ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ក្រោយពីរួមរស់ជាមួយប្រពន្ធអស់រយៈពេល៤ឆ្នាំមក ក៏កេតិមានភាពរកាំរកូស រហូតឈានដល់ការលែងលះចែកផ្លូវគ្នាដែរ ស្រាប់តែក្រោយមកបុរសជាប្តីបែកគំនិតលួចយកឡានប្រពន្ធពីភ្នំពេញ រួចទៅសម្ងំលាក់ខ្លួនរួមរស់ជាមួយួនឹងស្រីថ្មី នៅក្រុងប៉ោយប៉ែត ទើបធ្វើឱ្យស្ត្រីជាម្តាយក្មេកដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថ ជួយអន្តរាគមន៍ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាកូនប្រសារ យកទៅចាត់ការតាមច្បាប់។
ករណីម៉ែក្មេកប្តឹងកូនប្រសារលួចឡាននេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាកូនប្រសារបាន កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះអួង គឹមអេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិសង្កាត់ដែលកម្លាំងអាវុធហត្ថចុះឃាត់ខ្លួន។ ចំណែកស្ត្រីជាម្តាយក្មេកជនសង្ស័យ និងជាដើមបណ្តឹង មានឈ្មោះឈឹម ធី អាយុ៤៥ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះឈឹម ធី បានធ្វើការចោទប្រកាន់ទៅលើឈ្មោះអួង គឹមអេង ថាបានលួចរថយន្ត១គ្រឿង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីផ្ទះរបស់ប្រពន្ធជនសង្ស័យនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកមេបញ្ជាការ បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ និងដោយអនុលោមទៅតាមការណែនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះអួង គឹមអេង នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំអំពីអង្គហេតុ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះថា ជនសង្ស័យឈ្មោះអួង គឹមអេង បានរៀបការជាមួយកូនស្រីរបស់គាត់ ឈ្មោះម៉ៅ ដា អាយុ២៦ឆ្នាំ តាំងពីឆ្នាំ២០១៤មកម៉្លេះ។ ក្រោយពេលរៀបការរួច ដោយមើលឃើញពីស្ថានភាពជីវភាពរបស់កូនស្រី និងកូនប្រសារមានភាពលំបាក ទើបគាត់បានសម្រេចចិត្តទិញរថយន្តម៉ាក KIA TOWNER ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AH-1370 ចំនួន១គ្រឿង ដើម្បីឱ្យកូនប្រសារ (ជនសង្ស័យ) យកទៅប្រកបអាជីវកម្មដើម្បីចិញ្ចឹមគ្រួសារ។
ក្រោយពីមានមុខរបររកស៊ីត្រឹមត្រូវហើយ កូនស្រីរបស់គាត់និងកូនប្រសារ (ជនសង្ស័យ) ក៏បែរជាមានការប្រេះឆា មិនចុះសម្រុងនឹងគ្នា ហើយក៏បែកផ្លូវគ្នារៀងខ្លួន ដោយមិនបានធ្វើលិខិតលែងលះអ្វីនោះទេ។ រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យបានលបចូលមកផ្ទះកូនស្រីរបស់គាត់ ខណៈដែលកូនស្រីមិននៅផ្ទះ ហើយបានលួចយករថយន្តខាងលើ បើកគេចខ្លួនបាត់តែម្តង ហើយបិទទូរស័ព្ទមិនឱ្យទំនាក់ទំនងសួរនាំបានទៀតផង។ រហូតមកទល់បច្ចុប្បន្ន ទើបបានទទួលដំណឹងថា ជនសង្ស័យបានគេចខ្លួនមករស់នៅក្រុងប៉ោយប៉ែត ហើយថែមទាំងមានប្រពន្ធថ្មីទៀតផង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រថយន្តខាងលើ គឺខ្លួនបានទិញពីជនរងគ្រោះជាម្តាយក្មេក (គ្មានភស្តុតាងបញ្ជាក់) ហើយបានបើកបរមកលាក់ទុកនៅផ្ទះតារបស់ខ្លួន (ជនសង្ស័យ) នៅខេត្តពោធិ៍សាត់ ដោយមិនបានផ្តល់ដំណឹងឱ្យប្រពន្ធ និងម្តាយក្មេកដឹងទេ ព្រោះខ្លាចម្តាយក្មេករឹបអូសយករថយន្តពីខ្លួនវិញ ហើយបានគេចមកលាក់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត និងបានយកប្រពន្ធថ្មីទៀតផង។
ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ក្រោយស្តាប់ការបំភ្លឺរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នាលើអង្គហេតុ និងបង្ហាញពីតម្រុយនៃបទល្មើស ដូច្នេះជនសង្ស័យអាចត្រូវចោទប្រកាន់ពីបទប្រព្រឹត្តអំពើលួច (រថយន្ត) និងត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕