Wednesday, October 8, 2025
Homeព័ត៌មានជាតិបុរសជនជាតិលោតពីលើខុនដូជាន់ទី៦ស្លាប់ មិនទាន់ដឹងមូលហេតុពិតប្រាកដ

បុរសជនជាតិលោតពីលើខុនដូជាន់ទី៦ស្លាប់ មិនទាន់ដឹងមូលហេតុពិតប្រាកដ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញធ្លាក់ពីអគារខុនដូមួយកន្លែង មកចំពីលើដំបូលរ៉ឺម៉កម៉ូតូកង់៣ មួយគ្រឿង បណ្តាលឱ្យបាក់ដំបូលកៀបជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១១១ សង្កាត់បឹងព្រលឹង ខណ្ឌ៧មករា។

បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថាជាជនជាតិចិន មានវ័យប្រមាណជាង៣០ឆ្នាំ ហើយក៏មិនទាន់មានការសន្និដ្ឋានច្បាស់លាស់ថា តើនេះជាករណីអត្តឃាត ឬជាអំពើឃាតកម្មនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅសុខៗស្រាប់តែមានមនុស្សធ្លាក់ពីលើអគារខុនដូ មកទើរលើដំបូលរ៉ឺម៉កម៉ូតូកង់៣ ស្លាប់ភ្លាមៗគួរឱ្យរន្ធត់។ ធ្វើឱ្យអ្នកដំណើរឆ្លងកាត់កន្លែងកើតហេតុ ពិសេសម្ចាស់រ៉ឺម៉កម៉ូតូកង់៣ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យភ្លាមៗដែរ ប៉ុន្តែអ្វីដែលជាចម្ងល់នោះ នៅត្រង់ថា តើជនរងគ្រោះធ្លាក់ចេញពីអគារខុនដូមួយណាឱ្យពិតប្រាកដ ព្រោះនៅកន្លែងកើតហេតុមានខុនដូដល់ទៅ២ ដោយទី១-អគារខុនដូ យីហោ វី និងទី២-អគារខុនដូ យីហោ ភៀល។ យ៉ាងណា តំណាងអគារខុនដូទាំង២ បានព្យាយាមបដិសេធរៀងៗខ្លួនថា ជនរងគ្រោះមិនបានស្នាក់នៅក្នុងអគារខុនដូរបស់ខ្លួនឡើយ។

បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌ៧មករា បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះជនជាតិចិនខាងលើនេះ បានធ្លាក់ពីលើអគារខុនដូឈ្មោះវី។ តែយ៉ាងណា នៅមិនទាន់ដឹងថា មូលហេតុអ្វីបានជាជនរងគ្រោះកើតមានហេតុការណ៍នេះទេ តើជនរងគ្រោះលោតសម្លាប់ខ្លួន ឬក៏ត្រូវគេចាប់ទម្លាក់ ហេតុនេះត្រូវរង់ចាំការស្រាវជ្រាវបន្តទៀត។

តាមប្រភពពីសមត្ថកិច្ចដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុ បានបញ្ជាក់ឱ្យដឹងថា ម្ចាស់ខុនដូទាំង២ មិនបានសហការជាមួយសមត្ថកិច្ចឡើយ ទើបបណ្តាលឱ្យមានការអូសបន្លាយពេលស្រាវជ្រាវជាច្រើនម៉ោងបែបនេះ។

ពាក់ព័ន្ធបញ្ហានេះលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា និងលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ប្រចាំខណ្ឌ៧មករា បានថ្លែងស្រដៀងគ្នាថា មកដល់ពេលនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវនៅឡើយ ដូច្នេះពួកលោកមិនទាន់អាចបញ្ជាក់អ្វីលើសពីនេះបានឡើយ រង់ចាំលទ្ធផលនៃស្រាវជ្រាវសិន៕

RELATED ARTICLES