Wednesday, October 8, 2025
Homeព័ត៌មានជាតិថ្ងៃសិទ្ធិនារី!!! ប្រពន្ធហៅពេលផឹកសុី មកដល់ផ្ទះកើតជម្លោះ ប្តីរត់ទៅចងកសម្លាប់ខ្លួន

ថ្ងៃសិទ្ធិនារី!!! ប្រពន្ធហៅពេលផឹកសុី មកដល់ផ្ទះកើតជម្លោះ ប្តីរត់ទៅចងកសម្លាប់ខ្លួន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់កំពុងអង្គុយផឹកស៊ីនៅផ្ទះមិត្តភក្តិ ស្រាប់តែប្រពន្ធបានតាមមកហៅតឿនបង្ខំឱ្យត្រឡប់ទៅផ្ទះវិញ លុះមកដល់ផ្ទះក៏កើតជាជម្លោះពាក្យសម្តី និងត្រូវប្រពន្ធស្តីបន្ទោសពីរឿងដើរផឹកស៊ី ទើបធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូង ក៏ដើរចេញពីផ្ទះឡើងទៅចងកសម្លាប់ខ្លួននៅលើដើមអាកាស្យា បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីប្តីតូចចិត្តប្រពន្ធស្តីបន្ទោស បែរជាចងកសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដើមអាកាស្យាមួយកន្លែង ស្ថិតនៅចំងាយពីភូមិប្រមាណ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក ស្រុកព្រៃនប់។

បុរសគំនិតខ្លីដែលតូចចិត្តរឿងប្រពន្ធស្តីបន្ទោស ក៏ដាច់ចិត្តចងកធ្វើអត្តឃាតនោះ មានឈ្មោះដោក ច័ន្ច អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយជួបជុំមិត្តភក្តិ និងអ្នកភូមិផឹកស្រា រហូតដល់ក្បាលព្រលប់ក៏លេចមុខស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានដើរទៅតាមហៅប្តីដែលកំពុងអង្គុយផឹកស៊ី និងចេះតែតឿនបង្ខំប្តីឱ្យត្រឡប់ទៅផ្ទះវិញ ទាំងកណ្តាលចំណោមមិត្តភក្តិរួមវង់ផឹក រហូតធ្វើឱ្យបុរសជាប្តីខ្មាសគេពេក ក៏ដើរត្រឡប់ទៅផ្ទះវិញជាមួយប្រពន្ធ។ លុះទៅដល់ផ្ទះ ប្តីប្រពន្ធអ្នកទាំងពីរ ក៏បានកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ដោយស្ត្រីជាប្រពន្ធបានស្តីបន្ទោសបុរសជាប្តីពីរឿង ដើរផឹកស្រា មិនគិតដល់ប្រពន្ធកូន។

ប្រភពដដែលបន្តថា បន្ទាប់ពីប្រពន្ធស្តីបន្ទោសរួច បុរសរងគ្រោះជាប្តីដែលកំពុងផឹកស្រាស្រវឹងខ្លាំងផង ក៏តូចចិត្តដើរចេញពីផ្ទះបាត់ទៅ រហូតដល់យប់ជ្រៅមិនទាន់ឃើញប្តីត្រឡប់មកផ្ទះ ទើបស្ត្រីជាប្រពន្ធបានដើរតាមរករហូតប្រទះឃើញប្តីបានចងកស្លាប់បាត់ទៅហើយ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីនាងបានចេញទៅផឹកស៊ីនៅផ្ទះអ្នកភូមិបាត់ ទើបនាងបានដើរទៅតាមហៅប្តីឱ្យមកផ្ទះវិញ ស្រាប់តែមកដល់ផ្ទះប្តី ក៏កើតមានជម្លោះជាមួយនាងជាប្រពន្ធយ៉ាងខ្លាំង ទើបនាងទ្រាំមិនបាន ក៏ស្តីបន្ទោសប្តី ២-៣ម៉ាងទៅ ស្រាប់តែប្តីខឹងក៏ដើរចេញពីផ្ទះបាត់ លុះយប់ឡើង នាងដើរតាមរក ក៏ប្រទះឃើញប្តីចងកសម្លាប់ខ្លួននៅលើដើមអាកាស្យាតែម្តង ធ្វើឱ្យនាងភ័យឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES