ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏បានមករករឿងអុកឡុកពេញផ្ទះ រហូតដល់ក្រុមគ្រួសារទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ លុះលោកមេប៉ុស្តិ៍ដឹកនាំកម្លាំងចុះមកដល់ ក៏ធ្វើឱ្យជនកំណាចខាងលើផ្ទុះកំហឹងទាញកាំបិតស្ទុះដេញកាប់លោកមេប៉ុស្តិ៍ទាំងកំរោល បណ្តាលឱ្យដាច់កដៃម្ខាងរងរបួសធ្ងន់។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋព័ទ្ធដេញចាប់ខ្លួនបាន និងបញ្ចោញកំហឹងម្នាក់មួយដៃមួយជើង ធ្វើឱ្យបែកមុខមាត់មើលលែងចង់ស្គាល់។
ហេតុការណ៍បុរសបែកថ្នាំ កាប់លោកមេប៉ុស្តិ៍ដាច់កដៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ជនសង្ស័យចិត្តកំណាច ដែលកាប់លោកមេប៉ុស្តិ៍ព្រែកព្នៅ ដាច់កដៃម្ខាងនេះ មានឈ្មោះអំ ដាលីន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះ មានឈ្មោះអ៊ឹម រិទ្ធី អាយុ៣៦ឆ្នាំ ជានាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកព្នៅ មានលំនៅក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រងរបួសដាច់កដៃខាងឆ្វេង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យឈ្មោះអំ ដាលីន រូបនេះ គឺជាមនុស្សញៀនថ្នាំម្នាក់ និងតែងបង្កបញ្ហាក្នុងរង្វង់គ្រួសារមិនឈប់ ទើបក្រុមគ្រួសារសម្រេចចិត្តបញ្ជូនទៅមណ្ឌលកែប្រែ ដើម្បីផ្តាច់ថ្នាំញៀន កែខ្លួនធ្វើជាមនុស្សល្អត្រឹមត្រូវឡើងវិញ។ លុះអំឡុងពេលដែលបញ្ជូនជនសង្ស័យទៅកាន់មណ្ឌលកែប្រែនោះ ជនសង្ស័យបានប្រើល្បិចធ្វើជាឈឺ ឱ្យគេបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែជននេះឆ្លៀតឱកាសរត់គេចខ្លួនបាត់។
ប្រភពដដែលបន្តថា រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យមិនដឹងជាទើបនឹងជក់ថ្នាំញៀនពីកន្លែងណាមកទេ ណាមួយខឹងនឹងរឿងក្រុមគ្រួសារបញ្ជូនទៅមណ្ឌលកែប្រែផង ក៏បានត្រឡប់មករករឿងអុកឡុកពេញផ្ទះ រហូតធ្វើឱ្យក្រុមគ្រួសារទ្រាំមិនបាន ក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីឱ្យចុះមកជួយអន្តរាគមន៍។ លុះបន្តិចក្រោយមក កម្លាំងនគរបាលដឹកនាំដោយលោកនាយប៉ុស្តិ៍ស្តីទី ឈ្មោះអ៊ឹម រិទ្ធី បានចុះមកដល់ផ្ទះជនសង្ស័យ ស្រាប់តែភ្លាមនោះ ជនសង្ស័យឃើញសមត្ថកិច្ចមកដល់ ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង រួចក៏ស្ទុះទៅទាញកាំបិតដេញកាប់លោកនាយប៉ុស្តិ៍ បណ្តាលឱ្យដាច់កដៃម្ខាងរងរបួសធ្ងន់តែម្តង។
ក្រោយពីកាប់លោកនាយប៉ុស្តិ៍ដាច់កដៃហើយ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែភ្លាមនោះ កម្លាំងសមត្ថកិច្ច រួមនឹងប្រជាពលរដ្ឋបានព័ទ្ធដេញចាប់ជនសង្ស័យបាន ហើយដោយសារតែប្រជាពលរដ្ឋដឹងរឿងថា ជនកំណាចរូបនេះ បនាកាប់លោកនាយប៉ុស្តិ៍ដាច់កដៃផងនោះ ក៏ផ្ទុះកំហឹងចោមរោមវាយដំជនសង្ស័យ រហូតដល់បែកមុខមាត់ស្ទើរមើលលែងស្គាល់តែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕