ភ្នំពេញ ៖ យុវជនម្នាក់កំពុងដើរតាមផ្លូវសុខៗតែម្នាក់ឯង ស្រាប់តែត្រូវក្មេងទំនើងមួយក្រុម មានគ្នាប្រមាណ៥នាក់ បានជិះម៉ូតូមកព្រួតគ្នាវ៉ៃ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខវត្តបុទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
យុវជនរងគ្រោះដែលត្រូវក្រុមក្មេងទំនើងព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកក្រុមជនដៃដល់ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា ព្រោះក្រោយពេលកើតហេតុ នាំគ្នាឡើងជិះមូ់តូរត់គេចខ្លួនបាត់ស្រមោលអស់។
តាមប្រភពពីអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោងប្រមាណ៧យប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញយុវជនរងគ្រោះខាងលើ បានដើរតែម្នាក់ឯង នៅចំណុចមុខវត្តបុទុមវត្តី លុះបន្តិចក្រោយមក ក៏លេចមុខក្រុមក្មេងទំនើង មានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក និងស្លាកលេខ បានជិះមកឈប់ក្បែរជនរងគ្រោះ រួចចុះពីលើម៉ូតូព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយពីបង្កហេតុរួចហើយ ក្រុមក្មេងទំនើងទាំងនោះ បាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់ ដោយបន្សល់ទុកជនរងគ្រោះដេកដួលលើសួនច្បារខាងមុខវត្តបុទុមវត្តី។
បន្ទាប់ពីចុះអន្តរាគមន៍ដល់ទីតាំងហេតុ សមត្ថកិច្ចបានជួយដឹកបញ្ជូនជនរងគ្រោះខាងលើ ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស និងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនបង្ក នាំយកមកផ្តន្ទាទោសតាមច្បាប់៕