Wednesday, October 8, 2025
Homeព័ត៌មានជាតិជាងកាត់សក់ជួបស្នេហ៍ខកបំណង ស្រីស្នេហ៍សុំបែក ផឹកស្រារាល់ថ្ងៃរហូតស្លាប់

ជាងកាត់សក់ជួបស្នេហ៍ខកបំណង ស្រីស្នេហ៍សុំបែក ផឹកស្រារាល់ថ្ងៃរហូតស្លាប់

ភ្នំពេញ ៖ យុវជនជាជាងកាត់សក់ម្នាក់ ទើបនឹងត្រូវស្រីស្នេហ៍សុំបែកចែកផ្លូវថ្មីៗ ធ្វើឱ្យឈឺចិត្តស្អិតទ្រូង ចេះតែមានទឹកមុខស្រពាប់ស្រពោន ផឹកស្រាស្រវឹងរាល់ថ្ងៃ ស្រាប់តែចុងក្រោយ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងហាងកាត់សក់របស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចហាងកាត់សក់យីហោ កាត់សក់សិរីមង្គល មានជ័យ មានទីតាំងស្ថិតនៅជាប់ផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះដែលដេកស្លាប់ក្នុងហាងកាត់សក់ មានឈ្មោះលេង ខេង អាយុ២៥ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅហាងកាត់សក់ ដែលជាទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិគគី ឃុំសាលាវិស័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពពីមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានមកប្រកបរបរបើកហាងកាត់សក់នៅកន្លែងកើតហេតុខាងលើមួយរយៈមកហើយ ហើយកន្លងមក ជនរងគ្រោះធ្លាប់មានស្រីស្នេហ៍ដែរ តែទើបប៉ុន្មានថ្ងៃចុងក្រោយនេះ មិនដឹងជាអ្នកទាំងពីរអាក់អន់ចិត្ត ឬកើតមានជម្លោះអ្វីនឹងគ្នា ក៏ស្រាប់តែភាគីនារីជាងសង្សារបានសុំបែកចែកផ្លូវ ផ្តាច់ទំនាក់ទំនងនឹងគ្នា ជាហេតុធ្វើឱ្យជនរងគ្រោះឈឺចិត្តស្អិតទ្រូងខ្លាំងណាស់ តែដើរផឹកស្រាបន្លប់ទុក្ខ ធ្វើឱ្យស្រវឹងសឹងរាល់ថ្ងៃ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារតែមិនឃើញជនរងគ្រោះបើកតូបកាត់សក់ដូចសព្វដង ទើបសួរនាំអ្នកជិតខាង ថាព្រឹកមិញឃើញជនរងគ្រោះបើកតូបកាត់សក់ទេ តែត្រូវអ្នកជិតខាងប្រាប់ថា ពេញមួយថ្ងៃនេះ មិនឃើញជនរងគ្រោះបើកតូបកាត់សក់ទេ ហើយក៏មិនឃើញចេញមកក្រៅដែរ។ ភ្លាមនោះ មិត្តភក្តិ រួមនឹងប្រជាពលរដ្ឋបាននាំគ្នាជួយទម្លាយទ្វារចូលទៅមើល ក៏ប្រទះឃើញជនរងគ្រោះ បានដេកស្លាប់បាត់ទៅហើយ ដោយស្លៀកតែខោខ្លីពណ៌ក្រហម១ជាប់ខ្លួនប៉ុណ្ណោះ និងមិនមានពាក់អាវនោះទេ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព មុននឹងប្រគល់សពទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES