ខេត្តតាកែវ ៖ កូនប្រុសអកតញ្ញូម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត បានមកជំរិតទារលុយពីឪពុកម្តាយ លុះឪពុកម្តាយប្រាប់ថា គ្មានលុយទេ ស្រាប់តែផ្ទុះកំហឹងស្ទុះទៅទាញកាំបិតកញ្ចែត ដេញកាប់ឪពុក រួចគំរាមសម្លាប់ម្តាយ ធ្វើឱ្យឪពុកម្តាយទ្រាំលែងបាន ក៏សម្រេចរត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ចាប់ខ្លួនកូនប្រុសចិត្តកំណាចយកទៅចាត់ការតាមច្បាប់។
ករណីហិង្សា កូនប្រុសទាញកាំបិតដេញកាប់ឪពុក រួចគំរាមសម្លាប់ទាំងម្តាយទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់។
ជនសង្ស័យជាកូនប្រុសរមិលគុណ ហ៊ានដេញកាប់សម្លាប់ឪពុកម្តាយបង្កើតដោយមិនខ្លាចបុណ្យបាបអ្វីសោះនេះ មានឈ្មោះហៀង រ៉ាវី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមសម្តីជនរងគ្រោះជាឪពុកម្តាយរបស់ជនបង្ក បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់ពួកគាត់គាត់ម្នាក់នេះ (ជនបង្ក) ជាមនុស្សគ្មានការងារអ្វីធ្វើទេ មួយថ្ងៃៗដើរទាត់ខ្យល់ ដើរលេងប៉ោឡែ សេពគប់មិត្តភក្តិសុទ្ធតែជាក្រុមបងតូចបងធំប្រចាំភូមិ តែងជុំគ្នាផឹកស៊ីស្រវឹងអួទីនួរាល់ថ្ងៃ និងថែមទាំងនាំគ្នាប្រើប្រាស់ថ្នាំញៀនទៀតផង ទោះជាពួកគាត់ជាឪពុកម្តាយប្រឹងអប់រំប្រដៅ អូសទាញយ៉ាងណា ក៏កូនប្រុសនេះមិនខ្ចីយកត្រចៀកស្តាប់បន្តិចិណាសោះ។
ឪពុកម្តាយជនបង្ក បានបន្តថា នៅមុនពេលកើតហេតុ កូនប្រុសនេះមិនដឹងជាទើបនឹងមកពីផឹកស៊ីស្រវឹង និងជក់ថ្នាំញៀនជាមួយអ្នកណាទេ ស្រាប់តែចូលដល់ផ្ទះ ក៏បានរករឿងឈ្លោះប្រកែក ទារលុយពីពួកគាត់បំណងយកទៅទិញថ្នាំញៀនជក់បន្តទៀត តែពួកគាត់បានប្រាប់វិញថា អត់មានលុយទេ ស្រាប់តែកូនប្រុសកំណាចរូបនេះ ខឹងច្រឡោតតោតតូង ជេរដៀលត្មិះពួកគាត់ជាឪពុកម្តាយកប់ៗមាត់ រួចក៏ស្ទុះទៅទាញកាំបិតកញ្ចែត ដេញកាប់ឪពុកបង្កើតរបស់ខ្លួន រួចគំរាមសម្លាប់ទាំងម្តាយបង្កើតចោលទៀត លុះពួកគាត់រត់គេចខ្លួនទាន់ ក៏ធ្វើឱ្យកូនប្រុសកាន់តែខឹងសម្បា វ៉ៃបំផ្លាញទ្រព្យរបស់ក្នុងផ្ទះខ្ទេចខ្ទីអស់ ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយទ្រាំមិនបាននឹងទង្វើឃោរឃៅរបស់កូនប្រុស ណាមួយភ័យខ្លាចកូនប្រុសកាប់ស្លាប់ផង ក៏នាំគ្នារត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះទាំង២នាក់ខាងលើរួចមក សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនបង្កខាងលើនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី៕