោកស្រីមួរ សុខហួរ អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ, លោកស្រីជូឡុង សូមួរ៉ា អតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ ជាដើម ដែលសុទ្ធតែ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។
លោកគីម សន្តិភាព បានបញ្ជាក់ប្រាប់ “នគរធំ” ពីបញ្ហានេះរួចហើយថា ចលនាមួយ ដែលបង្កើតឡើង ហើយដែលគ្មានច្បាប់ ទម្លាប់ ហើយទី២ ដែលចរិតក្នុងការបង្កើតការញុះញង់ បង្កើតភាពចលាចល ក៏ដូចជាបង្កើតឱ្យមាន អំពើហិង្សាក្នុងប្រទេស នៅក្នុងទីតាំងណាមួយ គឺជាអំពើខុសច្បាប់ ហើយដែលមានចែងក្នុង ក្រមព្រហ្មទណ្ឌ។ ដូច្នេះអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចក្នុងការតាមដាន និងអនុវត្ត ច្បាប់នោះ គឺមានភារកិច្ចចំពោះមុខ ក្នុងការ បង្ការ ទប់ស្កាត់បទល្មើស។
លោកគឹម សន្តិភាព បានមានប្រសាសន៍ ថា “បើឃើញថា អំពើនេះជាអំពើល្មើសហើយ គឺយើងមិនបណ្តែតបណ្តោយឱ្យអំពើនេះកើត ឡើងហើយ បានយើងទៅធ្វើការបង្ក្រាបនោះ ទេ។ បើសិនជាដឹងថា អំពើល្មើសប្រុងនឹងកើត ឡើងហើយ គឺសមត្ថកិច្ចមានកាតព្វកិច្ចក្នុងការ បង្ការ និងទប់ស្កាត់។ ក្រសួងយុត្តិធម៌គាំទ្រទាំងអស់ រាល់ការអនុវវត្តច្បាប់។ ដូច្នេះហើយការ អនុវត្តតាមផ្លូវច្បាប់របស់អាជ្ញាធរសាធារណៈ ពាក់ព័ន្ធទៅនឹងការទប់ស្កាត់ ការបង្ការ ឬការ បង្ក្រាបបទល្មើស គឺជាជំហររួមរបស់ក្រសួង យុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ជារួម ខ្ញុំសូមបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាដឹង ហើយថា ចលនានេះជាចលនាខុសច្បាប់ ហើយ អ្នក ដែលដឹកនាំ ឬអ្នកចូលរួមចលនានេះ ក៏ត្រូវ ប្រឈមមុខចំពោះមុខច្បាប់ដែរ។ ដូច្នេះហើយ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿខ្លះទៅលើបញ្ហាបោកបញ្ឆោត ក្នុងចលនានេះ សូមដកខ្លួនចេញឱ្យឆ្ងាយពីចលនា ខុសច្បាប់នេះ ព្រោះគ្មានបានផលប្រយោជន៍អី ទេ នៅក្នុងការចូលរួមចលនាមួយដែលខុសច្បាប់ ក្រៅតែពីបង្កឱ្យមានបញ្ហាហានិភ័យដល់ខ្លួន ទេ គឺបញ្ហាប្រឈមនឹងផ្លូវច្បាប់របស់ខ្លួន”។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកជាម ច័ន្ទនី អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានបញ្ជាក់ថា ការ លើកឡើងពីទិដ្ឋភាពច្បាប់របស់អ្នកនាំពាក្យ ក្រសួងយុត្តិធម៌នោះ គឺជាការព្រមានមកដល់ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពិតប្រាកដហើយ។ ដូច្នេះដើម្បីកុំឱ្យមានឈ្មោះជា ទណ្ឌិត ឬកុំទោសតាមអំណាចច្បាប់នោះ លោក សូមអំពាវនាវដល់អតីតអ្នកនយោបាយដូចគ្នា កុំធ្វើសកម្មភាពអ្វីឱ្យគេចោទថា ខុសនឹងច្បាប់ ជាពិសេសការចូលរួមបង្កើតចលនាសង្គ្រោះជាតិ”។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ចាប់តាំងពីពេលដែលតុលាការកំពូល បាន ចេញសេចក្តីសម្រេចលុបសិទ្ធិនយោបាយពួកខ្ញុំ មក ខ្ញុំមិនមានសកម្មភាពអីដែលផ្ទុយនឹងពីសាលដីកាហ្នឹងទេ ទី១។ ទី២ ខ្ញុំមានការព្រួយបារម្ភ ចំពោះសហការីរបស់ខ្ញុំ ក្រែងលោគាត់បានធ្វើ មួយជ្រុលជ្រួស ឬក៏ពាក្យសម្តីអ្វីមួយ ដែលថា អាចជាការចាប់កំហុសរបស់ពួកអ្នកមានអំណាច ជាពិសេស ពួករដ្ឋាភិបាលហ្នឹង។ តែចំពោះខ្ញុំៗ អត់បានធ្វើអីខុសទេ អត់បានឆ្លើយតបអ្វីទាំងអស់។ អ៊ីចឹងខ្ញុំគិតថា ខ្ញុំមិនព្រួយបារម្ភអីទេ ប៉ុន្តែ តាមដែលការព្រមានហ្នឹងច្រើនណាស់ តាំងពី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងជួរកងទ័ព ហ្នឹងគាត់ព្រមានច្រើនណាស់ អាហ្នឹងចង់មិន ចង់ ជាការគំរាមហើយ ទាំងក្រសួងយុត្តិធម៌ ទាំង ក្រសួងការពារជាតិហ្នឹង ហើយនៅចុងក្រោយ នេះ វាមានចលនាសង្គ្រោះជាតិ។ ប៉ុន្តែយើងខ្ញុំ ក្នុងប្រទេសនេះ គឺថា មិនបានចូលរួម ឬក៏ បញ្ចោញសកម្មភាពដែលពាក់ព័ន្ធទៅនឹងចលនា សង្គ្រោះជាតិ នោះទេ។ ដូច្នេះខ្ញុំសូមអំពាវនាវ ដល់សហការីរបស់ខ្ញុំទាំងអស់ ជាពិសេស អតីត សមាជិកគណបក្សសង្គ្រោះជាតិ ទាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ សូមពិចារណាឱ្យច្បាស់ ចំពោះបញ្ហាដែលពាក់ព័ន្ធទៅនឹងនយោបាយ សព្វថ្ងៃនេះ ពីព្រោះខាងរដ្ឋាភិបាល ហាក់ដូចជា មានការគំរាមច្រើន អ៊ីចឹងសូមកុំឱ្យធ្វើរឿងដែល មានការពាក់ព័ន្ធទៅនឹងចលនាសង្គ្រោះជាតិ នេះ។ ជាពិសេស គឺអ្នកដែលមិនមានសិទ្ធិធ្វើ នយោបាយ ទាំង១១៨រូប”។
លោកជាម ច័ន្ទនី បន្តថា “កម្ពុជា ត្រូវបាន ទាំងថ្នាក់ជាតិ ទាំងអន្តរជាតិហ្នឹង កំណត់ហើយៗ ថា ប្រទេសកម្ពុជា នឹងមិនមានប្រជាធិបតេយ្យ អីទៀតទេ ជាពិសេស ក្រោយពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយអំណាច សាលដីការបស់តុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅហ្នឹង ឃើញថា វាអត់មាន អីឱ្យឆ្ងល់ទេ ពីព្រោះជាការពិត យើងត្រូវការ ការគ្រប់គ្រងអំណាចដោយតាមរយៈការបោះឆ្នោត ពីព្រោះយើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ដល់យើងធ្វើទៅ វាឈ្នះ ពួកអ្នកមានអំណាច ដកសិទ្ធិយើងអស់ តាមរយៈអំណាច តុលាការនោះ គឺថាវាអត់មានអីត្រូវឆ្ងល់ទេ។ អ៊ីចឹងប្រជាធិបតេយ្យនៅស្រុកខ្មែរនេះ គឺគ្មាន ទេ ព្រោះអ្នកមានអំណាច ធ្វើអីតាមអំពើចិត្ត អ៊ីចឹង។ ដូច្នេះជាចុងក្រោយ ខ្ញុំសុំបញ្ជាក់រួម សុំ ឱ្យសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ ធ្វើយ៉ាងណាកុំឱ្យធ្លាក់ទៅក្នុងអ្វីដែលតុលាការ ឬក៏ក្រសួងយុត្តិធម៌ កំពុងធ្វើការចោទប្រកាន់ ហ្នឹង វាឱ្យច្បាស់ យើងកុំទៅពាក់ព័ន្ធអី ពីឥឡូវ នេះ យើងដឹងហើយថា ស្រុកខ្មែរយើងនេះ គឺ មិនមានអីសំអាងទៀតទេ។ អ៊ីចឹងអត់មានការ ពាក់ព័ន្ធអី ហើយទុកភារកិច្ចនេះជូនទៅដល់ អន្តរជាតិចុះ ឥឡូវយើងនៅតាមកន្លែងស្ងៀមស្ងាត់ទៅ យើងកុំទៅបង្កបញ្ហាអី នេះជាការ គិតរបស់ខ្ញុំ”៕
កុលបុត្រ