Saturday, February 1, 2025
Homeសន្ដិសុខសង្គមទំនាស់ពាក្យសម្តីជាមួយប្រពន្ធ! ប្តីស្រវឹងដកកាំភ្លើង បាញ់៥គ្រាប់

ទំនាស់ពាក្យសម្តីជាមួយប្រពន្ធ! ប្តីស្រវឹងដកកាំភ្លើង បាញ់៥គ្រាប់

ខេត្តសៀមរាប ៖ បុរសជាមន្ត្រីនគរបាលម្នាក់ បាននាំប្រពន្ធរបស់ខ្លួនចូលទៅហូបចុកនៅក្នុងផ្សារកុងតឺន័រ លុះពេលកំពុងហូបចុកសប្បាយ មិនដឹងជាមានទំនាស់អ្វីជាមួយប្រពន្ធ ស្រាប់តែបុរសជាប្តីចិត្តខ្លាំង បានដកកាំភ្លើងខ្លីពីចង្កេះបាញ់មេឃចំនួន២គ្រាប់ធ្វើឱ្យផ្អើលទាំងកណ្តាលយប់ លុះជិះម៉ូតូដឹកប្រពន្ធត្រឡប់មកផ្ទះវិញ ទំនងជាមិនទាន់បាត់ក្តៅចិត្ត ក៏បាញ់តាមផ្លូវបន្ថែម៣គ្រាប់ទៀត សរុប៥គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចាប់វ៉ៃខ្នោះនាំយកទៅសាកសួរទាំងយប់។

ករណីប្តីស្រវឹងខឹងប្រពន្ធដកកាំភ្លើងបាញ់មេឃ៥គ្រាប់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្សារកុងតឺន័រ (ស្តាតចាស់) ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់បោះសេរីពេលរាត្រី មានឈ្មោះតាន់ ភីរម្យ អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីនគរបាលផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ថា ពិតជាមានករណីផ្ទុះអាវុធមែន ដោយបុរសជាមន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ នៅផ្នែកចរាចណ៍ តែពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនខ្មាន់កាំភ្លើងរូបនោះហើយ និងកំពុងសាកសួរចម្លើយ។ យ៉ាងណាក្តី លោកស្នងការ មិនបានបញ្ជាក់អំពីមូលហេតុនៃការឈានដល់ផ្ទុះអាវុធខាងលើនេះឡើយ។

បើតាមប្រភពថាពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាខ្មាន់កាំភ្លើងខាងលើ ស្លៀកពាក់ឯកសណ្ឋានស៊ីវិល ជិះម៉ូតូស្កុបពី១គ្រឿង ដឹកប្រពន្ធបានចូលទៅហូបចុកនៅក្នុងផ្សារកុងតឺន័រ (ស្តាតចាស់) ទីតាំងកើតហេតុខាងលើ។ លុះពេលកំពុងហូបចុកសប្បាយ មិនដឹងជាមានបញ្ហាអ្វីជាមួយប្រពន្ធ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ឡើងទៅលើមេឃ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញផ្សារកុងតឺន័រ។

ប្រភពដដែលបន្តថា ក្រោយពីបាញ់២គ្រាប់ហើយ ជនសង្ស័យក៏បានជិះម៉ូតូដឹកប្រពន្ធចេញទៅផ្ទះវិញ ហើយពេលនោះ ក្រុមសន្តិសុខផ្សារកុងតឺន័រ បានតាមពីក្រោយ ទើបធ្វើឱ្យជនសង្ស័យកាន់តែខឹងសម្បា ក៏ដកកាំភ្លើងបាញ់បន្ថែមចំនួន៣គ្រាប់ទៀត ពេលទៅដល់ផ្ទះ ធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះឃាត់ខ្លួនបានភ្លាមៗ និងនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប៕

RELATED ARTICLES