ខេត្តព្រៃវែង ៖ ជនសង្ស័យជាមេចោរប្លន់ប្រដាប់អាវុធល្បីឈ្មោះម្នាក់ ដែលធ្លាប់ចេញធ្វើសកម្មភាពប្លន់យ៉ាងកក្រើក កាលពីរយៈពេលជិត១០ឆ្នាំមុន បានព្យាយាមរស់នៅលាក់ខ្លួនគេចពីការតាមប្រមាញ់របស់សមត្ថកិច្ចអស់រយៈពេល៩ឆ្នាំ ទីបំផុតអស់លក្ខណ៍ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃើញ ចាប់វាយខ្នោះ អូសកយកមកចាត់ការតាមច្បាប់។
ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យជាមេចោរប្លន់ប្រដាប់អាវុធខាងលើនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែងដែលជនសង្ស័យជួលស្នាក់នៅសម្ងំលាក់ខ្លួននៅចំណុចភូមិស្លែងរលើង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យជាមេចោរប្លន់ប្រដាប់អាវុធ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះស៊ូ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ទីតាំងដែលសមត្ថកិច្ចចុះឃាត់ខ្លួន និងមានស្រុកកំណើតនៅភូមិប្រស្តេច ឃុំចាម ស្រុកកំពង់ត្របែក។
លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ថា កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនមេចោរប្លន់ប្រដាប់អាវុធដ៏ល្បីម្នាក់ នៅចំណុចភូមិស្លែងរលើង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់មេចោរប្លន់រូបនេះ រត់គេចខ្លួនចេញពីខេត្តព្រៃវែង រយៈពេល៩ឆ្នាំមកហើយ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រៃវែង។ ដោយមេចោរប្លន់ប្រដាប់អាវុធរូបនោះ មានឈ្មោះ ស៊ូ ម៉ៅ ភេទប្រុសអាយុ៣៨ឆ្នាំ ស្រុកកំណើតនៅភូមិប្រស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ប្រព្រឹត្តបទល្មើសប្លន់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ចំណុចភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក។ ក្រោយធ្វើសកម្មភាពរួច ជនល្មើសនិងប្រពន្ធកូន បានគេចខ្លួនបាត់ពីមូលដ្ឋាន។ ក្រោយពីសមត្ថកិច្ចបានតាមប្រមាញ់អស់រយៈពេល៩ឆ្នាំ រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤ៈ៣០នាទីរសៀល ទើបចាប់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីបំពេញនីតិវិធី រួចបញ្ជូនទៅសាលា ដំបូងខេត្តព្រៃវែង ចាត់ការតាមច្បាប់៕