ភ្នំពេញ ៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ បានធ្វើសកម្មភាពប្រមាថថ្នាក់ដឹកនាំតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទីបំផុតត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៧ និង៣៥នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទប្រមាថថ្នាក់ដឹកនាំតាមហ្វេសប៊ុក មានឈ្មោះកែវ សារ៉ាវុធ ហៅម៉ាន់ អាយុ៤០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។
លោកទៀង ច័ន្ទសា អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះកែវ សារ៉ាវុធ ហៅម៉ាន់ ត្រូវបានសមត្ថកិច្ចរបស់លោក សហការជាមួយកម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ហៅមកសួរនាំ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ រួចក៏ឈានទៅដល់ការឃាត់ខ្លួនតែម្តង។
យ៉ាងណាក្តី លោកអធិការមិនទាន់អាចបញ្ជាក់បាននៅឡើយថា តើជនសង្ស័យរូបនេះប្រមាថថ្នាក់ដឹកនាំក្នុងករណីអ្វីនៅឡើយទេ ដោយសារតែខាងនគរបាលក្រសួងមហាផ្ទៃចុះមកសហការនិងជាម្ចាស់ករណី។
ក្រោយការឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការបន្តតាមនីតិវិធី៕