ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ ស្ថិតក្នុងអាការៈស្រវឹងជោកជាំ និយាយស្តាប់គ្នាលែងបាន បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃក ដាក់គ្នាកណ្តាលផ្លូវ លុះខាងប្រុសហៅឱ្យត្រឡប់ទៅផ្ទះវិញមិនព្រម គិតតែចង់ដើរតាមផ្លូវទៅមុខទៀត ក៏ចាប់ផ្តួលខាងស្រីលើដី រួចឡើងជិះពីលើ ដើម្បីឃាត់កុំឱ្យស្រីស្នេហ៍រត់ទៅណា រត់ចាំក្រុមគ្រួសារមកទទួល។
ហេតុការណ៍គូស្នេហ៍ផ្ទុះជំលោះកណ្តាលផ្លូវ រហូតដល់ថ្នាក់ប្រុសឡើងជិះស្រី ដូចជិះសេះនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចមុខឱសថស្ថាន ហ្វាម៉ាត ជាប់របងមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
គូស្នេហ៍ដែលផ្ទុះជំលោះ រហូតដល់មានការប្រតាយប្រតប់គ្នាផ្អើលពេញផ្លូវនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ ខាងស្រីមានវ័យប្រមាណជាង២០ឆ្នាំ រ៉ូបពណ៌ខ្មៅត្រឹមគល់ភ្លៅ ចំណែកខាងប្រុសមានអាយុប្រមាណ៣០ឆ្នាំ មានមាឌធំ ស្លៀកខោពណ៌ខ្លាញ់ក្តាម ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍ខាងលើ ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវព្រះមុនីវង្ស លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ មិនដឹងជាអ្នកទាំងពីរមានបញ្ហាអ្វីនឹងគ្នា ក៏ស្រាប់តែឈប់ម៉ូតូ រួចចុះមកឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ធ្វើឱ្យផ្អើលដល់អ្នកដំណើរចោមរោមមើល។
បន្ទាប់មកគេឃើញភាគីខាងស្រី ចេះតែព្យាយាមចង់ដើរដោយថ្មើរជើង ចំណែកភាគីខាងប្រុស បានព្យាយាមឃាត់ ដោយចាប់ឱបខាងស្រីជាប់ផ្ទប់នឹងជញ្ជាំងខាងមុខឱសថស្ថានហ្វាម៉ាត មិនឱ្យខាងស្រីដើរទៅណា រួចក៏ដកទូរស័ព្ទខលទៅរកបងប្រុសរបស់នារីជាសង្សារ ដើម្បីឱ្យមកទទួលយកនាងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែខាងស្រីមិនព្រមឱ្យខាងប្រុសខលទៅនោះទេ ដោយបានជេរខាងប្រុសយ៉ាងចាស់ដៃ និងចេះតែជម្នះចង់ដើរចេញ រហូតដល់ខាងប្រុសឃាត់មិនស្តាប់ ក៏ចាប់ផ្តួលខាងស្រីឱ្យដេកនៅលើផ្លូវ រួចឡើងជិះពីលើ កុំឱ្យខាងស្រី ត្រដររួច ហើយក៏ទូរស័ព្ទហៅសាច់ញាតិឱ្យមកទទួល ធ្វើឱ្យអ្នកចោមរោមមើលហេតុការណ៍ ខ្លាចកើតមានអំពើហិង្សាធ្ងន់ធ្ងរ ក៏ទាក់ទងសុំអន្តរាគមន៍ពីកម្លាំងអាវុហត្ថខណ្ឌដូនពេញចុះមកជួយអន្តរាគមន៍។
ក្រោយកើតហេតុ កម្លាំងអាវុធហត្ថ បានចុះអន្តរាគមន៍ និងជួយសម្របសម្រួលឱ្យភាគីទាំងពីរ ឈប់ឈ្លោះគ្នា និងឱ្យត្រឡប់ទៅផ្ទះវិញរៀងខ្លួន ចៀសវាងបង្កបញ្ហាភ្ញាក់ផ្អើលនៅតាមផ្លូវបែបនេះ៕