Monday, November 25, 2024
Homeបរិយាយអហោសិកម្ម ប្រសើរជាងចងកម្ម

អហោសិកម្ម ប្រសើរជាងចងកម្ម

មរណភាពរបស់លោកស៊ាន ប៉េងសែ អតីតរដ្ឋមន្ត្រី នៃរបបលន់ នល់ និងជាអ្នកជំនាញកិច្ចការព្រំដែន ដែលតែងតែ រិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ ជុំវិញបញ្ហាព្រំដែននោះ បានធ្វើឱ្យពួកប្រឆាំង ទាំងក្នុងនិងក្រៅប្រទេស សម្តែងការ សោកស្តាយគ្រប់គ្នា។ ចំណែកអ្នកគាំទ្របក្សកាន់អំណាច ក៏មានមួយចំនួនបានសម្តែងការស្តាយស្រណោះ អាឡោះអាល័យ ដែរ ទោះបីជាពីមុនធ្លាប់មានទស្សនៈខុសគ្នាក្តី។ បើយោងតាមទ្រឹស្តីពុទ្ធនិយម តម្រូវឱ្យអ្នកដែលនៅរស់ “អហោសិកម្ម ប្រសើរជាងចងកម្មពៀរជាមួយសព” ដែល “នគរធំ”

ក្តាប់បាននូវការខ្វែងយោបល់គ្នាពាក់ព័ន្ធដល់មរណភាពលោកស៊ាន ប៉េងសែ ក៏យកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “អហោសិកម្ម” ជាភាសាបាលី មានន័យថា កម្មដែលគ្រាន់តែមានហើយចេញឱ្យផលមិនកើត គឺកម្មដែល រលុបរលាយសាបសូន្យទៅ ព្រោះកម្មឯទៀតណាមួយចេញឱ្យផលបំបិទផ្លូវផ្តាច់មុខ ឬកម្មដែលអស់កម្លាំង ឬអស់អំណាច ចេញឱ្យផលពុំកើត នេះបើយោងតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។ ចំពោះប្រជាពលរដ្ឋ ខ្មែរ បានប្រើពាក្យនេះ សំដៅដល់ “ការលើកលែងទោស មិនចងកម្មចងពៀរជាមួយ ឱ្យដាច់ស្រេចតែត្រឹមពេលស្លាប់ ឬក៏ ឈប់រវីរវល់ជាមួយ ទោះជានៅរស់ក្តី”។

បន្ទាប់ពីលោកស៊ាន ប៉េងសែ អ្នកជំនាញកិច្ចការព្រំដែន ធ្លាប់រិះគន់រដ្ឋាភិបាលមិនសំចៃមាត់ពាក់ព័ន្ធដល់ការកំណត់ព្រំ ប្រទល់ដែនកម្ពុជា-វៀតណាម បានទទួលមរណភាពនៅប្រទេសបារាំង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ ក៏មានទស្សនៈខ្វែងគ្នាក្នុងមជ្ឈដ្ឋានមហាជន។ អ្នកគាំទ្របក្សកាន់អំណាច មួយចំនួន បាន និយាយថា “បើតាហ្នឹងស្លាប់ទៅ នឹងអស់អ្នកជំទាស់រឿងព្រំដែន ព្រោះគាត់ចេះតែរិះគន់ឆ្កឹះឆ្កៀលគេ ធ្វើអីមិនកើត តែគាត់ កំសាកមិនហ៊ានចូលស្រុក នៅសំងំឯស្រុកបារាំង រហូត …”។

ទោះជាយ៉ាងណា លោកបណ្ឌិតផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចោញទស្សនៈប្រាប់ “នគរធំ” ថា “ជាវប្បធម៌របស់កម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខជាការសោកស្តាយមួយដល់គ្រួសារសព ទី១។ ចំណុចទី២ យើងឃើញថា ការបាត់បង់រូបលោកជាការបាត់បង់ធនធានមនុស្សរបស់កម្ពុជាដែរ លោកក៏បានបម្រើសង្គមខ្មែរ តាំងពីជំនាន់១៩៧០ មក ដល់៧៥ ប៉ុន្តែ ចំពោះការឱ្យតម្លៃលោកជាវីរជនព្រំដែន ខ្ញុំអត់យល់ស្របទេ”។

ដោយឡែកលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ “នគរធំ” ថា “ចិត្តគំនិតរបស់គាត់ (លោកស៊ាន ប៉េងសែ) គាត់ចង់រក្សាឯករាជ្យ អធិបតេយ្យជាតិ ទឹកដីកម្ពុជា ឱ្យនៅគង់វង្ស ប៉ុន្តែ មានចំណុចខ្លះហ្នឹង មិនអាច ទៅរួចទេ… វាពោរពេញទៅដោយនិន្នាការនយោបាយ…”។

ចំណែកពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស បាននិយាយស្របគ្នាថា “ស្តាយណាស់ ចំពោះមរណភាពនេះ ជាការបាត់បង់ អ្នកការពារបូរណភាពទឹកដីដ៏សំខាន់ម្នាក់ ពិបាករកអ្នកជំនួស”។

ការលើកឡើងនូវទស្សនៈខាងលើនេះ ចង់បង្ហាញថា សម្រាប់អ្នកចេះដឹងជ្រៅជ្រះ តែង “អហោសិកម្មឱ្យខ្មោច” ដូចការ លើកឡើងរបស់លោកសុខ ឥសាន និងលោកផៃ ស៊ីផាន មានខ្លឹមសារបង្កប់លក្ខណៈពុទ្ធនិយមសុទ្ធសាធ ដោយពួកលោក មិនចងកម្មពៀរជាមួយអ្នកធ្លាប់ប្រឆាំងរដ្ឋាភិបាលនោះទេ គ្រាន់តែមិនឱ្យតម្លៃលោកស៊ាន ប៉េងសែ ជាវីរជនប៉ុណ្ណោះ។ ផ្ទុយ ទៅវិញ អ្នកមិនសូវចេះពិចារណាតាម “បរមត្ថវិជ្ជា” ដឹងតែកំហឹងទល់កំហល់ ឬអាចនិយាយបានថា បើសិនជាដឹកសពលោក ស៊ាន ប៉េងសែ មកបញ្ចុះនៅស្រុកខ្មែរ ច្បាស់ជាមានអ្នកស្អប់ នាំគ្នាទៅជុះដាក់ផ្នូរ ដូចរឿង “ធនញ្ជ័យ” មិនខាន។

ទោះយ៉ាងណាក៏ដោយចុះ មាគ៌ាពុទ្ធនិយម តម្រូវឱ្យ “អហោសិកម្ម ប្រសើរជាងចងកម្ម” ពោលគឺបើលោកតាជំនាញព្រំដែន នោះអនិច្ចកម្មទៅហើយ គួរអនុមោទនាឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកឱ្យបានទៅយោនយកកំណើតក្នុងសុគតិភព ល្អជាង ប្រទេចផ្តាសា។ គួរយល់ថា មនុស្សគ្រប់រូបដែលកើតលើផែនដីនេះ គ្មានបុគ្គលណាមានជីវិតអមតៈនោះទេ ទោះជាមាន ប្ញទ្ធិចេស្តាបារមីខ្លាំងពូកែយ៉ាងណាក៏ “ប្ញទ្ធិមិនឈ្នះរោគ” ចៀសមិនផុតពីសេចក្តីស្លាប់ដូចៗគ្នា។ រឿងជេរគ្នាពាក់ព័ន្ធនឹងនយោបាយ គួរជេរតែអ្នកនៅរស់បានហើយ កុំជេរឆ្លងរាលដាល ឬជេរម្តាយកាយឪពុកអ្នកនយោបាយ នាំឱ្យប្រាសចាកពីមាគ៌ាពុទ្ធនិយម។ អាដុលហ៍ ហ៊ីត្លែរ មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ បានបញ្ជាកងទ័ពឱ្យសម្លាប់ជនជាតិជ្វីស រាប់លាននាក់ និងវាតយកមួយចំហៀង ទ្វីបអឺរ៉ុប គេជេរគាត់ កាលដែលគាត់នៅរស់ លុះមកដល់សព្វថ្ងៃ គេឈប់ជេរ ដោយគ្រាន់តែរំព្ញកអនុស្សាវរីយ៍ខ្លះៗ ប៉ុណ្ណោះ បើមានការសរសេរពីសង្គ្រាមលោកលើកទី២។ ប៉ុល ពត មេដឹកនាំរបបប្រល័យពូជសាសន៍ ប្រជាជនខ្មែរ ធ្លាប់ជេរ ដាក់បណ្តាសាគាត់ កាលនៅកាន់អំណាចពីឆ្នាំ១៩៧៥-១៩៧៩ ប៉ុន្តែសព្វថ្ងៃ គ្មានអ្នកណាជេរខ្មោចប៉ុល ពត ទៀតទេ គ្រាន់តែរំព្ញកខ្លះៗបើមានការ សរសេរទាក់ទងដល់របបគាត់។ ដូចគ្នានេះដែរ លោកសម សារី ឪពុកលោកសម រង្ស៊ី ស្លាប់ជាងកន្លះសតវត្សទៅហើយ បើចង់ជេរ គួរជេរតែលោកសម រង្ស៊ី បានហើយ កុំឆ្លងដល់លោកសម សារី ជាឪពុក នាំឱ្យប្រាសចាកពីមាគ៌ាពុទ្ធនិយម។

ឥឡូវលោកស៊ាន ប៉េងសែ សល់តែឈ្មោះប៉ុណ្ណោះ ឯរូបរាងកាយក្លាយទៅជាអដ្ឋិធាតុតម្កល់ក្នុងកោដ្ឋទៅហើយ គួរតែ “អហោសិកម្ម ប្រសើរជាងចងកម្ម”។ ដូចលើកឡើងខាងលើរួចហើយថា ជីវិតមនុស្សម្នាក់ៗ មិនអមតៈទេ សូម្បីសម្តេចឪ ព្រះបរមរតនកោដ្ឋ ក៏ធ្លាប់មានព្រះបរមរាជឱង្ការថា “មនុស្សមានអាយុពី៧០ឆ្នាំឡើងទៅ ត្រូវត្រៀមខ្លួនស្លាប់” ព្រះអង្គ ចង់ដាស់តឿនកូនចៅថា ចាប់ពីវ័យ៧០ឆ្នាំនេះទៅ ត្រូវព្យាយាមសន្សំសីលទាន ទុកជាយានទៅសុគតិភព ព្រោះបុគ្គលម្នាក់ៗ ចៀសទៅគាល់មច្ចុរាជមិនរួចទេ។ ព្រះរាជបន្ទូលនេះ ក៏ស្របតាមពុទ្ធភាសិត ដែលប្រែជាសម្រាយងាយយល់ថា “ស្រវឹង នឹងជីវិតភ្លេចងាប់ ស្រវឹងនឹងទ្រព្យភ្លេចខ្លួន” ដែលមានអត្ថន័យគ្រប់គ្រាន់មិនពិបាកយល់។

ការលើកលែងទោសឱ្យខ្មោច ឬអហោសិកម្មឱ្យអ្នកប្រឆាំង ជាគំរូដ៏ល្អបំផុតសម្រាប់អ្នកនយោបាយ។ លោកប៉ែន សុវណ្ណ ក៏ប្រឆាំងរដ្ឋាភិបាលដែរ ប៉ុន្តែ ពេលលោកស្លាប់ បែរជារដ្ឋាភិបាលអហោសិកម្ម ដោយចាត់មន្ត្រីជាន់ខ្ពស់ទៅបំពាក់គ្រឿង ឥស្សរិយយសជូនសពលោក មុនពេលធ្វើឈាបនកិច្ច គឺជាគំរូដ៏ល្អបំផុត។ អ៊ីចឹងលោកស៊ាន ប៉េងសែ ដែលធ្លាប់ប្រឆាំងជំទាស់ រឿងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នោះ មិនចាំបាច់ដល់ទៅបំពាក់គ្រឿងឥស្សរិយយស ជាកិច្ចបច្ឆាមរណៈនោះទេ ត្រឹមតែឈប់ជេរ ឈប់ដៀមដាមគាត់ទៅ ឈ្មោះថា “អហោសិកម្ម” ស្របតាមមាគ៌ាពុទ្ធនិយម។

“ចោរអង្គុលីមាល៍” ធ្លាប់សម្លាប់មនុស្ស៩៩៩នាក់ ត្រូវបានព្រះពុទ្ធអង្គ យាងទៅប្រោសរហូតបានសម្រេចព្រះអរហត្តផល រួចផុតពីបាបកម្មទាំងពួង ប៉ុន្តែពេលភិក្ខុអង្គុលីមាល៍ និមន្តទៅបិណ្ឌបាត នៅតែមានអ្នកស្រុកចងពៀរដេញគប់ដុំថ្ម ត្រូវព្រះសិរ (ក្បាល) ហូរឈាមសស្រាក់នោះ គឺមកពីអ្នកស្រុកមិនយល់ពី “អហោសិកម្ម” នេះឯង។ ករណីនេះ មកពីអ្នកស្រុករុំស្រោប ដោយលោភៈ ទោសៈ មោហៈ យកកំហឹងទល់កំហល់ នឹកស្មានថា ជីវិតមនុស្សអមតៈ។ នៅក្នុងគាថា “អាឡវក្ខយក្ខ” បានចារទុកថា “បញ្ញាជីវី ជីវិតមាហុសេដ្ឋំ” ប្រែថា “បញ្ញា ជាជីវិតប្រសើរក្រៃលែងជាងជីវិតទាំងពួងក្នុងលោកនេះ” បានសេចក្តីថា បើខ្វះប្រាជ្ញាត្រិះរិះ ពិចារណា នឹងមើលមិនឃើញពីផលវិបាកនៃជីវិត។ ការលើកលែងទោសឱ្យអ្នកប្រឆាំង ដែលសល់តែធាតុ១កញ្ចប់នោះ មានតម្លៃ ណាស់ តែបើព្យាយាមឈ្លោះជាមួយខ្មោច មិនបានផលចំណេញអ្វីទេ។ សារជាតិរបស់អ្នកប្រឆាំង ទោះជាស្លាប់មេ ក៏នៅកូន អស់ពីកូន នៅចៅ ដូចចាប់មេចៃ ញេចចោល ក៏នៅសល់ពងចៃ ញាស់ខាំក្បាលមនុស្ស មិនឈប់។ ដូច្នេះទោះជាអស់ពីលោក ស៊ាន ប៉េងសែ ក៏នៅមានសហការីគាត់បន្តវេនកិច្ចការព្រំដែនទៀត អ៊ីចឹងបើអ្នកគាំទ្របក្សកាន់អំណាច “អហោសិកម្មជូនសព លោកស៊ាន ប៉េងសែ” អាចធ្វើឱ្យចលនាប្រឆាំងនោះចុះខ្សោយក្រោមឥទ្ធិពល មេត្តា ធម៌ តាមមាគ៌ាពុទ្ធនិយម។

សរុបទៅ “អហោសិកម្ម ប្រសើរជាងចងកម្ម” ចង់បង្ហាញពីការមិនចងពៀរគ្នា ជាផ្លូវនាំទៅរកសុខសន្តិភាព។ ហេតុនេះបុគ្គល ទាំងឡាយគួរឈ្លោះជាមួយមនុស្សនៅរស់ដូចគ្នាបានហើយ កុំឈ្លោះជាមួយខ្មោច ហើយបើអាចដង្ហែគ្រឿងឥស្សរិយយស ទៅបំពាក់ ឱ្យសព ដូចកាលធ្វើជាមួយសពលោកប៉ែន សុវណ្ណ ចាត់ទុកជាកាយវិការឧត្តុង្គឧត្តម ដើរតាមមាគ៌ាពុទ្ធនិយម៕

ដោយ អាចារ្យថាំ

RELATED ARTICLES