Wednesday, October 8, 2025
Homeព័ត៌មានជាតិជួលត្រាក់ទ័រមកភ្ជួរស្រែ ដូចមកឱ្យកិន​កូនអាយុ៥ឆ្នាំ ខ្ទេចក្បាលស្លាប់

ជួលត្រាក់ទ័រមកភ្ជួរស្រែ ដូចមកឱ្យកិន​កូនអាយុ៥ឆ្នាំ ខ្ទេចក្បាលស្លាប់

ខេត្តពោធិ៍សាត់ ៖ បុរសប្រជាកសិករម្នាក់ បានជួលត្រាក់ទ័រឱ្យមកភ្ជួរស្រែរបស់ខ្លួន រៀបចំដាំដុះ តែដោយសារអ្នកបើកបរត្រាក់ទ័រភ្ជួរដី ខ្វះការប្រុងប្រយ័ត្ន មិនមើលមុខក្រោយឱ្យបានច្បាស់ ក៏កិនកូនប្រុសម្ចាស់ដីស្រែ ដែលទើបមានអាយុ៥ឆ្នាំ ខ្ទេចក្បាល បណ្តាលឱ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងគួរឱ្យរន្ធត់ជាទីបំផុត។

ករណីត្រាក់ទ័រភ្ជួរដី កិនក្មេងប្រុសស្លាប់នេះ បានកើតឡើងនៅម៉ោង១២និង៣០នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវឫស្សី ឃុំកញ្ជ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ឪពុកកុមារជនរងគ្រោះបានជួលត្រាក់ទ័រ មកឱ្យភ្ជួរដីស្រែក្រោមរបស់ខ្លួន ចំនួន៣គ្រឿង ពេលនោះបុរសជាឪពុកបានយកកូន (កុមាររងគ្រោះ) ទៅជាមួយដែរ ដោយយកទៅដាក់ចោលឱ្យអង្គុយម្នាក់ឯងក្នុងព្រៃកំពោតស្រែ ដែលត្រាក់ទរ័កំពុងភ្ជួរ។ បន្ទាប់មកឪពុកកុមាររងគ្រោះបានដើរទៅបង្ហាញព្រំប្រទល់ដីស្រែរបស់ខ្លួនដែលត្រូវភ្ជួរ ក្រោយពេលភ្ជួររួច ឪពុកកុមាររងគ្រោះបាននិយាយលេងជាមួយម្ចាស់ ត្រាក់ទ័រប្រហែល២០នាទី។ បន្ទាប់មកក៏ដើរទៅរកយកកូនដែលទុកចោលក្នុងកម្ពោតព្រៃ ស្រាប់តែពេលទៅដល់ ឃើញកូនរបស់ខ្លួនត្រូវត្រាក់ទ័រកិនខ្ទេចក្បាលស្លាប់បាត់ទៅហើយ ធ្វើឱ្យរន្ធត់ចិត្តក្តុកក្តួលជាខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើល ទើបឪពុកបីសពរបស់កូនយកត្រឡប់មកផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងមានករណីក្មេងប្រុសត្រូវត្រាក់ទ័រកិនស្លាប់ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យសពកុមាររងគ្រោះដល់លំនៅឋាន និងបន្តទៅពិនិត្យដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា កុមាររងគ្រោះពិតជាត្រូវត្រាក់ទ័របើកកិនស្លាប់មែន។ បន្ទាប់មក ក៏បានប្រគល់សពកុមាររងគ្រោះឱ្យឪពុកម្តាយរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីនេះសមត្ថកិច្ចមិនទាន់មានចំណាត់ការនៅឡើយទេ ព្រោះឪពុកម្តាយកុមាររងគ្រោះកំពុងរវល់រៀបចំធ្វើបុណ្យសពជូនកូនប្រុស មិនទាន់មកដាក់ពាក្យបណ្តឹងនៅឡើយ៕

RELATED ARTICLES